Tuesday, September 4, 2012

ទស្សនៈ តើ​ជាបណ្ឌិត ឬ​គ្រាន់​តែជាបាវ​បំ​រើ?


បច្ចុប្បន្ននេះ​ ​មានអ្នក​វិភាគ​ជាច្រើនរូប​ ត្រូវ​​បានវិទ្យុ​ដែល​មាន​និន្នាការប្រឆាំង​ជ្រើ​ស​រើស​យក​ធ្វើ​ជា​តួឯក​ក្នុងការ​​​​ផ្តល់​យោបល់ ក៏ដូច​ជាឆ្លើយ​ជំ​នួសមេបក្ស​នយោបាយប្រឆាំង​​ តាម​រយៈ​កិច្ច​សម្ភា​ស​លើ​បញ្ហាសង្គម​​នានា​ ជាពិសេស ​​អំពី ​ស្ថាន​ការណ៍​នយោបាយ​​នៅ​កម្ពុជា។

​វាគ្មិន​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​បាន​គេប្រសិទ្ធិនាម​ឱ្យ​ថា ជា​បណ្ឌិត ជាអ្នក​វិភាគ​ឯករាជ្យ អ្នក​ស្រាវ​ជ្រាវ​លើបញ្ហាសង្គម​ ជាអ្នក​ជំ​នាញ​វិទ្យាសាស្ត្រ និង​ជាអ្នកច្បាប់​ជាន់​ខ្ពស់​ជាដើម។ល។

ក្នុង​ចំ​ណោម​ពួក​ជន​ដែល​ត្រូវ​​បាន​គេជ្រោង​ និងលើក​តម្កើង​ប្រៀប​បាន​នឹង​បញ្ញាជន​ជាន់​ខ្ពស់​ ឬ​ក៏​ជាជន​ដែល​មាននូវ​​សមត្ថភាពដ៏មហាអស្ចារ្យ​​ សឹង​ស្មើ​នឹង​បណ្ឌិត​ពិត​ប្រាកដនោះ ក៏មាន​អ្នក​ខ្លះ​ហ៊ាន​ចេញ​​មុខវែក​ញែក​ទាំងទទឹង​ទិស អំពី​បញ្ហា​សង្គម​ខ្មែរ ក្នុង​ខណៈពេល​ដែល​​ខ្លួន​ឯង​មិនទាំង​​ស្គាល់​​​នូវ​ការពិត​នៃកត្តា​​​ប្រវត្តិ​សាស្ត្រ​​ និង​បច្ចុប្បន្ន​ភាព​នៃនយោបាយរបស់​​ខ្មែរផងនោះ។

ការពិត​ជាក់​ស្តែង​ កាលពី​ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ ២០១២ លោក កែម​ ឡី ត្រូវ​បាន​វិទ្យុ​បរទេស​មួយ​និយាយភាសាខ្មែរ ចាត់​ទុក​ថា ជា « បណ្ឌិតកែម ឡី​ » អ្នក​វិភាគ និង​ជាអ្នក​ស្រាវ​ជ្រា​វ​​បញ្ហា​សង្គម​​​ បានយល់​ឃើញ​ដោយ​អគតិ និង​ទាត់​ចោល​​ការពិតនានា​ ជុំវិញ​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​ចំ​នួន​ដែល​ត្រូវ​បាន​​រៀប​រៀង​ឡើង និង​បង្ហោះក្នុង​គេហទំ​ព័រ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិ​ក​ម្ម​រហ័ស ​នៃទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​។ អត្ថបទ​ទាំង​នោះ រួម​​មាន​ ​ញត្តិគាំទ្រប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន របស់​ស្ថាប័នរដ្ឋ និង​ឯកជន​មួយចំ​នួន ជាពិសេសបទវិភាគ​នយោបាយ​​ដែល​បាន​លើក​តម្កើង​ សកម្មភាព​នានារបស់​សម្តេចតេជោហ៊ុន សែន ក្នុង​ការ​​ធ្វើបទ​បង្ហាញ​រយៈពេល​ជាង​៥​ម៉ោង​នៅ​រដ្ឋសភា ស្តីពី​បញ្ហាបោះ​បង្គោលព្រំ​ដែន​កម្ពុជា‑ វៀត​ណាម។

