Thursday, April 25, 2013

ទស្សនៈ ចំពោះ​ករណី​ដដែល​នៃការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៖ ការ​សិក្សា​ពីរ តួរលេខ​ពីរ! សម្ព័ន្ធ​នេះ បាន​បាត់​បង់ឱកាស​ដើម្បី​បន្តការ​វាយប្រហារ


          ពួកគេបង្កើតសម្ព័ន្ធមួយដ៏ធំសម្បើម ដែលមានធនធានមនុស្សដ៏ក្រៃលែង និងធនធានហិរញ្ញវត្ថុមិន ចេះរីងស្ងួត ដើម្បីជម្រុញឆន្ទៈរបស់ពួកគេទៅលើស្ថាប័ន និងរដ្ឋាភិបាលឱ្យអនុវត្តន៍តាម ដោយឈរលើមូលដ្ឋាន សិទ្ធិមនុស្សដើម្បីសេរីភាពបុគ្គល ជាមួយនឹងការមិនមាននូវការទទួលខុសត្រូវបុគ្គលទាំងស្រុង។ សម្ព័ន្ធនេះ គឺកើតឡើងពីសមាសធាតុប្រមូលផ្តុំគ្នា ដែលសមាសធាតុនីមួយៗជួយផ្តល់ការគាំទ្រដល់សមាសធាតុមួយទៀត ហើយទទួលបានសារៈសំខាន់ពីសមាសធាតុដទៃ ប៉ុន្តែជាញឹកញាប់វិវត្តន៍ខ្លួនដើម្បីបង្កើតរង្វង់បិទជិតនៃខ្សែ ច្រវ៉ាក់ដែលមិនអាចកាត់កង់ច្រវ៉ាក់ណាមួយផ្តាច់បាន។ ពួកគេ គឺមានលោក Surya Subedi វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យកម្ពុជា (NDI កម្ពុជា) គណៈកម្មាធិការដើម្បីការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) NGOs មួយចំនួនទៀត រួម​ទាំង សម រង្ស៊ី និងគណបក្សប្រឆាំង។ ពេលខ្លះសម្ព័ន្ធនេះ ត្រូវបូក បញ្ចូលសារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរីទៀត នៅពេលដែលការធ្វើសេចក្តីរាយការណ៍ ព័ត៌មាន ឬការវិភាគរបស់ពួកគេ គឺមានលក្ខណៈជាការវាយតម្លៃដោយគំនិត និងការគាំទ្រដល់ក្រុមប្រឆាំង។ ដោយមិនអាចយល់ច្រលំបាន The Cambodia Daily និងវិទ្យុអាស៊ីសេរី ក៏បានទទួលការលើកសរសើរ សម្រាប់ការងារប្រកបដោយភាពយុត្តិធម៌របស់ពួកគេដែរ។

          សម្រាប់រដូវកាល ២០១២-២០១៣ ការផ្តោតរបស់ពួកគេ គឺទៅលើគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប)។ វាបានចាប់ផ្តើមជាមួយនឹងការចោទប្រកាន់របស់លោក Subedi ដែលថា «មានកំហុស ឆ្គងធំៗនៅក្នុងរដ្ឋបាលនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជា ហើយកំណែទម្រង់ជាបន្ទាន់ និងរយៈពេលវែង គឺ ត្រូវការចាំបាច់ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោត និងក្នុងការធ្វើកិច្ចការរបស់ គ.ជ.ប» នេះបើយោងតាមរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ UN/GA។ ជាលក្ខណៈពឹងផ្អែកគ្នា ទៅវិញ​ទៅមករបស់ពួកគេ និងពឹងផ្អែកទៅលើសមាសភាពរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ការស្តី បន្ទោសទៅលើ និងរំលាយ គ.ជ.ប ចោលនោះ របាយការណ៍របស់លោក Subedi បានប្រើប្រាស់ការសិក្សា ពីមុនៗដែលធ្វើឡើងដោយ (NGOs) NDI កម្ពុជា COMFREL NICFEC និងអង្គការដទៃៗទៀត ដោយរួមជា មួយនឹងការសន្ទនាទល់មុខគ្នាដែលសម្រាំង និងមានលក្ខណៈលំអៀងជាមួយនឹង «អ្នកតវ៉ា» អាជីពក្នុងអំឡុង ពេលបេសកកម្មរបស់គាត់មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរក «កំហុសឆ្គងទាំងនោះ» និងដើម្បីបង្កើត អនុសាសន៍ ដែលអនុសាសន៍ខ្លះ មានលក្ខណៈមិនសក្តិសម និងមានគោលបំណងនយោបាយទៀតផង។ ឧទាហរណ៍ កថាខណ្ឌ ៨០ គឺជាការវាយសំរុកទៅលើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ហើយកថាខណ្ឌ ៨២ គឺមានលក្ខណៈនយោបាយ ដែលមានការប៉ុនប៉ងដ៏ច្បាស់លាស់ ដើម្បីបំបែក និងបែងចែងប្រជាជន កម្ពុជា។

