Wednesday, March 27, 2013

សម្តេច​​​តេជោ​​​ជា​​មេដឹ​ក​នាំ​ដែល​​​សុខ​​​ចិត្ត​​​លំបាក​​ខ្លួន​​​​ឯង​​ដើម្បី​​ប្រជា​ជន

នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ ព្រះវិហារ​វត្ត​ឧត្តម​មុនី​រង្ស៊ី (វត្ត​ទួល​សូ​ភី) និង​សម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់​អនុវិទ្យាល័យ ហ៊ុន សែន​ សូ​ភី ស្ថិតនៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្តកំពង់ចាម នា​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍កត់​សម្គាល់​ថា អារាម​ដែល​មាន​ចំណាស់ ១១០ឆ្នាំ​មកនេះ ​ជា​សមិទ្ធ​ផល​មួយ​ក្នុង​ចំណោម​សមិទ្ធ​ផល​ជាច្រើន​របស់​សង្គមជាតិ ដែល​បាន​កើតឡើង​ក្រោម​កម្លាំង​សាមគ្គី​របស់​ប្រជា​ជាតិ​ទាំង​មូល​ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល។
 
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​អមដំណើរ​ដោយ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​នោះ មាន ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មានការ​ពេញចិត្ត​ជាមួយនឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​ទឹកដី​ដ៏ ​កំសត់​នេះ បន្ទាប់​ពី​សមិទ្ធផល​ទាំងឡាយ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ កាលពី​របប​ប្រល័យពូជ​សាស​ន៍ ប៉ុល ពត។ សម្តេច​តេ​ជោ​ថ្លែង​ថា ពួក ប៉ុល ពត អនុវត្ត​នយោបាយ​បំបិទ​ជំនឿ​សាស​នា។ គណបក្ស​ប្រជា​ជន​កម្ពុជា (CPP) អនុវត្ត​នយោបាយ​បើក​ឲ្យ​មា​ន​ជំនឿ​សាសនា ដែល​វា​ផ្តើម​ចេញ​ពី​ចំណុច​ត្រង់​ហ្នឹង​ហើយ ទើប​មាន​ការគោរព​ជំនឿ​នេះ​ឡើង​ ប៉ុន្តែ​វា​ទាក់ទង​នឹង​កត្តា​មួយ​ទៀត។
 
សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ដំបូង​បំផុត​ គឺ​ត្រូវ​និយាយ​ពី​ឱកាស​សុខ​សន្តិភាពជាមុន​សិន ព្រោះ​ថាបើ​គ្មាន​សុខ​សន្តិភាព​ទេ គឺ​មិន​អាច​ធ្វើ​អ្វី​កើត​ឡើយ ហើយ​រឿង​នេះ​ធំ​ណាស់ ទោះជា​អ្នក​ណា​គេ​និយាយ​អីក៏​និយាយ​ទៅ។ តើ​យើង​ធ្វើ​ព្រះវិហារ​បាន​ ឬ​អត់? ព្រះសង្ឃ​មាន​ចង្ហាន់ ឆាន់​ ឬ​អត់? វា​ចំណុះ​ទៅលើ​ការ​រីក​ចម្រើន​នៃ​ជីវភាព​ប្រជាពលរដ្ឋ​ដែរ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ឱកាស​បែបនេះ​បាន​ចាប់​ផ្តើម​ពី​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ​ចំពោះ​គ្រប់​ វិស័យ​ទាំង​អស់ ព្រោះថា បើ​យើង​មិន​បើក​លទ្ធភាព​បង្ក​ឱកាស​ឲ្យ​ប្រជាជន​ដើម្បី​បង្កបង្កើន​ផល ការ​រក​ទទួលទាន ការ​រក​ប្រាក់​ចំណូល រាប់ទាំង​ការ​អំពាវនាវ​ឲ្យ​មាន​អ្នក​វិនិយោគិន​ចូល​មក​វិនិ​យោគ​ក្នុង​ ប្រទេស​ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​ឱកាស​ត្រូវ​បាត់បង់​ជាមិនខាន​ឡើយ។
 
ពាក់ព័ន្ធ​ជាមួយ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ "​ឥឡូវ​នេះ គ្រាន់​តែ​កម្មករ​នៅក្នុង​ប្រទេស​របស់​យើង គឺ ៥០ ទៅ ៦០ ម៉ឺន​នាក់​ផ្លាយ ដែល​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ​។ ឥឡូវ​ប្រាក់បៀវត្សរ៍ ដែល​ប្រឹង​ចរចា​ជាមួយ​និយោជក បូក​ដោយ​ការខិតខំ​ចលនា​ពី​នាយក​រដ្ឋមន្ត្រី គឺ​បៀវត្សរ៍​អប្បបរមា​នេះ ប្រាក់ខែ​គោល​នេះ បាន​ឈាន​ដល់ ៨០ ដុល្លារអាមេរិក​ហើយ​។ ឡើង​តាំងពី​ជាង ៣០ ដល់​ជាង ៤០ ឥឡូវ​ឡើងដល់ ៨០ ដុល្លារ​អាមេ​រិក។
 
