Thursday, August 30, 2012

លោក ឱម យ៉ិនទៀង​៖ លោក សូរិយា ស៊ូ​ប៊ែរ​ឌី គួរតែ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​គណបក្សប្រឆាំង​

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជ​រដ្ឋាភិបាល បាន​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់មាត់ តប​នឹង​របាយការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា​។ លោក ឱម យ៉ិនទៀង បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែរ​ឌី គួរតែ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គណ​បក្សប្រឆាំង ជាជាង​ធ្វើជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​។​

​ថ្លែង​ទៅ​កាន់​ក្រុមអ្នកកាសែត នៅពេល​ជូន​ដំណើរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អ៊ីរ៉ង់ និង​នៅ​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១២ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ មិន​ដូច​អ្វី​ដែល​លោក​ស៊ូ​ប៊ែរ​ឌី បាន​លើកឡើង​នោះ​ទេ​។

​លោក ឱម យ៉ិនទៀង បាន​បន្ថែមថា លោក សូរិយា ស៊ូ​ប៊ែរ​ឌី គ្រាន់តែ​និយាយ​តាម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​និយាយ​តាម​បក្សប្រឆាំង​ប៉ុណ្ណោះ​។ ពោល​គឺ​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ជា​អ្នក​បន្ទរ​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដូច្នេះ​លោក​សូរិយា គួរ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គណ​បក្សប្រឆាំង ល្អ​ជាង​ធ្វើជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិនៅពេលនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បាន​លើកឡើង​ថា គណបក្សប្រឆាំង ដែល​មានឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុងតែ​មាន​ផែនការ​បំផ្លាញ គ​.​ជ​.​ប​. ដែល​ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ហើយក៏​មាន​គម្រោង​ឲ្យ​សមាជិក ២ រូប របស់​គណបក្ស​សម​រង្ស៊ី ដើរចេញ​ពី គ​.​ជ​.​ប​. ផងដែរ​។​

​សូម​រម្លឹកថា របាយការណ៍​របស់​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ដែល​ត្រូវបាន​ចែកចាយ កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១២ បាន​លើកឡើង​អំពី​ការរំលោភបំពាន​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​លំនៅដ្ឋាន ករណី​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរី​កីឡា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចរបស់​រដ្ឋាភិបាល​កម្ពុ​ជា នាំឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ស្ទើរ​ទូ​ទាំង​ប្រទេស និង​អំពី​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត នៅ​កម្ពុជា ដែល​នាំឲ្យ​មាន​ការតវ៉ា​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ការតវ៉ា​ពី​គណបក្ស​ប្រឆាំង ជាដើម​។​

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​គូសបញ្ជាក់ក្នុង​របាយការណ៍​ថា កម្ពុជា​ទទួលបាន​អនុសាសន៍​ជា​ច្រើន ទាំង​ទ្វេភាគី និង​ពហុភាគី ដោយ​អង្គការ​ផ្សេងៗ ប៉ុន្តែ​វា​គួរឲ្យ​សោកស្តាយ ដែល​អនុសាសន៍​ភាគច្រើន​បំផុតដែល​កម្ពុជា​ទទួលបានដើម្បី​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅតែ​មិន​មាន​ការអនុវត្ត​។​

​អ្នករាយការណ៍​ពិសេស លោក សូរិយា ស៊ូ​ប៊ែរ​ឌី បាន​សរសេរ​ទៀត​ថា “​ការ​គ្មាន​ការពិគ្រោះ​យោបល់ និង​គ្មាន​ការចរចា​សមស្រប​ជាមួយ​ប្រជាជន ដែល​រង​ការប៉ះពាល់​នៅពេល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច" គឺជា​ក្តីបារម្ភ​មួយនៅ​កម្ពុជា​។​

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​កត់សម្គាល់​ថា ការបំភិតបំភ័យ និង​ការយាយី គឺ​នៅតែ​កើត​មាន​ជុំវិញ​ការបោះឆ្នោតនៅ​កម្ពុជា​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ស្តីទី​ការ​គណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ព័ត៌មាន​របស់​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ដែល​ទទួលបាន គឺជា​ការ​សម្លឹង​ឃើញ​តែ​ផ្នែក​អាក្រក់​ដ៏​តិចតួច ដែល​ជា​កង្វះខាត​របស់​រដ្ឋាភិបាល​។ រីឯ​ស្ថានការណ៍​សិទ្ធិមនុស្សនៅ​កម្ពុជា ក៏​មិនមែន​អាក្រក់ ដូច​អ្វី​ដែល​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី តែងតែ​លើកឡើង​អំពី​ការមិនពិតនៅ​កម្ពុជា​នោះទេ​៕​