Thursday, August 30, 2012

អង្គជំនុំជម្រះ​សាលាដំបូង​បើក​សវនាការ​ជា​ថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ

ភ្នំពេញ: អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា នឹង​បើក​សវនាការ​សាធារណៈ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​ជនជាប់ចោទ លោកស្រី អៀង ធីរិទ្ធ សាជាថ្មី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។

​មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ថា សវនាការ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ បាន​ធ្វើការ​ព្យាបាល​ដល់​លោកស្រី អៀង ធីរិទ្ធ អស់​រយៈពេល ៦​ខែ រួចមក តាម​ការបញ្ជា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល ហើយ​នៅពេលនេះ គឺ​ដល់​ពេលវេលា​កំណត់ ក្នុង​ការពិនិត្យ​ឡើងវិញ​លើ​កាយសម្បទា​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​បើ​តាម​ការឲ្យដឹង​របស់​លោក នេត្រ ភ​ក្ត្រា សវនាការ​រយៈពេល​ពី​រ​ថ្ងៃ ពី​ថ្ងៃ​ទី​៣០​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ត្រូវបាន​រៀបចំឡើង ដើម្បី​ឲ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ បង្ហាញ​អំពី​លទ្ធផល​នៃ​ការពិនិត្យ​របស់​គាត់ និង​ដើម្បី​បើក​ឲ្យមាន​ការពិភាក្សា នៅក្នុង​តុលាការ​រវាង​អ្នកជំនាញ​វេជ្ជសាស្ត្រ ជាមួយ​មេធាវី​ការពារ​ក្តី​របស់​លោកស្រី អៀង ធីរិទ្ធ សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​។

​ដោយសារ​តែ​សវនាការ​នេះ​គឺ​ទាក់ទង​តែ​លោកស្រី អៀង ធីរិទ្ធ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹង​មិន​មាន​ភាពចាំបាច់​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ ប៉ុន្តែ​សម្រាប់​លោក អៀង សារី ដោយសារតែ​គាត់​មាន​ទំនាក់ទំនង​ពិសេស​នៅ​ក្នុង​នាម​ជា​ស្វាមី​ភរិយា​ជាមួយលោកស្រី អៀង ធីរិទ្ធ និង​មេធាវី​របស់​គាត់​ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង អនុញ្ញាតឲ្យ​ចូលរួម​ក្នុ​ង​សវនាការ ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការចោ​ទ​សួរ​អ្វី​ឡើយ​។

​គួរបញ្ជាក់​ថា បន្ទាប់ពី​មាន​ការពិនិត្យ និង​វាយតម្លៃ​ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៥​រូប អង្គជំនុំជម្រះ​សាលាដំបូង​បាន​ធ្វើ​សេចក្តីសម្រេច​មួយ​កាលពី​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១១ ថា ជនជាប់ចោទ អៀង ធីរិទ្ធ ពុំ​មាន​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការជំនុំជម្រះ​ទេ ដោយសារ​គាត់​មាន​ជំងឺ​វង្វេងវង្វាន់ (​ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ​)​។

​អង្គជំនុំជម្រះ​សាលាដំបូង​យល់ឃើញថា អៀង ធីរិទ្ធ អាច​នឹង​ពុំ​មាន​សមត្ថភាព​ធួន​ល្មម​ដើម្បី​យល់​អំពី​ដំណើរ​ការជំនុំជម្រះ​ក្តី ដោយសារតែ​ការ​ភ្លេចភ្លាំង​របស់គាត់​។
​ប្រសិនបើ​ពុំ​អាច​យល់ដឹង​គ្រប់គ្រាន់​អំពី​ដំណើរ​ការជំនុំជម្រះ​ក្តី​ទេ អៀង ធីរិទ្ធ ប្រហែល​ជា​ពុំ​អាច​ណែនាំ​មេធាវី​របស់​គាត់ ហើយក៏​ពុំ​អាច​ការពារ​ខ្លួនឯង​បាន​ដែរ​។ ហេតុដូច្នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​សម្រេចចិត្ត​ផ្អាក​ដំណើរការ​នីតិវិធី ប្រឆាំង​នឹង​ជនជាប់ចោទ អៀង ធីរិទ្ធ​។

