Thursday, August 30, 2012

សម្តេចតេជោ អញ្ជើញទៅចូលរួមសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធនៅប្រទេសអ៊ីរ៉ង់ និងបន្តធ្វើទស្សនកិច្ចនៅប្រទេសចិន




គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ដើម្បីចូលរួមក្នុងសន្និសីទកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ប្រធានាធិបតីប្រទេសអ៊ីរ៉ង់។
ក្រៅពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅទីក្រុងតេអេរ៉ង់ នៅក្រោមប្រធានបទនៃសន្និសីទគឺ «សន្តិភាពយូរអង្វែងតាម រយៈអភិបាលកិច្ចរួមគ្នាជាសកល»សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ និងជួបជាមួយឯកឧត្តម គីម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងថា នៅក្នុងសន្និសីទដែលបើកជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចលនាមិនចូលបក្សសម័្ពន្ធនឹងពិភាក្សា និងដោះស្រាយលើបញ្ហាជាច្រើន ដើម្បីសន្តិភាពយូរអង្វែងរបស់សកលលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការកើនឡើងនៃសង្រ្គាមការគំរាមកំហែងផ្សេងៗ បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ ការកែទម្រង់រចនាសម័្ពន្ធ របស់អង្គការសហប្រជាជាតិ…គឺសុទ្ធសឹងតែជាបញ្ហា ដែលសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធធ្វើការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណា ដើម្បីឲ្យចលនាមិនចូលបក្សសម័្ពន្ធមានតួនាទីកាន់តែខ្លាំងឡើងកាន់តែរឹងមាំឡើង នៅក្នុងការបញ្ចប់សង្រ្គាម ក៏ដូចជា រារាំងមិនឲ្យមានសង្រ្គាម និងរួមចំណែកនៅក្នុងការអភិវឌ្ឍធ្វើឲ្យប្រទេសទាំងអស់មានសន្តិភាព មានទំនាក់ទំនងល្អ មិនបានទទួលការកៀបសង្កត់ ហើយដោះស្រាយបញ្ហាទាំងអស់ ដើម្បីសន្តិភាពយូរអង្វែងរបស់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា ចលនាមិនចូលបក្សសម័្ពន្ធមានប្រទេសជាសមាជិកទាំងអស់ចំនួន១២០ ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកស្ថាបនិកមួយដែរ។ ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមាន ២ភាគ៣ នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងមានប្រជាជនចំនួន ៥៥% នៃប្រជាជននៅលើពិភពលោក។ ប្រទេសចំនួន២១ ជាប្រទេសសង្កេតការណ៍របស់ប្រទេសចលនាមិនចូល បក្សសម័្ពន្ធ ប៉ុន្តែមិនមែនជាសមាជិកនោះទេ។
ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមានប្រហែលជា៥០ប្រទេស បានដឹកនាំជាន់ខ្ពស់ ថ្នាក់ប្រធានាធិបតីចំនួន២៧រូប មានថ្នាក់ព្រះមហាក្សត្រចំនួន២ព្រះអង្គ ជានាយករដ្ឋមន្រ្តី៧រូប អនុប្រធានាធិបតីចំនួន៩រូប មានប្រធានសភា២រូប ចំនួន៥រូបជាបេសកជនពិសេស និង ក្រៅពីនោះដឹកនាំដោយរដ្ឋមន្រ្តីការបរទេស ឬជារដ្ឋមន្រ្តីនៃក្រសួងផ្សេងៗ និងអង្គការសហប្រជាជាតិផងដែរ។
យោងតាមឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឲ្យដឹងថា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។ អំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វេន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋប្រជាមានិតចិន ។
ប្រតិភូអមនាយករដ្ឋមន្រ្តី ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា សម្តេចតេជោនឹងអញ្ជើញទៅកាន់ ទីក្រុងអ៊ូរុំឈី តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី៣១ ខែសីហា ដោយមុននឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២៕
អត្ថបទ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស