Wednesday, March 27, 2013

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ជម្រុញ​ឲ្យ​​ផ្សព្វ​ផ្សាយ​ពី​​ប្រយោជន៍​​នៃ​​ការ​ប្រើ​ប្រាស់​​ភា​សា​បារាំង

ឯកឧត្តមបណ្ឌិត​ សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ នា​រសៀល​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០១៣ បាន​ផ្តល់​អនុសាសន៍​ឲ្យ​នាយក​ភ្នាក់​ងារ​សកល​វិទ្យាល័យ​ប្រើ​ប្រាស់​ ភាសាបារាំង​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា អំពី​ផល​ប្រយោជន៍​ និង​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់ភាសាបារាំង។
 
ក្នុងឱកាស​ទទួល​ជួប​ពិភាក្សា​ការងារជាមួយ​ លោក អូលីវីយ៉េ ហ្គារ៉ូ (Olivier GARRO) នាយក​ភ្នាក់​ងារ​សកល​វិទ្យាល័យ​ប្រើ​ប្រាស់​ភាសា​បារាំង (AUF) ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅ​ទីស្តី​ការ​​​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ភាសា​អង់គ្លេស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ក៏​ដោយ ក៏​ប៉ុន្តែ​អ្នក​ដែល​ចេះ​ភាសា​បារាំង​តែង​តែ​មាន​ការ​កែប្រែដំណើរ​នៃការ​ ធ្វើ​អាជីវកម្ម​របស់​​​ខ្លួន​ទទួល​បាន​ជោគ​ជ័យ។
 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ឲ្យភាក់​ងារ​សកល​​វិទ្យាល័យប្រើ​ប្រាស់ ​ភាសាបារាំង បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​អំពីផល​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ ភាសា​បារាំង គឺ​មិន​ត្រឹម​តែ​នៅ​ក្នុង​សកល​វិទ្យាល័យទេ តែគួរ​ផ្សព្វផ្សាយ​ឲ្យ​យល់​​ដឹង​ចាប់​ពី​កុមារភាព​ដែល​រៀន​នៅ​ថ្នាក់​ទាប​ ឡើង​ទៅ។
 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ជម្រុញ​ឲ្យ​ភ្នាក់​ងារ​សកល​វិទ្យាល័យ​ប្រើ​ប្រាស់​ភាសា​​បារាំង (AUF) បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បានល្អ​ថែមទៀត​ជាមួយ​សកល​វិទ្យាល័យ និង​សាលា​ជា​ដៃគូ។ ដោយ​ឡែក​សម្រាប់​រាជ​បណ្ឌិត​សភា​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ណែនាំ​ឲ្យ​ពិនិត្យ​មើល​អំពីលទ្ធភាព​ដែល​អាច​ជួយ​លើ​ផ្នែក​ណា​មួយ​ក្នុង​ រាជ​បណ្ឌិត​សភា ដោយ​ការ​ផ្តល់​ជា​គ្រូ​បង្រៀន ឬ​ជា​អាហាររូបករណ៍។
 
លោក អូលីវីយ៉េ ហ្គារ៉ូ (Olivier GARRO) នាយក​ភ្នាក់​ងារ​សកល​វិទ្យាល័យ​ប្រើ​ប្រាស់​ភាសា​បារាំង (AUF)​ បាន​យល់​ស្របទៅលើ​អនុសាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដោយ​បាន​ចាត់​ទុក​ថា អ្នក​ដែល​ចេះ​ភាសាបារាំង​មិន​មែន​ត្រឹម​តែ​អាច​ទៅ​សិក្សានៅ​ប្រទេស​បារាំង​ តែ​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ប្រើ​ប្រាស់​ភាសា​បារាំង​ផង​ដែរ ដូច​ជា​ប្រទេស​ប៊ែលហ្ស៊ិក ស្វីស ប្រទេស​កាណាដា​ជា​ដើម។
 
លោក អូលីវីយ៉េ ហ្គារ៉ូ មាន​បំណង​ចង់​ឲ្យ​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ត​វិចិត្រ​សិល្បៈ​ដែល​ សិក្សា​លើ​ផ្នែក​បុរាណ​វិទ្យា បង្កើន​ការ​សិក្សា​ភាសា​បារាំង ព្រោះ​ឯកសារ​ដែល​ទាក់​ទង​នឹង​បេតិកភ័ណ្ឌ​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា មានច្រើន​ជា​ភាសាបារាំង។
 
សូម​បញ្ជាក់​ថា ការិយាល័យ​សាខា​នៃសកល​វិទ្យាល័យ​ប្រើ​ប្រាស់​ភាសា​បារាំង (AUF)​ បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៤ មាន​ទីតាំង​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​នៃ​កម្ពុជា។ សកល​វិទ្យាល័យ​ប្រើ​ប្រាស់​ភាសា​បារាំង មាន​ដៃ​គូ​ជា​សមាជិក​ចំនួន​៩ គឺសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សកល​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋ​កិច្ច សកល​វិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ រាជ​បណ្ឌិត​សភា​កម្ពុជា វិទ្យាស្ថាន​បច្ចេក​ទេស​កម្ពុជា សកល​វិទ្យាល័យ​សុខាភិបាល សាលា​ភូមិន្ទ​រដ្ឋបាល (ERA) សកល​វិទ្យាល័យ​កសិកម្ម និង​វិទ្យាស្ថាន​ជាតិ​អប់រំ។