ទាក់​ទង​នឹង​ការ​តំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីក៏​បាន​បន្ថែមថា "​យើង​នឹង​បង្កើត​នូវ​យន្តការ​នៃ​ការចរចា​បន្តទៀត គេ​ហៅ​ថា យន្តការ​ត្រីភាគី ចរចា​បន្តទៅទៀត ដើម្បី​នឹង​ពិនិត្យ​អំពី​បញ្ហា​កម្រិត​ប្រាក់​ឈ្នួល​កម្មករ ក្នុង​វិស័យ​កាត់ដេរ​របស់​យើង​។ កន្លែង​ខ្លះ គេ​ឲ្យលើស​ពីនឹង​ទៅទៀត (លើសពី ៨០ដុល្លារ)​។ គេ​អត់​ចាំ​អា​គោល​នឹង​ទេ ព្រោះ​គេ​ត្រូវការ​កម្មករ​។ អីចឹង គេ​ឲ្យប្រាក់​ខែ​ខ្ពស់"។
 
សម្តេចតេជោ​បាន​បន្ថែមថា ដោយ​សារតែ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ជា​បន្តបន្ទាប់​នេះ​ហើយទើប​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ឡើងមក​ធ្វើការ​នៅ​ភ្នំពេញ មានលទ្ធភាព​សន្សំ​ប្រាក់ ហើយ​ផ្ញើរ​ទៅ​ឪពុក​ម្តាយ​នៅឯ​ស្រុកកំណើត​។ ក្នុងនោះ ក្រៅ​តែ​ពី​ប្រាក់ខែ​គោល ៨០ ដុល្លារ ដែល​ទើប​តម្លើង​នេះ តែ​កម្មករ​កាត់ដេរ ក៏​នៅ​ទទួលបាន​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត​។
 
នៅក្នុង ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​អនុវិទ្យា​ល័យ ហ៊ុន សែន ទួល​សូ​ភី ស្ថិតនៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្តកំពង់ចាមនោះ​ដែរ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ក្នុង​យុទ្ធ​នា​ការឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ ក្នុងពេលដែល​ក្រុម​ប្រ​ឆាំង​បាន​ប្រមាថ​សម្ដេច​ថា ជា​តៃកុង​ឡាន​ពិការ​ភ្នែក។
 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា តៃកុង​ដូច​ខ្ញុំ​សុខចិត្ត​គ្រោះថ្នាក់​ដោយ​ខ្លួនឯង បើ​ផ្លូវ​មិន​ច្បាស់ ​ខ្ញុំ​សុខ​ចិត្ត​ទុក​ឡាន​សិន ហើយ​ចុះទៅ​រាវ​តើ​មាន​អ្វី​នៅក្នុង​ទឹក​ហ្នឹង បើ​ស្លាប់ៗ​ខ្លួន​ឯង​ចុះ​ឲ្យ​អ្នក​នៅ​លើ​ឡាន​រស់។ សម្តេច​តេ​ជោ​មានប្រសាសន៍​បញ្ជាក់​ថា តៃកុង​នេះ​ធ្លាប់​បាន​ធ្វើ​ពលិកម្ម ហើយ​ធ្លាប់​បាន​ដឹកនាំ​ប្រជា​ជន​ទទួល​បាន​សេចក្តី​សុខ។ ខ្លះ​មិន​ធ្លាប់​បើកឡាន​ទេ មិន​ប្រាកដ​ថា​បើកឡាន​ទៅរួច​ទេ។ ចំណែក​ខ្ញុំ​វិញ​យ៉ាងហោចណាស់ ខ្ញុំ​បើក​រួច​ធ្វើ​តៃកុង​អែប និង​ធ្វើជា​តៃកុង​ជាង ៣៤ ឆ្នាំ​ហើយ។
 
