Thursday, April 25, 2013

គណបក្ស​​ប្រឆាំង​​អនុវត្ត​​នយោបាយ​ទឹក​​ឡើង​​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​​ស្រមោច​​ស៊ីត្រី


       

​ក្នុង ​ពិធី​សម្ពោធ​សមិទ្ធផល​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​អំពិល​វ័ន ក្នុងស្រុក​ថ្ពង ខេត្តកំពង់​ស្ពឺ នាព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​សម្តី​ពួក​អ្នក​នយោបាយ​ប្រឆាំង ដែល​ប្រកាស​ពី​បរទេសតាម​រយៈ​ ​វី​ដេ​អូ​ខន​ហ្វើ​រេ​ន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៣​ ទៅ​កាន់​មន្ដ្រី​របស់​ខ្លួន​នៅ​សង្កាត់​ជើងឯក​ដែល​លើក​ឡើង​ថា​ បើ​គណបក្ស​គេ​ឈ្នះ​ឆ្នោត​ គេ​នឹង​យក​នាយក​​រដ្ឋ​មន្ដ្រី​ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៃ​របប​មុន​ទៅ​កាត់ទោស​ថា ជា​សម្តី​ព្រហើន និង​ជា​សារ​មួយ​ដែល​ប្រៀបធៀប​បាន​ទៅ​នឹង​នយោបាយ​ទឹក​ ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ ស៊ី​ត្រី​ ដែល​ខុស​ពី​នយោបាយ​របស់​គណ​បក្ស​ប្រជាជន​ ដែល​កាន់​អំណាច​គឺ​អ្នក​ ណា​ក៏​អាច​រស់នៅ​ និង​ធ្វើការ​ជាមួយ​គ្នា​ បាន​យ៉ាង​សុខដុម​។

សម្តេចតេ​ជោ​សែន​មាន​ប្រសាសន៍​ថា មិនទាន់​ទាំង​បាន​កាន់​អំណាច​ផង សម្តី​ព្រហើ​ន​បែបនេះ​ទៅ​ហើយ មិនទាន់​ទាំង​បាន​កាន់អំណាច​ផង ​ចាប់​ផ្តើម​ហ៊ាន​ប្រកាស​យក​សមាជិក​រាជរ​ដ្ឋាភិ បាល ​កំពុង​កាន់អំណាច​នៅ​ពេល​នេះ ​យក​ទៅ​កាត់ទោស តើ​​វា​នឹង​មាន​អ្វី​កើតឡើងដូច​សម័យ​កាល ប៉ុល ពត?។ នេះ​ជា​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» វាខុស​គ្នា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពេល​ដែល​គណបក្ស​ប្រជាជន​កាន់អំណាច​អ្នក​ណា​ក៏​នៅ​ជាមួយ​បាន​ដែរ អ្នក​ជេរ​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​មាននៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​គេ​អាច​នៅ​ជាមួយ​គណបក្ស​ប្រជាជន​បាន។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា យើង​បាន​ឆ្លងកាត់​សម័យ​អតីតកាល ​ហើយពួក លន់ នល់ បាន​សងសឹកទៅលើ​ក្រុម សីហនុ និយម ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​ចាប់​អ្នក​ដែល​គាំទ្រ​ព្រះអង្គ​យក​ទៅ​ដាក់គុក ​ឬ​សម្លាប់​ចោល​។ បន្ទាប់​ទៅ​ពួក ប៉ុល ពត ធ្វើការ​សងសឹក​ជាមួយ​របប​មុន ជា​របប​សម្តេចព្រះ​នរោត្តម សីហនុ ក្តី ជា​របប លន់ នល់ ក្តី។ យើង​បាន​ប្រឹង​តស៊ូ​ដើម្បី​ឲ្យ​មានការ​រួបរួម​ជាតិ សូម​ប្រជាពលរដ្ឋ​កម្ពុជា​មើល​ចុះ ដែល​ការ​នេះ​បាន និង​កំពុង​កើត​លើ​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ។
 
សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា ឥឡូវនេះ​គេ​ចាប់​ផ្តើម​ប្រកាស​នូវ​សារ​នយោ​បាយ​​មួយ​ថា បើ​គេ​បាន​ឈ្នះ​ហើយ​គេ​កាត់ទោស​ពួក​មេដឹកនាំ​ អញ្ចឹង​ទេ​ សភាពការណ៍​ច្រំ​ដែលនៃ​ប្រវត្តិ​សាស្ត្រ បាន​កើត​ទៀតហើយ នេះ​ជា​ការ​កើត​ពិតប្រាកដ រួចហើយ​ចោទ​ប្រទេសជិតខាង​ថា​ ជា​អ្នក​ឈ្លានពាន ដូច្នេះ​សង្គ្រាម​ផ្ទៃក្នុង និង​សង្គ្រាម​ប្រទេសជិតខាង​ចៀស​មិន​ផុត​ទេ។ តាំងតែ​ពីសម្តេច​ឪ​ព្រះអង្គ​គង់​ប្រថាប់​នៅ សម្តេចម៉ែ ក៏ដូចជា​ព្រះករុណា​ព្រះ​ហា​ក្សត្រ​បច្ចុប្បន្ន​​បាន​ខិតខំ​ណាស់ ក្នុង​ការ​បង្រួបបង្រួម​ជាតិ។ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បាន​ខិតខំ​ណាស់​ក្នុង​ការ​ បង្រួបបង្រួម​ជាតិ តើ​ហេតុអ្វី​ទៅ​បានជា​គណ​បក្ស​ប្រឆាំង​មិនទាន់​ទាំង​បាន​កាន់អំណាច​ផង ប្រើ​ពាក្យ​ថា នឹង​កាត់ទោស​អ្នកដឹកនាំ​បច្ចុប្បន្ន?។ ទាក់​ទង​នឹង​សារ​នយោ​បាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​សន្និដ្ឋាន​ថា ដូច្នេះ​ច្បា​ស់​ណាស់​ថា សង្គ្រាម​មួយ​វា​នឹង​ផ្ទុះឡើង​ពេល​ដែល​គេ​ឈ្នះ​ឆ្នោត ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា ទង្វើ​ល្អ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ខិតខំ​ធ្វើ​នេះ នឹង​អាច​ក្លាយទៅជា​អ្នក​ចាញ់​ឆ្នោត​​តើ​ទៅ​កើត​ទេ។
 
ទោះ​បី​យ៉ាង​ណា​សម្តេច​តេជោ​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា យើង​អត់​មាន​បំណង​ធ្វើសង្គ្រាម​អ្វី​ទេ ក៏ប៉ុន្តែ​គេ​គំរាម​ធ្វើ​សង្គ្រា​ម​មុន​ទៅ​ហើយ សូម​ប្រជាជន​ចងចាំ​ចុះ នេះ​ហើយ​ជា​គុណធម៌​នៃ​អ្នក​នយោបាយ​ប្រឆាំង​ដែល មិន​ទាន់​បាន​កាន់​អំណាច​ផង ជេរ​គេ ហើយ​ត្រៀម​កាត់ទោស​គេ​ទៅ​ហើយ។
 
ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ឃុំ-សង្កាត់ អាណត្តិ​ទី៣ ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​កន្លង​ទៅ​នេះ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា នៅ​មាន​​ការ​ខុស​​គ្នា​ប្រមាណ​ជា ២​លាន​​សម្លេង​ថែមទៀត​ទើប​គេ​អាច​យក​ស្មើ​ជាមួយ​គណ​ប​ក្ស​ប្រជាជនបាន។ ​គណបក្ស​មួយ​នោះ​ត្រូវ​ខ្វះ​ដល់​ទៅ​ជិត ៣លាន​សម្លេង ហើយ​គណបក្ស​មួយទៀត​ខ្វះជាង ២លាន​សម្លេង ហើយ​​គណបក្ស​ទាំង២ បើសរុប​ចូលគ្នា​ក៏ត្រូវ​រក​ឲ្យ​បាន ៣លាន​សម្លេង​លើស​ពី​នេះ​ទៀត។ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​វាយ​តម្លៃ​​ថា ខ្ញុំ​ក៏​មិន​ជឿ​ថា ការ​រួប​រួម​ណា​មួយ​នឹង​អាច​ក្លាយទៅជា​បូក​សម្លេង​ឆ្នោត​ជា​ស្វ័យប្រវត្តិ​ ទេ។
 
