Thursday, April 25, 2013

សម្តេច​​​តេ​ជោ​​សរសើរ​​គណៈ​ប្រតិភូ​​កម្ពុជា​​នៅ​​ តុលាការ​​ឡាអេ​​និង​​អះ​​អាង​​ពី​ការ​ប្រកាន់​​ជំហរ​​ត្រូវពី​​បញ្ហា​​ប្រជា ​ជន​​កម្ពុជា​​នៅ​កូរ៉េ


     

 
សម្តេចអគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​កោត​សរសើរ​​ចំពោះ​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ក៏ដូចជា​អ្នក​ច្បាប់​កម្ពុជា និង​អ្នក​ច្បាប់បារាំង ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អា​មេ​រិក ​ដែល​ការពារ​ក្តី​ឲ្យ​កម្ពុជាមាន​ទឡ្ហីករណ៍​យ៉ាង​ល្អ​បំផុត ដោយសម្តេច​ចាត់ទុកថា នេះ​ជា​សមត្ថភាព​ពេញ​លេញ​របស់​គណៈ​ប្រតិភូ​កម្ពុជា និង​អ្នកច្បាប់​របស់​កម្ពុជា។
 
នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា ព្រះវិហារ​វត្ត​សិរី​ឧ​ត្ត​ម ក្នុងស្រុក​ស្វាយ​អន្ទ​រ ខេត្ត​ព្រៃវែង នា​ថ្ងៃទី២២ ខែ​មេសា ​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ការ​បក​ស្រាយ​ផ្ទាល់មាត់ បាន​និង​ប្រព្រឹត្តទៅ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​នោះ សម្តេច​បាន​រង់ចាំ​រហូត​ដល់​ក្រោយ​កណ្តាល​អធ្រាត​នៅ​រា​ធានី​ភ្នំពេញ។ សម្តេច​តេ​ជោ​ថ្លែង​ថា របាយ​កាណ៍​ជាលា​យលក្ខណ៍​អក្សរ​មួយ​នឹង​ត្រូវ​បាន​បញ្ជូន​មកដល់​ភ្នំពេញ ហើយ​ខ្ញុំ​ត្រូវ​នៅ​ក្រោយ​ម៉ោង១២ យប់ ដើម្បី​រង់ចាំ​របាយការណ៍​ជាក់លាក់​អំពី​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ បកស្រាយ​នៅ​ទីនោះ​ថា តើ​ខាងយើង​បក​ស្រាយ​យ៉ាង​ដូចម្តេច ហើយ​ខាង​ថៃ​គេ​បកស្រាយ​យ៉ាង​ដូចម្តេច?។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​ថា យើង​បាន​កត់​សម្គាល់​ឃើញ​ថា មា​ន​តែ​បញ្ហា២ ប៉ុណ្ណោះ​គឺ ភាគី​កម្ពុជា​សុំ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ ឯ​ភាគី​ថៃ​គឺ​សុំ​ឲ្យ​តុលាការ​កុំ​បក​ស្រាយ។ កម្ពុជា​ប្រើប្រាស់​ទឡ្ហីករណ៍​ដែល​មាន​នៅ​ក្នុង​អង្គហេតុ និង​អង្គ​ច្បាប់ នៃ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ ដែល​ភ្ជាប់​អង្គច្បាប់ និង​អង្គហេតុ​ផ្អែក​លើ​ផែនទី​ឧបសម្ព័ន្ធ​មួយ ហើយ​ទាមទារ​ដោយ​ទទូច​ឲ្យ​តុលាការ​បកស្រាយ​ថា​ តើ​មានន័យ​ដូច​ម្តេច​ដែល​ហៅថា «ដក​ចេញពី​ប្រាសាទ និង​ជុំវិញ ប្រាសាទ» ប្រើប្រាស់​ផែនទី​អ្វី? ព្រោះ ផែន​ទី​មានតែ​មួយ ឯ​ខាង​ថៃ​អ្នកច្បាប់​របស់​គេ​បាន​យក​ផែនទី​ទៅ​មួយ​គំនរ​ប្រចាំ​ខ្សែ​នេះ ខ្សែ​នោះ ក៏ប៉ុន្តែ​ខ្សែ​នោះ​វា​អត់​មាននៅ​ក្នុង​អង្គហេតុ និង​អង្គច្បាប់​នៅ​ក្នុង​សាល​ក្រម។ ទាក់​ទង​បញ្ហានេះ​សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ​​ពេលនេះ​ជា​ពេល​ផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់​ឲ្យ​ទៅ​តុលា​ការ…យើង​អត់​មាន​ សិទ្ធិ​ទេ ហើយ​កម្ពុជាក៏​មិន​ចង់​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ដែល​បំពាន​លើ​សមត្ថ​កិច្ច ​របស់​តុលាការអន្តរ​ជាតិ​ទីក្រុង​ឡាអេ​ឆ្នាំ១៩៦២ ទេ។
 