ទាក់​ទង​នឹង​តួនាទី​របស់​សម្តេច តេ​ជោក្នុងការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជា​បន្ត​ទៅទៀត សម្តេច​តេជោ​បាន ​មានប្រសាសន៍បញ្ជាក់​ថា សំខាន់​គឺលើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ទៀត ​ឬ​អត់? ខ្ញុំ ​បាន​សុំ​ហើយ​បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ពេញចិត្ត ហ៊ុន សែន បើ​ជឿជាក់​លើ ហ៊ុន សែន សុំ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា(CPP)នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣​​ខាងមុខនេះ។ ទោះបី ជា CPP ចាប់ឆ្នោតបាន​លេខ​ប៉ុន្មាន​ក៏ដោយ​ក៏​អត់​មាន​ដូរ​រូបភាព​ទេ​ គឺ​រូប​ទេវតា​បាចផ្កា ហើយ​សូម​គូស​កន្លែង​ដែល​គេ​ឲ្យ​គូស​ក្នុង​សញ្ញា​ទេវតា​នឹង​បាន​មកដល់ ហ៊ុន សែន ហើយៗ បោះឆ្នោត​ឲ្យ CPP ក៏បាន ​ទៅដល់​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ដែរ។ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ប្រជាជនដែលជា​ម្ចាស់​ឆ្នោត​ថា សូមកុំ​ខឹង​គោ​វាយ​រទេះ កុំ​ខឹង​មេភូមិ-មេឃុំ ​ទៅ​បោះឆ្នោត​ទម្លាក់ ហ៊ុន សែន នោះ ព្រោះ​នេះ​ជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ មិនមែន​ជា​ការបោះឆ្នោត​ថ្នាក់​ឃុំ ថ្នាក់​ភូមិ​ទេ​សូម​ចែក​គ្នា​ឲ្យ​ដាច់។
 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ពន្យល់​ថា នយោបាយ​ថ្នាក់​ជាតិ ខ្ញុំ​ជា​អ្នកដឹកនាំ​ដាក់ចេញ​នូវ​នយោ​បាយតាំងពី​នយោបាយ​ឈ្នះ ឈ្នះ ជា​នយោបាយ​របស់ ហ៊ុន សែន ​ដោយ​ត្រូវ​បាន​គណបក្ស​ប្រជាជន​គាំទ្រ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ពី​ការ​បែក​បាក់ ​មក​សន្តិភាព។ ការដឹកនាំ​ប្រទេស​ក្នុង​រយៈ​ពេល​កន្លងមក​ខ្ញុំ​ជា​អ្នក​កាច់ចង្កូត។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ការ​នាំ​មក​នូវ​ការ​បង្រួម​បង្រួម​ជាតិ និង​សន្តិភាព​តាម​នយោ​បាយ​ឈ្នះ​ឈ្នះ បើ​គ្មាន​តួអង្គ​គណបក្ស​ប្រជាជន និង​ការ​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ដឹកនាំ​ដោយ​ផ្ទាល់​ពី​ហ៊ុន សែន នោះ​ទេ គឺ​គ្មាន​អ្នកណា​ធ្វើ​បាន​ឡើយ។
 
គួរ​បញ្ជាក់​ថា ព្រះវិហារដ៏​ល្អ​ប្រណិត ដែល​មាន​តម្លៃ ២៦៨ ៤៨១ ដុល្លារ​សហរដ្ឋអាមេរិក​នេះ​បាន​កកើត​ឡើងដោយ​កម្លាំង​មហា​សាមគ្គី ពី​ការចូលរួម​របស់​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​តាមរយៈ​ពិធី​បុណ្យ​ផ្សេងៗ​រួម​ នឹង​ថ្នាក់​ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។
 
ឯកឧត្តម ហ៊ុន ណេង អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពង់ចាម​ឲ្យ​ដឹង​ថា វិស័យ​អប់រំ​នៅ​ខេត្តកំពង់ចាម​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព។ សាលាបឋមសិក្សា​មាន​ស្ទើរ​គ្រប់​ភូមិ​សាលា​មធ្យមសិក្សា​មាន ១៨៩​កន្លែង លើ ១៧៣ ឃុំ-សង្កាត់។ ទូទាំង​ខេត្ត​មាន​គ្រឹះស្ថានសិក្សា​ចំនួន ១.២៧១ កន្លែង ក្នុង​នោះ​អគារ​សិក្សា ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ចំនួន​៣៥០​កន្លែង មាន៥៨៥ខ្នង ស្មើនឹង៣.០១៧បន្ទប់។ ក្នុង​នោះ​នៅ​ស្រុក​អូររាំងឪ មាន៧កន្លែង​មាន ១៣ខ្នង​ស្មើនឹង ៦១ បន្ទប់ ដែល​ក្នុង​នេះ​រួម​ទាំង​អនុវិទ្យាល័យ ហ៊ុន សែន ទួល​សូ​ភី ដែល​មាន​អគារ​សិក្សា ២ ខ្នង ១០ បន្ទប់ និង​ទីចាត់ការ​មួយ​ខ្នង​ផង​ដែរ ។ ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា​របាយ​ការណ៍​​បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តកំពង់ចាម មាន​វត្ត ៥៩៤ វត្ត និង​ព្រះសង្ឃ ៦.៧៤៦ អង្គ៕