          ការចោទប្រកាន់របស់លោក Subedi មកលើ គ.ជ.ប បានបណ្តាលឱ្យមានការស្ទុះស្ទារ កំរើកមិន​ខុស​ពីភ្លើងឆេះព្រៃយ៉ាងខ្លាំង និងយ៉ាងលឿន គឺបណ្តាលឱ្យកងច្រវ៉ាក់ដទៃទៀតនៅក្នុងខ្សែច្រវ៉ាក់បិទជិតនេះ បង្កើតនូវការសិក្សាស្រាវជ្រាវដើម្បីគាំទ្រជាថ្មីម្តងទៀតចំពោះការចោទប្រកាន់ដ៏វែងអន្លាយទាំងនោះ។ យ៉ាង​ហោ​ចណាស់ ការសិក្សាពីរបានត្រូវ ធ្វើឡើងក្នុងការប៉ុនប៉ងដើម្បីបង្ហាញពីកំហុសឆ្គងរបស់គ.ជ.ប។

          របាយការណ៍ស្ថាពរខែមីនា ឆ្នាំ២០១៣ របស់ COMFREL ស្តីពីការសិក្សាលើបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ក្នុងលទ្ធផលជាចំបងរបស់ខ្លួន បានរកឃើញថា «៩៧,៧%នៃអ្នកមានសិទ្ធិបោះ ឆ្នោត បានចុះឈ្មោះបោះឆ្នោត» ទំព័រទី១៦។ ម្យ៉ាងវិញទៀត របាយការណ៍រួមថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យកម្ពុជា (NDI-កម្ពុជា) NICFEC និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) ស្តីពីរបាយការណ៍ចុះឈ្មោះបោះឆ្នោតកម្ពុជា បានបង្ហាញថា «៨២,៩%នៃប្រជាពលរដ្ឋមាន សិទ្ធិ​បោះឆ្នោត ត្រូវបានចុះឈ្មោះ» ទំព័រ៣១។ ប្រសិនបើ «អ្នកមានសិទ្ធិបោះឆ្នោត» និង«ប្រជាពលរដ្ឋមាន​ សិទ្ធិបោះឆ្នោត» គឺដូចគ្នានោះ វានឹងអាចឱ្យយើងយល់បានថា ការសិក្សា និងការធ្វើសវនកម្មមួយទៀតដោយ អង្គការដែលមានមូលនិធិ និងបុគ្គលិកដ៏ច្រើន នឹងបង្កើតចេញនូវអត្រាមួយផ្សេងទៀត។ ទោះជាយ៉ាងណាក៏ ដោយ របាយការណ៍ទាំងពីរនេះ មិនបានខកខានចង្អុលបង្ហាញអំពី «កំហុសផ្នែកស្ថិតិរបស់ គ.ជ.ប» ដែលបានចុះបញ្ជីអ្នកបោះឆ្នោតនៅក្នុងអត្រា ១០១,៧៤%» នោះទេ នេះបើតាម COMFREL ហើយ «ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត គឺនៅក្នុងអត្រា ១០១,៧% នៃចំនួនប្រជាជនមានសិទ្ធបោះឆ្នោត» នេះបើតាម សម្តីរបស់ NDI, NICFEC និងCAS។ បើមើលទៅលើភាពខុសគ្នាដ៏ធំធេងនៅក្នុងលទ្ធផលចំបងរបស់ពួក គេនោះ ចម្ងល់អំពីភាពអាចឱ្យរំពឹងទៅលើបាន និងភាពអាចឱ្យជឿទុកចិត្ត​បាននៃការសិក្សា​ដាច់ដោយ​ឡែក​ពីគ្នារបស់ ពួកគេនេះ មិនអាចត្រូវបានមើលរំលងនោះទេ។ វាបានលើកឡើងអំពីចម្ងល់កាន់តែច្រើន ពាក់ព័ន្ធ​ទៅនឹងភាពស្មោះត្រង់នៃការសិក្សានេះ ក៏ដូចជាគោលបំណងនៃអង្គការនានា ដែលបានធ្វើ​ការ​សិក្សា​នេះ​ផងដែរ។ អ្វីដែល​មានលក្ខណៈ​ជាការ​បំផ្លិញ​បំផ្លាញ​ឱ្យខូច​ប្រយោជន៍​ជាពិសេសនោះ គឺថា អ្នកនយោបាយ​ប្រភេទអាក្រក់ៗ មិនអាចប្រើប្រាស់លទ្ធផលទាំងនេះ ដើម្បីវាយប្រហារ គ.ជ.ប និងរដ្ឋាភិបាលដែល​ដឹកនាំ​ដោយគណបក្សប្រជាជនដោយភាពស្ងប់ស្ងាត់ និងភាពប្រាកដប្រជានោះទេ។ ម្តង​ម្កាល សម រង្ស៊ី បង្ហាញ​មុខ​នៅលើអេក្រង់រ៉ាដា ដោយអំពាវនាវឱ្យប្រជាជនកម្ពុជានៅឯក្រៅប្រទេស ដាក់​សម្ពាធ​លើរដ្ឋាភិបាល​បរទេស​​ឱ្យគាំទ្រការអះអាងគ្មានហេតុផលរបស់គាត់ នៃការរំលោភបំពានសិទ្ធិមកលើរូបគាត់ ឬទទូចឱ្យ​អ្នក​នយោបាយបរទេស ចាត់វិធាន​ការ​ប្រឆាំង​ទៅនឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ ជាប់ឆ្នោតដោយសារប្រជាជន។