សម្តេចតេ​ជោ​សែន​បាន​មានប្រសាសន៍បញ្ជាក់​ថា ​សុំ​កត់សម្គាល់​ពីឥឡូវនេះ​ទៅ​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​ទឹកដី ​មិនមែន​ត្រឹមតែ​ខ្ញុំ​ម្នាក់ ​ឬ​រាជ​រដ្ឋា​ភិបាល​ ឬ​ឯកឧត្តម ហោ ណាំហុង ទេ សរុប​មក​ទឡ្ហីករណ៍​នៅ​ចំពោះ​មុខ​តុលាការ​នេះ ​បូកសរុប​បាន​តែ​២ ចំណុច​ទេ «កម្ពុជា ​ស្នើសុំ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ ១៩៦២ ប្រើ​គ្រប់​ទឡ្ហីករណ៍ និង​ឯកសារ​នានា ពិសេស​ប្រើ​ប្រាស់​អង្គហេតុ អង្គច្បាប់ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​សាលក្រមឆ្នាំ១៩៦២ ឯ​ខាង​ថៃ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ សុំ​កុំ​ឲ្យ​បក​ស្រា​យ ក្នុង​ពេល​ដែល​មាន​ចលនា​ប្រជាជន​នៅ​ក្នុង​ប្រទេស​ថៃ សុំ​ឲ្យ​ដើរ​ចេញពី​តុលាការ កុំ​ទទួល​ស្គាល់​នូវ​អំណាច​របស់​តុលាការ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីថ្លែង​ថា ការ​បក​ស្រាយ មិ​ន​បកស្រាយ​ មិន​មែន​ជា​សមត្ថកិច្ច​របស់​កម្ពុជា​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវ​តែ​មាន​សិទ្ធិ​ដឹង​ថា តើ​វា​អាច​ទៅ​យ៉ាងម៉េច»។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា «ខ្ញុំ​និយាយ​នេះ ​មិនមែន​ជះ​ឥទ្ធិ​ពល​លើ​តុលា​ការ​ទេ ក៏​ប៉ុន្តែ​ខាង​ភាគី​ថៃ​និយាយ​ច្រើន​ណាស់​ហើយ ច្រើនពេក​ហើយ ច្រើន​លើស​លប់ ខ្ញុំ​គ្រាន់​តែ​និយាយ​ច្បិចចំណុច​យក​មក​និយាយ «ថៃ​ថា​កុំ​បកស្រាយ យើង​ថា​បកស្រាយ»​បើសិ​ន​ជា​មិន​បកស្រាយ​ទេ​មានន័យ​ថា រឿង​នៅ​ដដែល ការ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ដដែល​ហ្នឹង ដូច​នេះ​ទើប​យើង​ទទូច​ឲ្យ​បកស្រាយ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បានថ្លែង​ពន្យល់​​ថា តុលាការ​បក​ស្រាយ​ ឬ​មិន​បក​ស្រាយ​ជា​សិទ្ធិ​របស់​តុលា​ការ ប៉ុន្តែ​មាន​ចំណុច២ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ទី១ តើ​តុលាការ​ហ្នឹង​ដោះស្រាយ​យ៉ាងម៉េច​នូវ​សាលដីកា​របស់​ខ្លួន កាលពី​ខែ​កក្កដា​ឆ្នាំ ២០១១ ដែល​បង្កើត​ជា​តំបន់​ឥត​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ ក្នុង​ករណី​ដែល​តុលា​ការ​មិន​បកស្រាយ​តើ​រឿង​នេះ​វា​ហ្នឹង​ទៅ​ជា​យ៉ាងម៉េច? ទុក​តំបន់​ឥត​កងទ័ព​នេះ​ឲ្យ​វា​នៅ​ជា​តំបន់​ហ្នឹង​រាប់​រយ​ឆ្នាំ​តទៅទៀត​ឬ​ យ៉ាងម៉េច? ឬ​ឲ្យ​វា​វិលត្រឡប់​ទៅ​ស្ថានភាព​ដើម ឲ្យ​ទាំងសងខាង​បញ្ជូន​កងទ័ព​ចូល ហើយ​ដែល​តុលាការ​នេះ​បាន​ផ្តល់​នូវ​សិទ្ធ​អំណាច​ឲ្យ​ប្រធាន​អាស៊ាន នៅ​ពេល​នោះ ឥឡូវនេះ​ឥណ្ឌូណេស៊ី​បន្ត​មើល​កិច្ច​ការងារ​នេះ។ តើ​តុលាការ​ខ្លួនឯង​នឹង​ដោះ​ស្រា​យ​បញ្ហា​នេះ​យ៉ាងម៉េច? បើ​តុលាការ​បាន​ជំពាក់​យក​ការ​ដោះស្រាយ​មួយ​ជំហាន​រួចស្រេច​ទៅ​​ហើយ​នោះ ​គឺតំបន់​ឥត​កងទ័ព ហើយ​សូម​ប្រជាពលរដ្ឋ​របស់​យើង​ក្តាប់​ចំណុច​នេះ​ឲ្យ​ជាប់​។ អ្វី​ដែល​យើង​ស្មាន​ទុក​មុន អត់​មាន​អ្វី​ខុស​នោះ​ទេ​សូម្បីតែ ១% យើង​ប៉ាន់ស្មាន​ដៃគូ​របស់​យើង ដែល​ទៅ​តទល់​ក្តី​ដែល​សរុប​ចុង​ក្រោយ​គឺ​សុំ​កុំ​ឲ្យ​បកស្រាយ។
 
ទោះ​បី​យ៉ាង​ណា​ពាក់ព័ន្ធជាមួយ​កិច្ច​ សហប្រតិបត្តិ​កា​ររវាង​ប្រទេស​ទាំងពីរ (កម្ពុជា-ថៃ) សម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា ហើយ​ឯកឧត្តម ហោ ណាំហុង បាន​ធ្វើ​ការ​ជាមួយ​សម​ភាគី​ថៃ​របស់​លោក មិន​ថា សាលក្រម​ចេញ​មក​បែប​ណា​ទេ កុំ​ឲ្យ​បញ្ហា​នេះ​មាន​ទំនាស់​រវាង​ប្រទេស​ទាំងពីរ ចេញពី​ចំណុច​តូច​មួយ​ទៅជា​ទូទាំង​ព្រំដែន ចេញ​ពី​ចំ​ណុច​តូច​មួយ​ទៅជា​ទូទាំង​វិស័យ​នោះ​ទេ។ យើង​តតាំង​គ្នា​នៅ​ឯ​តុលាការ ប៉ុន្តែ​មិន​យក​គ្នា​ធ្វើជា​សត្រូវ​នៅ​ឯ​ព្រំដែន​នោះ​ទេ ដោយ​យើង​នៅតែ​សហប្រតិបត្តិការ​គ្នា​ល្អ​ជាមួយគ្នា។
 
ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ភាព​តាន​តឹង​នៅ​ ឧបទ្វីបកូរ៉េ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានមាន​ប្រ​សា​ស​ន៍ឲ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រកាន់យក​ជំហ​ត្រឹមត្រូវ​អំពី​បញ្ហា​សង្គ្រាម​នៅ​ឧប​ទ្វីប​កូរ៉េ ចំពោះ​ការ​សម្រេច​មិន​ជម្លៀស​ពលរដ្ឋ​កម្ពុជា ដែល​រួមមាន​ពលករ និស្សិត និង​អ្នក​ការ​ទូត​ចេញពី​ប្រ​ទេស​កូរ៉េ។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ដោយ​រំលឹក​ឡើងវិញ​ថា នៅមុន​ពេលដែល​រាជ​រដ្ឋាភិបាល​និយាយ​ ក៏មាន​ការវាយប្រហារ​រាជ​រដ្ឋា​ភិបា​ល​តាមរយៈ​ប្រព័ន្ធទំនាក់ទំនង​សង្គម​ថា រាជរដ្ឋាភិបាល​មិនបាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង​នោះឡើយ។ សម្តេច​តេ​ជោ​ថ្លែងថា ឥឡូវ​មកដល់​ម៉ោង​នេះ ​តើ រាជ​រដ្ឋាភិបាល​ធ្វើ​ត្រឹមត្រូវ ​ឬ​មិន​ត្រឹមត្រូវ បើ​ពេលនោះ​យើង​ហ៊ាន​ជម្លៀស​កម្មករ កម្មការិនី​របស់​យើងដែល​កំពុងធ្វើការ​នៅ​កូរ៉េខាងត្បូង​ចាកចេញ​ពី​ប្រទេស​ កូរ៉េខាងត្បូង មិនចាំបាច់​ទៅ​រក​ទីផ្សារការងារ​នៅ​កូរ៉េខាងត្បូង​ទៀត​ទេ ព្រោះ​មិនទាន់​ដឹងអី​ផង​រត់ចោល​គេ​ទៅហើយ រឿង​អី​គេ​ឲ្យ​ទៅធ្វើការងារ​ទៀត។
 
