Thursday, April 25, 2013

សម្តេច​​តេ​ជោ​ចង់​​ឲ្យ​ខាប​​ឌី​ដើរ​​តួនាទី​​សម្រប​​សម្រួល​​កាន់​​តែ​​សកម្ម




សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា បាន​ទទួល​ស្វាគមន៍​ការ​អញ្ជើញ​របស់​ឯកឧត្តម ម៉ា​ការី​ម វី​ប៊ី​សូ​ណូ (Makarim Wibisono) ប្រធាន​មហា​សន្និបាទ​លើក​ទី​២ របស់​អង្គការខាប​ឌី (CAPDI) អង្គការ​គណបក្ស​ប្រជាធិបតេយ្យ​និយម ណ្តាល ដើម្បី​ចូលរួម​មហាសន្និបាទ​លើក​ទី​២ របស់​អង្គការខាប​ឌី។
 
ឯកឧត្តម អៀង សុផល្លែត ជំនួយ​ការផ្ទាល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចូល​ជួប​សម្តែង​ការគួរសម​ សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី នា​រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០​១​៣ នៅ​វិមានសន្តិភាព ឯកឧត្តម ម៉ា​ការី​ម វី​ប៊ី​សូ​ណូ បាន​មាន​ប្រសាសន៍​ថា មហា​សន្និ​បាទ​លើក​ទី​២​នេះ នឹង​បូកសរុប​ការងារក្នុង​ចន្លោះ​ពេលពី​មហាសន្និបាទ​ទី​១ ​មក​សន្និបាទលើក​ទី២​នេះ ដោយ​ពិភាក្សា​លើ​ការរីកចម្រើន សកម្មភាព​របស់​គណ​បក្ស និង​បញ្ហា​បរិស្ថាន។
 
ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ឯកឧត្តម ម៉ា​ការី​ម បានមាន​ប្រសាសន៍​វាយ​តម្លៃថា ការ​វិ​និ​យោគ​កំពុងមាន​សន្ទុះ​មក​កាន់​បណ្តា​ប្រទេសនៅ​អាស៊ី។ ប្រសិនបើ​មានការ​រៀបចំបែង​ចែក​ត្រឹមត្រូវ បញ្ហា​នៅ​បណ្តា​ប្រទេស​នៅ​អាស៊ី នឹងមាន​ការរីកចម្រើន​ឆាប់រហ័ស​ជាទី​បំផុត​។
 
ក្នុង​ជំ​នួប​ពិភាក្សា​នោះ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បាន​ឯកភាព​ជាមួយ​ឯកឧត្តម ម៉ា​ការី​ម អំពី​ប្រធាន​បទមហា​សន្និបាទ​លើក​ទី​២ របស់​អង្គការខាប​ឌី (CAPDI) ជាពិសេសលើបញ្ហា​បរិ​ស្ថាន​។ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា សភាពការណ៍​នាពេលនេះ មាន​ភាព​ខុស​ប្រក្រតី​ខ្លាំងណាស់ ចាំបាច់​ត្រូវ​តែមាន​ការ​វាយតំ​លៃ និង​គោលការណ៍​ ដើម្បី​ដោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​នេះ​។ ពាក់ព័ន្ធ​ចរន្ត​វិនិយោគឆ្ពោះ​មកកាន់​តំបន់​អាស៊ី សម្តេច​តេ​ជោ ក៏​បាន​ឯកភាព​ចំពោះ​ការ​ថ្លែង​របស់ឯកឧត្តម ម៉ា​ការី​ម ផងដែរ។
 
តាម​រយៈឯកឧត្តម ម៉ា​ការី​ម សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​លើក​ទឹកចិត្ត​ឲ្យខាប​ឌី មាន​សក​ម្មភាព និង​សំឡេង​កាន់តែខ្លាំង​ថែម​ទៀតក្នុង​តួនាទីរបស់ខ្លួន ដើម្បី​ធ្វើការ​សម្របសម្រួល ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​សម្រប​សម្រួល​ប្រកប​ដោយ​សន្តិវិធី ​និង​ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ដោ​យ​មិនគួរ​ទុក​ឲ្យ​កំទេច​ភ្លើង​តូច​មួយ​ក្លាយ​ជា​អគ្គីភ័យ​បាន​ឡើយ។