 ថ្មីៗនេះ ដូចបានរាយការណ៍ដោយ AFP នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ គាត់បាននិយាយ​អំពី​ការចាប់ផ្តើមចលនាដ៏ធំមួយដើម្បីទំលាក់រដ្ឋាភិបាលណាក៏ដោយ ដែលកើតឡើងដោយសារការបោះឆ្នោត ហើយ​កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះទៀត គាត់នឹងកំចាត់មន្ត្រីជាន់ខ្ពស់ជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតក្នុងខែកក្កដា។ តាមការពិត គាត់បានបង្កើតព័ត៌មាន​ប្រឆាំង​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ជាឯកសារយោងដោយលោក Subedi និងអ្នកដទៃទៀតតែប៉ុណ្ណោះ។
          និយាយដាច់តែឯង ការសិក្សានីមួយៗ បើកចំហរយ៉ាងទូលំទូលាយឱ្យមានការបកស្រាយដោយ អ្នកនយោបាយ ជាពិសេសអ្នកនយោបាយគណបក្សប្រឆាំង ដែលនឹងផ្តល់ការគាំទ្រយ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​ចោទប្រកាន់ដែលធ្វើឡើងដោយលោក Subedi។ ជាបន្ថែមទៀត វានឹងត្រូវបាន​ប្រើប្រាស់​បន្ត​ទៀត​ដោយ​លោក Subedi ដើម្បីវាយប្រហារទៅលើ គ.ជ.ប ហើយប្រហែលជាទៅលើ​រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្សប្រជាជនផងដែរ។ ក៏ប៉ុន្តែ វាហាក់ដូចជាថា ឱកាសលែងមានទៀតហើយ ពីព្រោះយ៉ាង​ហោចណា​ស់ ការសិក្សាមានការសិក្សាពីរ បានត្រូវធ្វើឡើង ហើយការសិក្សាទាំងពីរនោះ បានបង្ហាញភាពខុសគ្នាយ៉ាងធំ៖ «៩៧.៧%នៃអ្នកមានសិទ្ធិ បោះឆ្នោត បានចុះឈ្មោះបោះឆ្នោត» នេះយោងទៅតាម COMFREL ហើយ «៨២,៩%នៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ត្រូវបានចុះឈ្មោះ» នេះយោងតាមNDI, NICFEC និង​CAS។ ប៉ុន្តែ ក្នុងទស្សនៈរបស់ខ្ញុំ ការសិក្សាទាំងពីរនេះ នៅមានប្រយោជន៍​ផ្នែកសិក្សា​ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​ដទៃទៀត។
          វាពិតជាគួរឱ្យអស់សំណើចណាស់សម្រាប់គណបក្សប្រឆាំង ដែលដឹកនាំប្រជាជនឱ្យនាំគ្នាគាំទ្រអនុ សាសន៍របស់លោក Subedi និងគាំទ្រលទ្ធផលនៃការសិក្សាដោយ COMFREL, NDI, NICFEC និងCAS និងអង្គការ NGOs ដទៃទៀត ទាំងដឹងថាការសិក្សានេះ អាចឱ្យរំពឹងទៅលើបាន និងភាពអាចជឿទុកចិត្តបាន ហើយដូចគ្នានេះដែរ អនុសាសន៍របស់លោក Subedi គឺផ្អែកទៅលើមូលដ្ឋានមិនច្បាស់លាស់ និងផ្អែក​ទៅ​លើលទ្ធផលដែលប្រឌិតឡើងរបស់អង្គការដែលមាននិន្នាការលំអៀង។ ប្រសិនបើ នៅ​ពេលណា​លោក Sube​di ,COMFREL, NDI, NICFEC និងCAS និង NGOs ដទៃខ្លះទៀត បានលះបង់​ធនធាន​ដ៏​សន្ធឹក​សន្ធាប់​របស់ខ្លួន ដើម្បីខិតខំធ្វើឱ្យប្រជាជនកម្ពុជាចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើន ឬបានទាំងអស់គ្នានោះ ប្រជា​ធិបតេយ្យ នឹងត្រូវបានពង្រីកជាបន្តទៀត ហើយសុខុដុមរមនាក្នុងចំណោមប្រជាជនកម្ពុជា នឹង​ត្រូវ​បាន​ធានាយ៉ាងធំធេង។

ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh