Thursday, August 30, 2012

ប្រទេស​អូស្ត្រាលី​ផ្ដល់​ជំនួយ​ថវិកា​បន្ថែម​ចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​ដល់​អ​.​វ​.​ត​.​ក​

ភ្នំពេញ ​៖​ ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ជំនួយ​ថវិកា​បន្ថែមចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​(​ប្រមាណ ១,៤៦​លាន​ដុល្លារ​អាមេរិក​)​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​(​អ​.​វ​.​ត​.​ក​)​។ ជំនួយ​ថវិកា​ថ្មី​នេះ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ឯកឧត្តម​ បប់ ខារ ​រដ្ឋមន្ត្រីការបរទេស​ និង​ ជា​សមាជិកសភា​អូស្ត្រាលី​ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ឯកឧត្ដម​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា ឆ្នាំ​២០១២​ ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការសហប្រជាជាតិ​រួចហើយ​។​

ជំនួយ​ថវិកា​លើក​នេះ​គឺ​បន្ថែម​ទៅលើ​ថវិកា​ចំនួន​១,៦១​លាន​ដុល្លារ​អូស្ត្រាលី ដែល​ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ដល់​ភាគី​ទាង​ពីរ​នៃ អ​.​វ​.​ត​.​ក​កាល​ពីដើមឆ្នាំ​២០១២​នេះ​។ បូករួម​ទាំង​ជំនួយ​លើក​នេះ​ផង ប្រទេស​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ថវិកា​ដល់ អ​.​វ​.​ត​.​ក សរុប​ចំនួន ១៩,៧១​លាន​ដុល្លារ​អូស្ត្រាលី​ហើយ​។​

​ ​ឆ្លើយតប​នឹង​ជំនួយ​ដ៏​មានតម្លៃ​នេះ ​ឯកឧត្តម ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្ដីទី និង​លោក ឃ្នុ​ត រ៉ូ​សិន​ហក ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អ​.​វ​.​ត​.​ក បាន​ថ្លែងថា​៖ «​ក្នុងនាម អ​.​វ​.​ត​.​ក យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បន្ត​ផ្ដល់​ការ​គាំទ្រ​ដំណើរការ​របស់​អ​.​វ​.​ត​.​ក​។ ​ក្នុង​កាលៈទេសៈ​ដែល អ​.​វ​.​ត​.​ក កំពុង​តែជួបប្រទះ​ការលំបាក​ផ្នែក​ថវិកា ជំនួយ​នេះ​មានតម្លៃ​ថ្លៃថ្លា​ជាទីបំផុត​ដើម្បី​ធានា​ថា អ​.​វ​.​ត​.​ក អាច​បន្ត​បេសកកម្ម​របស់ខ្លួន​ដោយ​ពុំ​មាន​ភាព​រអាក់រអួល​»