Thursday, August 30, 2012

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន

សៀមរាប ៖ ​លោក Chen Demingរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​នៅ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លើក​ទី ១១ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៩ សីហា ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​​ ព្រោះបាន​នាំ​ឲ្យ​ចិន និង​អាស៊ាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ ។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក Chen Deming បាន​លើកយក​ឯកសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ សេដ្ឋកិច្ច​អាស៊ាន-ចិន​លើក​ទី ១០ ដែល​បាន​អនុម័ត​កាលពី​ខែ​វិ​ច្ឆិកា ឆ្នាំ​២០១១ នៅ​ប្រទេស ឥណ្ឌូ​នេស៊ី ដែល​បាន​ក្លាយទៅជា​ទិសដៅ​មួយ​យ៉ាង​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន កាន់តែ​ត្រូវ​បាន លើក​កម្ពស់​ទៅ​ក្នុង​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម​នោះ ។ លោក Chen Deming ថ្លែង​ថា ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​បណ្តា​ទំនិញ​របស់​អាស៊ាន​បាន​ធ្វើ​ចរាចរ ដោយ​បាន​អះអាង​ថា «អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន» កាលពី​ឆ្នាំ ២០១១ កន្លងទៅ ដោយ ក្នុង​នោះ​យើង​ក៏បាន​ព្រមព្រៀងគ្នា​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន និង​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ​ថា អាស៊ាន​នឹង​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​រវាង អាស៊ាន-ចិន ដើម្បី​ឲ្យ​វិស័យ​វិនិយោគ​នេះ​កាន់តែ​ប្រសើរ​ឡើង​ព្រោះថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ សំខាន់​មួយ​របស់​អាស៊ាន ក្នុងការ​​ជម្រុញ​​បន្ថែម​ទៀត​ទៅលើ​ការ​វិនិយោគ​សេដ្ឋកិច្ច​អាស៊ាន ។

ដោយឡែក​នៅក្នុង​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ចិន Chen Deming កាលពី​យប់ ថ្ងៃទី ២៨ សីហា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​ចំនួន ២៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ។ លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​បាន សម្រេច​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទ្វេដង​ក្នុង​រយៈ ពេល ៥ ឆ្នាំ​ខាងមុខនេះ ។

នៅក្នុង​ជំនួប​ទ្វេភាគី​នោះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ការនាំចេញ​ដំឡូង​មី ពោត និង​អង្ករ​ថា តើ​ត្រូវ​នាំទៅ​ប្រទេស​ចិន​ដោយ​របៀប​ណា?-ភាគី​ចិន​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ដំឡូង​មី និង ពោត​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន ។ ជាមួយគ្នា​នេះ​ដែរ ក៏បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មក វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​ផលិតកម្ម​ស្រូវ និង​សំលៀក​បំពាក់​កាត់ដេរ៕

ស្នាយ​ពល