សម្តេចតេជោ​សែនមាន​ប្រសាសន៍ថា សូមអ្នក​ទាំងឡាយ​ត្រូវ​ចងចាំ​ចំណុច​នេះ ហើយ​នយោ​បាយ​មិនមែន​ចេះតែ​ធ្វើព្រាវៗ​នោះទេ។​ នៅសុខៗ​សម្រាប់តែ​ប្រជាពលរដ្ឋ​កម្ពុជា​ចាកចេញ ក្នុង​ពេលដែល​ប្រជាពលរដ្ឋ​កូរ៉េ​ខ្លួនឯង​ទាំង​ខាងជើង ទាំង​ខាងត្បូង​ គេ​នៅ​សប្បាយ ហើយ​ទេស​ចរណ៍​របស់គេ​ក៏​នៅតែ​មកកាន់​កម្ពុជា។ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ​ធ្វើការនៅ​កូរ៉េ​ ជឿជាក់​មកលើ​រាជរដ្ឋាភិបាល បើទោះ​បី​ជា​សភាពការណ៍​វា​នៅ​តានតឹង ក៏ប៉ុន្តែ​គេ​និយាយ​កាន់តែ​ឮ គឺ​មិន​វាយ​គ្នា​នោះទេ ហើយ​រឿង​ពិត​គឺ​វា​អញ្ចឹង។ សូម​បងប្អូន​មាន​ភាព​ស្ងាប់​ស្ងាត់ ហើយ​កុំ​បារម្ភ​ចំពោះ​បញ្ហា​នេះ ព្រោះ​រាជ​រដ្ឋា​ភិ​បាល​បាន​យក​វិធានការ​ជាក់លាក់​មួយ​រួចស្រេច​ទៅហើយ បើ​មាន​សង្គ្រាម​កើតឡើង​នៅ​កូរ៉េ យើង​នឹង​ត្រូវធ្វើ​បែបណា​នោះ។
 
ពាក់ព័ន្ធ​ជាមួយ​បញ្ហា​វិស័យ​ពុទ្ធចក្រ​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ​អំពី ចក្ខុ​វិស័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ទសវត្ស​ឆ្នាំ៨០ នៅក្នុងពេល​ដែលមាន​កា​រ​ពិភា​ក្សា​ស្តីអំពី​គោលនយោបាយ​ចំពោះ​សាសនា ដែល​ក្នុងនោះ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។ពិត​ហើយ គណបក្ស​ប្រជាជនមាន​គោលនយោបាយ​គ្រប់​វិស័យ​ទាំងអស់ ទាំង​ចំពោះ​កសិករ កម្មករ បញ្ញវ័ន្ត…និង សាសនា​ផងដែរ។ សម្តេច​តេ​ជោ​ថ្លែងថា ខ្ញុំ​ពិតជា​មានការ​ចង​ចាំ​ច្បាស់លាស់​ណាស់ ដោយសារតែ​ខ្ញុំបាន​ចូលរួម​ជាមួយ​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ក៏ដូចជា​ថ្នាក់ដឹកនាំ​ដទៃទៀត​នៅក្នុង​ការ​គូស វាស​នយោបាយ​គ្រប់​វិស័យ នៅក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​បន្ទាប់មក​គឺជា​អ្នកដឹកនាំ​ប្រតិបត្តិ ផ្ទាល់​លើ​គ្រប់​វិស័យ​នៅក្នុង​ផ្នែក​នីតិប្រតិបត្តិ​នេះ។
 
សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​មាន​ ប្រសាសន៍ថា ខ្ញុំ​បាន​និយាយ​នៅពេលនោះ​ថា «សាសនា​គឺ​ជា​គ្រឿង​ញៀន​របស់​អ្នក​ជឿ» បានសេចក្តីថា មិនអាច​ផ្តាច់​បានទេ សូម្បីតែ ប៉ុល ពត គេ​អាច​រំលាយ​អារាម គេ​អាច​ធ្វើគ​ត​ព្រះសង្ឃ ក៏ប៉ុន្តែ​គេ​មិនអាច​នឹង​រំលាយ​ជំនឿ​នៅក្នុង​ទឹកចិត្ត​ប្រជា​ពល​រដ្ឋដែលមាន​ ជំនឿ​ទេ។ សម្តេចតេជោបានមានប្រសាសន៍ថា ក្រៅពី​តម្រូវការ​របស់​ប្រជា​ជន​សម្រាប់​គោរពបូជា នៅមាន​បញ្ហា​ដទៃទៀត​ដែល​មិនអាច​កាត់ផ្តាច់​បាន​នោះឡើយ ដែល​ក្នុងនោះ​តួនាទី​របស់​ព្រះពុទ្ធសាសនា​មាន​បញ្ហា​ច្រើនណាស់​ដែលពាក់ព័ន្ធ ​នោះ។
 
រំលឹក​អំពី​ទិដ្ឋភាព​នៃ​កម្ពុជា​ក្រោម​ ការត្រួតត្រា​របស់​បារាំង ដែល​បារាំង​មិនអាច​បំផ្លាញចោល​វប្បធម៌​ខ្មែរ​បាន មិនអាច​បំផ្លាញចោល​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ​បាន​នោះសម្តេចតេជោ​ថ្លែង​ថា ប្រទេសមួយ​ចំនួន​នៅ​ទ្វីបអាហ្វ្រិក រាប់ទាំង​ប្រទេស​វៀតណាម​ដែល​ពី​ដើម​វៀតណាម អក្សរ​វៀតណាម ​គឺ​ដូចជា​អក្សរ​ចិន ប៉ុន្តែ​គេ​បាន​រ៉ូ​ម៉ា​នី​ហ្សេ​រ ​ទៅជា​បែប​អក្សរ​របស់​បារាំង ប៉ុន្តែ​សម្រាប់កម្ពុជា ​គឺ​មិនអាច​ទេ ដោយសារ​កន្លែង​វត្ត​អារាម​នេះហើយ ​គឺជា​កន្លែង​ដែល​រក្សា​នូវ​គម្ពីរ​ដីកា និង​ទិដ្ឋភាពពាក់ព័ន្ធ​ជាមួយនឹង​ព្រលឹង​ជាតិ​របស់​យើង។​ សម្តេចតេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វត្ត​អារាម​ជា​ផ្នែក​ដ៏​សំខាន់មួយ នៃ​គោលនយោបាយ​សម្រាប់​មនុ​ស្ស​ចាស់ និង​កុមារ ដែល​នេះ​ជា​បញ្ហា​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រទេស​របស់​យើង​ផងដែរ។
 
សម្តេច​តេ​ជោ​សែនបាន​មាន​ប្រសាសន៍ថា ហេតុអ្វី​បានជា​គណបក្ស​ប្រជាជន​មិន​ត្រឹមតែ​នាំគ្នា​គាំទ្រ និង​បើក​ច្រកទេ ប៉ុន្តែ​បែរជា​មន្ត្រី​គណបក្ស​ប្រជាជន​នាំគ្នា​ធ្វើបុណ្យ ធ្វើ​ទាន ធ្វើ​វត្ត​អារាម​នោះទេ ព្រោះ​បញ្ហា​មិន​គ្រាន់ តែ​បញ្ហា​ទិដ្ឋភាព​ព្រះពុទ្ធសាសនា ដែល​ផ្តល់នូវ​ការអប់រំ​ត្រឡប់​មក​វិញ​សម្រាប់​ប្រជាពលរដ្ឋ ដើម្បីកសាង​នូវ​អំពើ​ល្អ​ទេ ក៏ប៉ុន្តែ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​គោល​នយោ​បាយ​សម្រាប់​មនុ​ស្ស​ចាស់សម្រាប់​ កុមារ ផងដែរ៕