Thursday, August 30, 2012

មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត​ជិះ​សេះ​បង្ហាញខ្លួន​នៅ​លើ​សួនច្បារ​មុខ​វត្ត​ឧណ្ណាលោម​


ភ្នំពេញ ​៖ ​មេទ័ព​២​រូប​ដ៏​ល្បីល្បាញ​ខាង​សឹកសង្គ្រាម​នា​សតវត្ស​ទី​១៧ ​បាន​បង្ហាញ​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន​នៅមុខ​វត្ត​ឧណ្ណាលោម​នោះ​គឺ​រូបតំណាង​មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត ​ដោយ​រូប​សំណាក​នេះ​ត្រូវ​បាន​ស្ថាបនា​​ឡើង​ដោយ​ជិះ​សេះ​មាន​ស្ពាយ​ដាវ​នៅ​ជាប់​នឹង​ខ្លួន​។​ ការស្ថាបនា​នូវ​រូបសំណាក​មេទ័ព​ទាំង​២​នាក់​នេះ ​គឺ​ក្នុង​គោលបំណង​រំលឹក​ដល់​វីរភាព​ និង ទឹកចិត្ត​ក្លាហាន​នៃ​មេទ័ព​ទាំង​២ ​ក្នុង​ការ​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ​នា​សម័យ​កាលនោះ។

​ ​ក្រុម​វិចិត្រករ​ខ្មែរ​ដែល​កំពុង​ស្ថាបនា​នូវ​រូបសំណាក​ដ៏​ល្អ​ប្រណិត​នេះ​បាន​ឲ្យ​ដឹងថា រូបសំណាក​មេទ័ព​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុម​វិចិត្រករ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប ដោយ​ធ្វើឡើង​អំពី​ស្ពាន់ ​មាន​ទម្ងន់​ប្រមាណ​២​តោន​ប្រើប្រាស់​ពេលវេលា​នៃ​ការស្ថាបនា​រូបសំណាក​ទាំង​២​នេះ​អស់​រយៈពេល​៦​ខែ រួចមកហើយៗ ត្រូវបាន​យក​មក​តំឡើង​នា​ពេលនេះ​។ ចំណែក​ថ្ម​ទ្រ​រូបសំណាក​ទាំង​២​ដោយ​មានការ​ជិះ​សេះ​នេះ គឺ​ត្រូវបាន​នាំ​យក​មកពី​ភ្នំ​សន្ទុក ខេត្តកំពង់ធំ ដែលមាន​ទំហំ​១​ដុំ​ធំ​និង​មាន​ទម្ងន់​រហូតដល់​ជាង​៣០​តោន​។​

​ ​លោក​កែប​ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​ក្រោយពី​បញ្ចប់​ការងារ​ពី​សាលា​រាជធានី កាលពី​វេលា​ម៉ោង​ថ្ងៃត្រង់​ទី២៩ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ទៅធ្វើ​ការពិនិត្យ​មើលរូប​សំណាក​មេទ័ព​ទាំង​២​នេះ ដើម្បី​ជំរុញ​ការស្ថាបនា​ឲ្យ​បាន​លឿន រួម​និង​ការ​តាំង​អំពូល​ភ្លើង​នៅ​នឹង​រូបសំណាក​នេះ​។​

​ ​រូបសំណាក​តេ​ជោ​មាស និង តេ​ជោ យ៉​ត ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​ស្ថាបនា​ឡើង​បន្ទាប់ពី​រូបសំណាក​សម្ដេច​សង្ឃ​ជូន​ណាត លោកតា​ភារ​ម្យ​ង៉ុ​យ រូបសំណាក​យាយ​ដូនពេញ ហើយនឹង​ធ្វើការ​ស្ថាបនា​នូវ​រូបសំណាក​បុព្វបុរស​ជំនាន់​ដើម​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ជាច្រើន​ទៀត​ដូចជា​រូបសំណាក​តេ​ជោ​ដំ​ឌិន ជាដើម អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​រក​ទីតាំង​ដាក់​រូបសំណាក​ទាំងនោះ​មិន​ទាន់បាន​។​

​ ​រូបសំណាក​មេទ័ព​ដ៏​ល្បីល្បាញ​ទាំង​២​នេះ​គ្រោង​នឹង​បើកសម្ពោធ​និង​ធ្វើ​ពិធី​សាសនា​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និ​ង រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​៕

ស្រីរ័ត្ន​