 អ្នក​វិភាគ​រូប​នោះ​ គេបាន​ចាត់​ទុក​​អត្ថបទ​ និង​ញ្ញត្តិគាំទ្រ ថា ​ជាការលើក​តម្កើងនូវ​លទ្ធិទំ​យើ​បុគ្គល ក្រោម​ពាក្យ​បន្ទាប​បន្ថោក​ និង​ចោទ​ប្រកាន់​ថា បច្ចុប្បន្ន​មាន​នូវ​វប្ប​ធម៌​គាំទ្រសម្តី​អ្នក​ធំ ឬ​មេដឹក​នាំប្រទេស​ ហើយ​គេបាន​ពិពណ៌នាថា បញ្ហានេះ​កំ​ពុង​ចាក់​ឬសយ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។

ដោយ​ចង់​បង្ហាញ​នូវ​ឥទ្ធិ​ពល​ប្រឆាំង​និយម​ និង​បំ​បិទ​ចោល​ទាំង​ស្រុង​នូវ​កត្តាប្រវត្តិសាស្ត្រ ក៏ដូចជា​ការពិត​ជាក់​ស្តែង​នៃសមិទ្ធផល​ដ៏សំ​បូរបែប​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ធានាបាន​នូវ​សុខ​ សន្តិភាព ស្ថេរភាព​នយោបាយ និង​ការ​អភិវឌ្ឍរីក​ចំ​រើន​ដូច​សព្វ​ថ្ងៃ ពួកអ្នក​វិភាគ​ដែល​ប្រៀប​បាន​ទៅ​នឹង​ « អាល្ងង់​​ទូ » បណ្ឌិតភ្លើ​ទាំង​នោះ​​ បាន​រិះ​គន់​ចំ​ពោះ​ស្នាដៃរបស់​អ្នក​និពន្ធ​ដែល​គាំទ្រ​រាជ​រដ្ឋាភិបាល​ថា មិន​ហ៊ាន​ពិភាក្សាផ្លាស់ប្តូរយោបល់ ឬ​ជំ​ទាស់​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែការ​ភ័យ​ខ្លាច និង​គាំទ្រដោយ​មិន​ដឹង​ខុសត្រូវ។ ម៉្យាង​វិញ​ទៀត ពួក​អ្នក​វិភាគ​ទាំង​នោះ​ បរិហារ​រិះ​គន់​ទៀត​ថា  អ្នក​និពន្ធ​អត្ថបទ​ទាំង​​អស់​នោះ​ សុទ្ធ​តែជាអ្នក​ត្រូវ​បាន​គេបង្រៀន​ឱ្យ​និយាយ​កុហក មិន​ហ៊ាន​និយាយត្រង់​ និង​ចោទ​ថា បញ្ហា​នេះ បណ្តាលមក​ពី​អ្នក​ខ្លះ​ចង់​បាន​មុខមាត់​ បុណ្យ​ស័ក្តិ​ និង​លាភ​សក្ការៈផ្សេង​ៗ។
សួរ​ថា សម្តី​វាយ​ប្រហារ​ទៅ​លើ​ស្នាដៃរបស់​អ្នក​ដទៃ ដែល​បាន​លាត​ត្រដាង​នូវ​ការ​ពិត​អំពី​បញ្ហា​សង្គម​ និង​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួននោះ តើ​ទង្វើ​នេះ​ វា​គឺជា​សារជាតិ​ពិត​របស់​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំ​នួន​នោះ ដែល​ប្រឆាំង​ផ្កាប់​មុខជ្រើ​ស​​រើសយក​ធ្វើ​មធ្យោបាយ​ដើម្បី​កសាង​ប្រជាប្រីយភាព​ខ្លួន​ឬ​អ្វី?​ តើ​​​ពាក្យ​​ចោទ​ប្រកាន់ដោយ​អសុរោះរ​ប​ស់​​​ជន​អ្នក​វិភាគ​និយម​ទាំង​​នោះ​ បាន​ឈរលើ​អព្យា​ក្រិ​ត​ភាព​នៃ​​ទស្ស​នៈរបស់​ខ្លួន ​ដើម្បី​បំ​រើ​ផល​ប្រយោជន៍​សង្គម​​ខ្មែរដែរឬទេ? ហើយ​តើ​សម្តី​បែប​នោះ​សក្តិ​សម​​នឹង​ទទួល​បាននូវ​ឈ្មោះ​​ជាបណ្ឌិត​ ដែល​ប្រកប​ទៅ​ដោយ​​គុណ​វុឌ្ឍិដែរឬ​អ្វី​?

ខ្លឹម​សារ​​ខ្លះ​ៗនៃបទ​អត្ថាធិប្បាយ​​ និង​ទស្សនៈវិភាគ​ដែល​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​គេហទំ​ព័ររ​ប​ស់​អង្គភាព​ព័ត៌​មាន និង​ប្រតិកម្ម​រហ័ស​ គឺបរិយាយ​អំពី​ការពិតនៃស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ ដូចជា​ អត្ថបទ​មួយ​សរសេរដោយ​លោក អេង យេង ទី​ប្រឹក្សាអម​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បានលើក​​តម្កើង​​ការ​បំ​ភ្លឺដ៏មាន​អត្ថន័យ​បំ​ផុត​ អំពី​ បញ្ហា​ព្រំ​ដែន​របស់​ប្រមុខនៃរាជ​រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន​​​ ថា ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុង​យុគ​សម័​យ​​តេជោ​ សែន​។ អត្ថបទ​មួយ​ទៀត សរសេរដោយ​ ឧត្តម សក្តិ ដាក់​ចំ​ណង​ជើង​ថា «​ បក្សប្រឆាំង​អស់​លេសសម្រាប់​បោក​រាស្ត្រក្នុង​រឿង​ព្រំ​ដែន » ដែល​បានបកស្រាយ​ឆ្លើយ​បំ​ភ្លឺទៅ​នឹង​អំនួត​របស់​បក្ស​ប្រឆាំង​កន្លង​មក​ដែល​យក​បញ្ហា​ព្រំ​ដែន​ក្នុង​ការកេង​ចំ​ណេ​ញ​នយោបាយ​ ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពីសម្តេចតេជោ បានធ្វើ​បទ​បង្ហាញ​នៅ​រដ្ឋសភាមក​នោះ​។
ក្រៅ​ពី​នេះ ក៏​នៅ​មាន​ញត្តិគាំទ្រ​ជាច្រើន​ និង​អ្នក​តំ​ណាង​អង្គការ​សមាគម​មួយ​ចំ​នួន​ដែល​គេហ៊ាន​និយាយ​គាំទ្រលើគោល​នយោបាយ​​ឈ្នះ‑ឈ្នះ​របស់​សម្តេចតេជោហ៊ុន សែន ក៏​ត្រូវ​បាន​អ្នក​វិភាគ​​ដែលប្រកប​ដោយ​​អវិចារណ​ញ្ញាណមួយ​ចំ​នួននោះ​​ ប្រឆាំង​រិះ​គន់​ និង​វាយ​ប្រហារ​ផង​ដែរ។

 តើ​ហេតុអ្វី​បាន​ជា​គេមិន​ហ៊ាន​ទទួល​ស្គាល់នូវ​​ការពិត ឬ​មួយ​ក៏​ពួក​គេទាំង​នោះ គឺជា​សកម្មជន (ស៊ីឈ្នួល) ​ដែល​ត្រូវ​បាន​គេជួល​ផ្តាច់​មុខ ក្នុង​តម្លៃខ្លួន​ខ្ពស់ ​ដើម្បីសម្រាប់​​ធ្វើការងារ​ជាប្រចាំក្នុង​ការ​ប្រ​ឆាំ​ង​​​​ជាមួយ​រាជ​រដ្ឋាភិបាល​គ្រប់​កាលៈទេសៈ ឬអ្វី​​?។

ក្នុង​សង្គម​ប្រជាធិបតេយ្យ ការហ៊ាន​និយាយអំពី​ការពិត​​ ការព្រម​ឱ្យ​តម្លៃខ្ពស់​អំពី​សច្ចភាព​នៃប្រវត្តិសាស្ត្រ​ និង​ការ​តស៊ូ​របស់​ឥស្សរជន​ដែល​បាន​សង្គ្រោះ​ជាតិ​ និង​​បាន​នាំមក​នូវ​សេចក្តី​សុខ​សន្តិភាព​ដូច​សព្វ​ថ្ងៃ គឺជា​មោទ​នភាព​មួយ​ដ៏វិសេស ​គួរ​ត្រូវ​បាន​កោត​សរសើរ និង​លើក​ទឹក​ចិត្ត។ ផ្ទុយ​ទៅ​វិញ​អ្នក​វិភាគ​មួយ​ចំ​នួន បាន​ប្រើ​ប្រាស់​សេរីភាពបញ្ចេញ​មតិ​របស់​ខ្លួន​ជ្រុល​ហួសហេតុ និង​ថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា​ បរិយាកាសស្រុក​ខ្មែរគ្មាន​លក្ខណៈប្រជាធិបតេយ្យ ខណៈពេល​ដែល​ពួក​គេ កំ​ពុង​បើក​​យុទ្ធនា​ការ​ប្រឆាំងទាំង​ងងឹត​ងងុល​ដើម្បី​កំ​ទេច  និង​មាន​នូវ​ផែន​ការ​ក្រខ្វក់​ដើរ​ផ្ទុយពី​​អត្ថន័យ​នៃ​ការ​ចូល​រួមជា​​មតិ​យោ​បល់​ដើម្បី​​ការ​ស្ថាប​នា និង​កសា​ង​ជាតិ​ឱ្យ​រីក​ចំ​រើន។

