Wednesday, March 27, 2013

ភាគី​រាជ​រដ្ឋា​ភិបាល និង​សហគមន៍​អឺរ៉ុប គាំ​ទ្រ​គំនិត កែ​សម្រួល​រចនា​សម្ព័ន្ធរដ្ឋបាល​នៃ អ.វ.ត.ក

ភាគីរាជ​រដ្ឋាភិបាល​ កម្ពុជា និង​តំណាង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៣ បាន​ឯកភាព​គ្នា គាំទ្រ​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​រដ្ឋបាល​ នៃអង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ដើម្បី​ពន្លឿន​ដំណើរ​ការ​នៃការ​កាត់​ទោស​មេដឹក​នាំខ្មែរ​ក្រហម ក៏ដូច​ជា​ដោះស្រាយ​បញ្ហា​កង្វះខាត​ថវិកា​សម្រាប់​គាំទ្រ​ដំណើរ​​ការ​សាលា​ ក្តីនេះ ។





ក្នុងជំនួប​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ រវាង ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរ​ដ្ឋមន្រ្តី និង​ឯកឧត្តម ហ្វ្រង់ស័រ កូតាំង (Jean-Francois CAUTAIN) ឯកអគ្គ​រដ្ឋ​ទូត និង​ជាប្រធាន​ប្រតិភួ​សហ​ភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ភាគីទាំង ២ បាន​ពិភាក្សា​ការ​ងារ​អំពី​វិធាន​ការ​នៃការ​ជម្រុញ​ល្បឿន​នៃ​ការកាត់​ទោស​ មេដឹក​នាំខ្មែរ​ក្រហម ដូច​ជា​កង្វះ​ខាត​ថវិកា​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​របស់ អ.វ.ត.ក ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ធ្វើកា​រចាប់​អារម្មណ៍​អំពីការ​ចំណាយ​នៃ​សាលា​ក្តី​កាត់​ទោស​មេដឹក​ នាំខ្មែរ​ក្រហម ដែល​ចេះតែ​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ បន្ទាប់​ពី​សាលា​ក្តីនេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៦ ដោយ​សារ​តែ​រចនា​សម្ព័ន្ធ​រដ្ឋបាល​នៃ អ.វ.ត.ក កាន់​តែ​រីក​ធំ​ឡើង ។ ក្នុង​គោល​ដៅ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ  ភាគី​ទាំង ២​  (តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​តំណាង​សហភាព​អឺរ៉ុប) បាន​គាំទ្រ​នូវ​គំនិត​ផ្តួច​ផ្តើម​ស្តីពី ការ​រៀប​ចំកែ​សម្រួល​រចនា​សម្ព័ន្ធ​រដ្ឋបាល​នៃ​សា​លា​ក្តី​កាត់​ទោស​មេដឹក​ នាំខ្មែរ​ក្រហម ដែល​ក្នុង​នោះ​រួមមាន​ការកែ​សម្រួល​បុគ្គលិក​បម្រើការ និង​ការ​ស្វះស្វែង​រកការ​គាំទ្រ​ថវិកា​ពី​បណ្តា​ប្រទេស​ជាមិត្ត អ.វ.ត.ក តាម​រយៈ​នៃការ​ផ្សព្វ​ផ្សាយ​អំពី​លទ្ធផល​នៃការកែ​សម្រួល​រចនា​សម្ព័ន្ធនេះ ៕