Wednesday, March 27, 2013

តំណាង​ធនាគារ​អភិវឌ្ឃ​អាស៊ី​សរសើរ​ពីការ​រីក​ចម្រើន​នៅ​កម្ពុជា និង​សន្យា​បន្ត​ជួយបណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស

លោក អេរិក ស៊ីដវិច ( Eric Sidgwic) នាយក​ការិយាល័យ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​កម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៣ បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​-មន្រ្តី អំពី​ការផ្លាស់​ប្តូរ​រីកចម្រើន​ដ៏ឆាប់​រហ័ស​នៅក្នុង​ព្រះរាជា​ណា​ចក្រ​ កម្ពុជា និង​បាន​សន្យា​អំពីការ​បន្តកិច្ច​សហ​ប្រ​តិបត្តិ​ការ ជួយ​កម្ពុជា​ក្នុង​ការ​អប់​រំបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពលករ ។
 
ក្នុង​ឱកាស​ជួប​ពិភាក្សា​នៅវិមាន​មិត្តភាព ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក អេរិក ស៊ីដវិច  (Eric Sidgwic) បាន​មាន​ប្រសាសន៍​ថា នៅពេល​ដែល​លោក​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា ឃើញ​ថាមានការ​ផ្លាស់​ប្តូរ និងរីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់ ។ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​និង​កំពុង ពង្រីក​បន្ថែមនូវកិច្ច​សហប្រតិ​បត្តិការ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ដែល​ជាដៃ​គូរ​យុទ្ធ​សាស្រ្ត​នៃការ​អភិវឌ្ឍន៍ ហើយ​លទ្ធផល និងបទ​ពិសោធន៍​នៃកិច្ច​សហប្រតិ​បត្តិការ​អាច​ជា​គម្រូ​សម្រាប់​ប្រជាជាតិ​ ដទៃ​​ទៀត ។
 
លោក អេរិក ស៊ីដវិច ( Eric Sidgwic) បានមាន​ប្រសាសន៍​ថា សម្រាប់​ធនាគារ​អភិវឌ្ឃ​អាស៊ី (ADB) បាន​សម្លឹង​ឃើញ​នូវ​ឱកាស​ដទៃ​ទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិ​ការ ​ជាមួយ​កម្ពុជា​ជា​ពិសេស​ចំពោះ​កិច្ចការ​អភិ​វឌ្ឍ​ធនធាន​មនុស្ស ។
 
ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ជិត​ ស្និទ្ធ​របស់​ធនាគា​រអភិវឌ្ឃ​អាស៊ី (ADB) ក្នុងការ​ជួយ​ពង្រឹង​មូល​ធន​មនុស្ស និងធន​ធាន​បច្ចេក​ទេស​ដើម្បីជួយ​ដល់ការ​អភិវឌ្ឍន៍​នាពេល​កន្លង​មក។ យោង​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទីII និងក្នុង​ចក្ខុ​វិស័យធ្វើឲ្យ ផ.ស.ស កើនឡើង​ដល់​ជាង ៤.០០០​ដុល្លារ​សហ​រដ្ឋអា​មេរិក សម្រាប់​ប្រជាពល​រដ្ឋ​ម្នាក់​ក្នុង​ឆ្នាំ​២០៣០ សម្រាប់​រយៈ​ពេល​ខាង​មុខ​បន្ត​ទៀត​នេះ តាម​រយៈ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ (NTB)  អ្វី​ដែល​រាជ​រដ្ឋា​ភិបាល​យក​ចិត្ត​ទុក​ដាក់​គឺការ​អប់រំ និង​ហ្វឹក​ហ្វឺន​ដល់​យុវជន​ដើម្បីឲ្យ​មាន​សមត្ថភាព​ស្រប​​តាម​តម្រូវ​ ការទីផ្សារពលកម្ម ។
 
ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា រាជ​រដ្ឋា​ភិបាល​ក៏ បាន​យក​ចិត្ត​ទុក​ដាក់​ជម្រុញ​ការ​កែទ​ម្រង់​រដ្ឋបាល ដោយ​ចាប់​ផ្តើម​ពីមូល​ដ្ឋាន​គ្រឹះ គឺការ​ពង្រឹង​គុណភាព​នៃការ​ផ្តល់​សេវា​សាធារណៈ គុណភាព​មនុស្ស និង​ប្រព័ន្ធ​ផ្តល់រ​ង្វាន់​ដែល​បង្កើត​បាន​សមធម៌ ចំពោះ​ការងា​រដែល​មាន​ប្រសិទ្ធភាព ។
 
នៅក្នុង​ជំនួ​បពិភាក្សា​នេះ លោក​នាយក​ការិយាល័យ​ធនាគារ​អភិវឌ្ឍ​អាស៊ី ប្រចាំ​កម្ពុជា បាន​ឯកភាព និង​សន្យា​បន្ត​ចូល​រួមពង្រឹង​បន្ថែម លើកិច្ច​សហ​ប្រតិបត្តិការ​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល ហ្វឹក​ហ្វឺន​បច្ចេក​ទេសវិជ្ជាជីវៈ​ដល់​ពលករ​កម្ពុជា (TVET) ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តុះ​​​បណ្តាល​វិជ្ជាជីវៈ (NTB) ។