តាមពិត ការ​និពន្ធ​នូវ​អត្ថបទ​ប៉ុណ្ណេះ គឺវាជាចំ​នួន​មួយ​តិច​តួច​បំ​ផុត​ បើប្រៀប​ធៀប​ទៅ​នឹង​ស្នាដៃ ក៏ដូច​ជា​សមិទ្ធផលដ៏ច្រើន​សន្ធឹក​សន្ធាប់​​ដែល​រាជ​រដ្ឋាភិបាល ជាពិសេសគណបក្ស​ប្រជា​ជន​​កម្ពុជា​​សម្រេច​បាន​​។

ដោយ​គ្រាន់​តែលើក​ឡើង​អំពី​ស្នាដៃធំ​ៗ៨យ៉ាង​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​សម្រេ​ច​បាន ក៏អាច​គ្របដណ្តប់​នូវ​ប្រជាប្រិយភាព​ដ៏​លើសលប់​លើគណបក្ស​ប្រឆាំង​បាន​ដែរ នេះ​មិន​បូក​បញ្ចូលនូវ​​ការ​អភិវឌ្ឍន៍ថ្មី​ៗជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំ​បូរបែបផង​ ដែល​វា គឺជាសច្ចធម៌នៃ​ប្រវត្តិ​​សាស្ត្រពិត​ៗ គ្មានការ​ក្លែង​បន្លំ និង​ជា​ស្នាដៃដែល​កើតពី​ការ​តស៊ូ​រំ​ដោះ​ប្រទេស​ជាតិដោយ​ឥស្សរជន​របស់គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​ភ្លើង​សង្គ្រាម​ រហូត​ទទួល​បាន​នូវ​សុខដុមនីយកម្ម ​ដូ​ច​​សព្វ​ថ្ងៃ ។ តើ​វាជា​ការពិត​ដែល​អ្នក​និពន្ធ​ទាំង​ឡាយ​​បាន​សរសេរអត្ថបទ​អំពី​បញ្ហា​នេះ គួរ​ត្រូវ​បាន​​គេ​ចោទ​ថា ជាអ្នក​លើក​ទំ​យើរាជ​​រដ្ឋាភិបាល​មែន​ឬ? ចុះ​ មេបក្ស​ខ្លះ ភូត​កុហ​ក ​ដូចជា​សន្យា​ដាក់​ធ្មេញ​មាសឱ្យ​ចាស់​ៗ បោកប្រាស់ថា ពល​រដ្ឋខ្មែរមិន​បាច់​ព្រួយ​ទេ​នៅ​ពេល​គណបក្ស​គេជាប់ឆ្នោត​​ គ្រាន់​​តែធ្វើ​ខ្ចៅ​កប៉ាល់​ហោះក៏ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ដែរ និង​គេប៉្រូថា នៅ​ស្រុក​គេ រដ្ឋាភិបាល​ជាអ្នក​​​ចេញ​សង​ទាំងអស់​រាល់​ការ​ខូច​ខាត​របស់​កសិករ និង​សន្យារក​ប្តីឱ្យ​ស្ត្រី​មេម៉ាយ​នៅ​ទូ​ទាំ​ង​ប្រទេស​ជា​ដើម នេះឬ​ជា​បុគ្គល​ដែល​យើង​គួរ​នាំគ្នា​កោត​សរសើរ និង​គោរព​ឱ្យ​តម្លៃនោះ? ។