​ដោយ​មើលឃើញ​ថា ពុំមាន​លទ្ធភាព​សមស្រប​ណាមួយ​ក្នុង​ការ​បន្ត​ដំណើរការ​នីតិវិធី​តទៅទៀត អង្គជំនុំជម្រះ​សាលាដំបូង​យល់ឃើញ​ថា​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការបន្ត​ឃុំខ្លួន អៀង ធីរិទ្ធ នៅ អ​.​វ​.​ត​.​ក តទៅ​ទៀត​ដូច្នេះ​ក៏​ចេញ​សេចក្តីសម្រេច​ឲ្យ​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ជាបន្ទាន់​។

​សហ​ព្រះរាជអាជ្ញា​បាន​ប្តឹង​សាទុក្ខ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលា ដំបូង​ក្នុង​ការដោះលែង អៀង ធីរិទ្ធ ឲ្យនៅ​ក្រៅ​ឃុំ​។​
​ ​
​លោក នេត្រ ភ​ក្ត្រា បាន​ឡូ​ស​បញ្ជាក់​ពី​មូលហេតុ​នៃ​ការពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​លើ​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ អៀង ធីរិទ្ធថា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ចេញ​សេចក្តីសម្រេច​ថា អង្គជំនុំជម្រះ​សាលាដំបូង​ត្រូវ​តែ​ប្រើប្រាស់​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ជួយ​ជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យមាន​សមត្ថភាព​ប្រសើរឡើង​វិញ​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី​ដើម្បី​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​បាន​។

​អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បញ្ជា​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង ស្វែងរក​ការព្យាបាល​បន្ថែម​ដល់ អៀង ធីរិទ្ធ ហើយ​ត្រូវ​តែពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​គាត់​ជា​ថ្មី​ម្តងទៀត ក្នុង​រយៈពេល ៦ ខែ​បន្ទាប់​ពី​ការព្យាបាល​។​
​ ​
​ដោយ​អនុវត្ត​តាម​ការ​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល អង្គជំនុំជម្រះ​សាលាដំបូង បានតែងតាំង​អ្នកជំនាញ ចំនួន​បី​រូប​ជា​ថ្មី​ម្តងទៀត ឲ្យ​ពិនិត្យ​និង​វាយតម្លៃ​លើ​កាយសម្បទា​និង បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​សីហា ឆ្នាំ​២០១២​។

​អ្នកជំនាញ​ទាំងបី​រូប​នឹង​វាយតម្លៃថា តើ​ការព្យាបាល​វេជ្ជសាស្ត្រ​ដែល​បាន​ផ្តល់ជូន អៀង ធីរិទ្ធ រយៈពេល ៦ ខែ​កន្លងមក បាន​ជួយ​ឲ្យ​គាត់​បាន​ប្រសើរ​ឡើង​វិញ​ឬ​ទេ ពោល​គឺ អ្នកជំនាញ​នឹង​វាយតម្លៃថា តើ​ការព្យាបាល​វេជ្ជសាស្ត្រ​អាចជួយ​រំ​ឭក ការចងចាំ​របស់គាត់ ក្នុង​កម្រិត​ដែល​អាច​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​ក្តី​ដែរឬទេ​។​

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ពន្យល់ថា "​បន្ទាប់​ពី​ពិនិត្យ និង​ពិចារណា​ទៅលើ​របាយការណ៍​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​អង្គច្បាប់​មួយចំនួន នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ខែ​សីហា អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចេញ​សេចក្តីសម្រេច​អំពី​សមត្ថភាព​ខាង​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ នៅពេល​ក្រោយ​។ សេចក្តីសម្រេចចិត្ត អំពី​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ គឺជា​សេចក្តីសម្រេច​ផ្លូវច្បាប់​។ ដូច្នេះ​ជា​សេចក្តីសម្រេចចិត្ត​របស់​ចៅក្រម​។ ចៅក្រម​នឹង​សម្រេច​ថា​តើ​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ មាន​សភាព​ប្រសើរ​ឡើង​វិញ​ដែរ​ឬ​យ៉ាងណា​"​។​

​សវនាការ​នៅ​ថ្ងៃទី​៣០ និង​៣១ ខែ​សីហា លើ​បញ្ហា​កាយសម្បទា និង​បញ្ញា​ស្មារតី​លោកស្រី អៀង ធីរិទ្ធ ធ្វើឡើង​ជា​សាធារណៈ ហើយ​សាធារណជន​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើន​រយ​នាក់ ត្រូវបាន​គេ​រំពឹងថា នឹង​ចូលរួម​ទស្សនា​ដោយផ្ទាល់​នូវ​ដំណើរការ​សវនាការ​នេះ​។

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក CNC នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំងស្រុង ពី​ដំណើរការ​សវនាកា​រលើ​កាយសម្បទា​លោកស្រី អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២៕