 ម៉្យាង​វិញ​ទៀត ដូចជា មេបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសឱ្យ​ពល​រដ្ឋខ្មែរក្រោក​ឡើង​នាំគ្នា​ដើរដកបង្គោលព្រំ​ដែន​កម្ពុជា​-វៀត​ណាម​ចោល​ទាំង​អស់​ ទើប​ជាអ្នក​ស្នេហាជាតិ​ ។ តើ​ទង្វើ​ខុសច្បាប់ និង​ការ​បំ​ផ្លិចបំ​ផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈ​នោះ អ្នក​វិភាគ​ ដូចជាលោក​កែម ឡី ជាដើម​នោះ​ ពេញ​ចិត្ត និង​ចាត់​ទុក​ថា ជា​ឧត្តម​តម្លៃគួរ​ត្រូវ​បាន​កោត​សរសើរ និង​លើក​ទឹក​ចិត្ត​មែន​ឬ?។​ ​​ដូច្នេះ ក្នុង​នាម​ជា​អ្នក​ផ្តល់​ការ​វិភា​គ​ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយតាម​ប្រព័ន្ធ​ឃោសនានានា មាន​វិទ្យុ​ និង​ទូរ​ទស្សន៍ជាដើម ​សម្រាប់​បំ​រើ​ផល​ប្រយោជន៍​ខ្មែរ គួរគប្បី​មាន​នូវគោលដៅ​ច្បាស់​លាស់​ ប្រកប​ដោ​យ​​​សតិ​សម្ប​ជញ្ញៈ និង​​មនសិការ​ជាតិ​ ប្រសើ​រជាងធ្វើ​ខ្លួន​ជា​កញ្ជះដាច់​ថ្លៃរបស់​អ្នក​នយោបាយ​ប្រឆាំ​ង​ ដែល​​ជានិច្ចកាល​តែង​តែបដិសេធ​នូវ​ការពិត​។

តម្លៃខ្លួន​របស់​អ្នក​វិភាគ​ អំពី ​ស្ថាន​ការណ៍​នយោបាយ គឺត្រូវតែ​មាននូវ​​ការ​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅគ្រប់​ផ្នែក ទាំងកត្តាប្រវត្តិសាស្ត្រ ​នយោបាយ សង្គម និងបច្ចុប្បន្នភាព​នៃ​ព័ត៌មានវិទ្យា ហើយ​ជាសំ​ខាន់ទៅ​ទៀត​​នោះ​ គឺមិន​អាច​មើល​រំ​លងបានឡើយ​អំពី​ សច្ចធម៌​ប្រវត្តិ​​សា​ស្ត្រ​ និង​គុណ​តម្លៃ​របស់​បុគ្គល​ដែល​មាន​​ស្នាដៃធំ​ធេង​ចំ​ពោះ​​ជាតិ​ មាតុ​ភូមិ​​​ ។

ម៉្យាង​វិញ​ទៀត ការ​វិភាគ​ ក៏ដូចជា​ការ​ធ្វើ​សំ​យោគ​អំពី​បញ្ហា​អ្វី​មួយ​ដែល​មាន​ចរិត​ជានយោ​បាយ​ គួរបុគ្គល​ជាអ្នក​វិភាគ​នោះ ត្រូវ​ចេះ​បើក​ចិត្តឱ្យ​ទូ​លា​យ​ និង​ជៀសវាង​ឱ្យបានជា​​ដាច់​ខាត​ នូវ​​ការលំ​អៀ​ង​​ដោយ​ភាព​អគតិនៃគំ​និត​ មើល​ឃើញ​តែភាព​អវិជ្ជមាន​ ហើយ​ខ្វាក់​ចំ​ពោះ​ការពិត នៃជ្រុង​ម្ខាង​ទៀត ។

តម្លៃបរិសុទ្ធ​របស់​អ្នក​វិភាគ​ដ៏ល្អ​ម្នាក់ គឺត្រូវ​ឈរលើមូល​ដ្ឋាន​នៃតក្កវិទ្យា និង​ហេតុ​ផល​ នៅ​ក្នុង​ការ​វិភាគ​របស់​ខ្លួន​ មិន​មែន​ឈរនៅ​លើ​អារម្មណ៍​ និង​មនោសញ្ចេតនាសម្រាប់​ការ​វិភាគ​នោះ​ទេ។

ដូច្នេះប្រសិន​បើតាំង​ខ្លួន​ឯង​ថា ជាអ្នក​វិភាគ​ ប៉ុន្តែ​ខ្វះ​នូវ​លក្ខណៈសម្បត្តិ​ទាំង​​នោះ​​ គឺ​គេ​ប្រៀប​​បានទៅ​​នឹង « ជន​ប្រ៉ូ​ដូរបាយ​ » ហើយ​ ដែល​អាច​នឹង​នាំឱ្យ​បាត់​បង់​នូវ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​នាពេល​អនាគតផង​ដែរ ពីព្រោះ​សម័យ​នេះ ពល​រដ្ឋខ្មែរដ៏ច្រើន​លើសលប់​មាននូវ​សុភវិនិច្ឆ័យ​ច្បាស់​លាស់​ណាស់ គឺពួក​គាត់​សុខចិត្តទទួល​យកការពិត​ និង​មិន​ជឿតាម​ដាច់​ខាត​ជន​បោកប្រាស់​។

អត្ថបទដោយៈ គង់ សម្បត្តិ