សម្រាប់​ការ​បោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៥ នា​ពេល​ខាង​មុខ​នេះ សម្តេច​តេ​ជោ​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ថា បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញចិត្ត ការដឹកនាំ​របស់ខ្ញុំ បើ​ជឿ​ទុក​ចិត្ត​ខ្ញុំ ហ៊ុន សែន នេះ ដែល​អាច​ធ្វើ​បាន​ដឹកនាំ​ប្រទេស​មាន​សន្តិភាព ស្ថិរ​ភាព និង​មានការ​អភិវឌ្ឍ ដែល​មាន​នៅ​ក្នុង​ដៃ​រួច​មក​ហើយ​​នេះ សូម​បោះឆ្នោត​ជូន​​គណបក្ស​ប្រជា​ជន​ចុះ។ សម្តេចតេជោ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​មាន​តម្លៃ​ស្មើនឹង​ការ​បោះ​ឆ្នោត​ ឲ្យខ្លួនឯង​តែប៉ុណ្ណោះ ព្រោះ​បោះ​ដើម្បី​អ្វី? បោះ​ដើម្បី​រស់​រាន​មាន​ជីវិត បោះ​ដើម្បី​ចាក​ផុត​ពី​សង្គ្រាម បោះ​ដើម្បី​សន្តិភាព បោះ​ដើម្បី​ការ​អភិវឌ្ឍ ដូច្នេះ​បោះ​ឲ្យ​គណបក្ស​ប្រជាជន ហើយ​ឲ្យ​ខ្ញុំ​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មានតម្លៃ​ស្មើ​ បោះ​ជូន​ប្រជាជន​ខ្លួនឯង​តែ​ប៉ុណ្ណឹង។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា ការ​បោះឆ្នោត​ខុស​ ជា​ការ​បំផ្លាញ​ខ្លួនឯង​ទេ ដូច​ដែល​ពាក្យ​ទំនៀម​និយាយ​ថា សម្រេចចិត្ត​ខុស​មួយថ្ងៃ ចង្រៃ​មួយ​ជីវិត ដូច​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​ករណី​ដូចគ្នា​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ​បើ​ប្រជា​ជន​សម្រេចចិត្ត​ខុស​ នោះ។
 
ពាក់ព័ន្ធ​ជាមួយ​បេសក​កម្ម​វាស់វែង​បែងចែក​ ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាជន (គោលនយោបាយ​ចាស់ សកម្ម​ភាព​ថ្មីលើ​វិស័យ​ដីធ្លី) ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្តនឹង​ផ្អាក​ការងារ​របស់​ខ្លួន​នៅ​ត្រឹម​ថ្ងៃទី២០ ខែមិថុនា នៅមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចូល​មក​ដល់ ហើយ​ការវាស់វែង​នឹង​បន្ត​នៅ​ក្រោយ​ពេល​បោះឆ្នោត ប៉ុន្តែ​យុវជន​ស្ម័គ្រចិត្ត​អាច​វិលត្រឡប់​ទៅ​វាស់​វែង​ដីធ្លី​បាន​ក្នុង​ លក្ខខណ្ឌ  ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​តែប៉ុណ្ណោះ។ សម្តេ​ច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​បញ្ជាក់​ថា យុវជន​ស្ម័គ្រចិត្ត​វិលត្រឡប់​ទៅវិញ​បាន​ដរាបណា​គណបក្ស​ប្រជាជន​ឈ្នះ​ តែ​ប៉ុណ្ណោះ ព្រោះ​ការវាស់វែង​ដីធ្លី​ជាកាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​បើ​គណបក្ស​ប្រជាជន​មិនបាន​ទៅជា​គណបក្ស​កាន់​រាជរដ្ឋាភិបាល អនាគត​ផង យើង​មិន​រំលោភ​សិទ្ធិ​របស់​គេ​ច្បាស់​ណាស់ ដូច្នេះ​បើ​ចង់​ឲ្យ​ក្រុម​យុវជន​វិល​ត្រឡប​ទៅវិញ វិធី​មានតែ​មួយ​គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន
 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ជា​ជំនួយ​ឲ្យ​មន្ត្រី​សុរិយោ​ដី​ ប៉ុណ្ណោះ។ មន្ត្រី​សុរិយោដី​អាច​នឹង​ចុះទៅ​វាស់ដី​តទៅទៀត នៅ​ពេល​ដែល​រាជ​រដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​បក្ស​ផ្សេង​ប្រើ។ ប៉ុន្តែសម្រាប់​ក្រុម​យុវជនស្ម័គ្រចិត្ត សម្តេច​តេជោបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​មិន​មាន​ថវិកា​ជាតិ​ដើម្បី​ចិញ្ចឹម​ពួកគេ​ទេ គឺ​​ថវិកា​របស់​ពូ (សម្តេច​តេជោ)​ទេ ដែល​ចិញ្ចឹម​ក្មួយៗ​នោះ។
 
ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​ក្នុង វិស័យ​ព្រះពុទ្ធសាសនា​ជាច្រើន​ទៀត​នៅ​ក្នុង​វត្ត​អំពិល​វ័ន ស្ថិត​នៅ​ក្នុង​ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​នោះ​ដែរ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​អំពីការ​បញ្ជូន​កូន​ប្រុស​ មក​ឈរ​ឈ្មោះសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ក្នុង​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​នេះផង​ដែរ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​យក​ឱកាស​នេះ​ផ្ញើ​កូន​មួយ​ផង​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ ដោយឯកឧត្តម សាយ ឈុំ ចាត់​ឲ្យ​ចុះ​នៅ​ក្នុង​ស្រុក​ឧ​ត្តុ​ង្គ។ គាត់​ជា​កូនពៅ​របស់ខ្ញុំ ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ហើយ​ទៅ​កុំ​ឲ្យ​មានការ​ចុះផ្សាយ​ក្នុង​ទំព័រ​សារ​ ព័ត៌មាន​បរទេស​ច្រើនពេក។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា លោក ហ៊ុន ម៉ា​នី គាត់​នឹង​ក្លាយទៅជា​បេក្ខជន​តំ ណា​ង​រាស្ត្រ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​នេះ ដែល​គាត់​នឹង​ជួយ​រួមចំណែក​បន្ត​កសាង​សមិទ្ធផល​នានា ដែល​មន្ត្រី គណបក្ស​ប្រជាជន​បាន​កសាង​ពី​បាទ​ដៃទទេ​រហូតមកដល់​សព្វ​ថ្ងៃនេះ ហើយ​ក្នុង​នោះ​មាន​មួយ​ភាគ​ជា​សមិទ្ធផល ដែល​ខ្ញុំ និង​ភរិយា ក៏ដូចជា​ជីដូន ជីតា​របស់​គេ​បាន​កសាង​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​នេះ​ឯង។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ឯកឧត្តម កង ហ៊ាង អភិបាល​ខេត្ត​កំពង់​ស្ពឺ ដែល​ចូលនិវត្តន៍​ក៏​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ ​ស្ពឺ​​នេះ​ដែរ។
 
សម្តេចតេ​ជោ​សែន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​បាន​កកើត​ឡើង​នៅ​ក្នុង​វត្ត​អំ ពិល​វ័ន គឺ​អាស្រ័យ​ដោយ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ព្រះ​ចៅ​អធិការ និង​ការចូលរួម​ពី​គណៈកម្មការ អា​ចារ្យ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រោះថា បើ​ទោះ​បី​ជា​មាន​ជំនួយ​ពី​ខាងក្រៅ​យ៉ាង​ណា​ក៏​ដោយ វា​មិន​អាច​កើតឡើង​នូវ​សមិទ្ធផល​នេះ​បាន​ឡើយ។ “រឿង​នេះ​ជា​បទ​ពិសោធន៍​​មួយ ក្នុងចំណោម​បទពិសោធន៍​មិន​ថា​តែ​ការដឹកនាំ​ប្រទេស​ទេ ប៉ុន្តែ​ការដឹកនាំ​វត្ត​មួយ​បើ​ដឹកនាំ​មិន​ត្រឹមត្រូវ ទេ​នឹង​កើតមានឡើង​នូវ​ទំនាស់​បែកបាក់​ពេញ​វត្ត​ជាមិនខាន​ឡើយ ដែល​នេះ​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើការ ដក​ពិសោធន៍​អំពី​ការដឹកនាំ”។
 
សម្តេច​តេ​ជោ​មានប្រសាសន៍​ពន្យល់​ថា ប្រសិនបើ​ព្រះ​ចៅ​អធិការ គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត​មានការ​រួបរួម​សាមគ្គី​ហើយ​នោះ​ សមិទ្ធផល​វា​នឹង​ចេះតែ​កើតឡើង​ហើយ​វា​កើត​ដោយ​កម្លាំង សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ដែល​នៅ​ជុំវិញ និង​មានការ​ចូល​រួម​ចំណែក​ពី​សប្បុរ​សជន​មកពី​ទី​ឆ្ងាយ ផង​ដែរ។ ប្រទេសជាតិ​ក៏​ដូចគ្នា​ដែរ បើសិនជា​ប្រទេស​មួយ​មានការ​បែកបាក់ ប្រទេសក្រៅ​ក៏​មិន​មក​វិ​និ យោគ​ឬក៏​ផ្តល់​ជំនួយ​មក​ឲ្យ​យើង​ដែរ ហើយ​វា​ដូចជា​នៅ​ក្នុង​សម័យ​សង្គ្រាម នៅ​ពេល​ដែល​​ប្រទេស​យើង​មាន​សង្គ្រាម បរទេស​បាន​បែង​ចែក​គ្នា​គាំទ្រ​ភាគី​នេះ ភាគី​នោះ​ឲ្យ​យើង​ច្បាំង​គ្នា ប៉ុន្តែ​នៅ​ពេល ដែល​យើង​រួបរួម​គ្នា បរទេស​ក៏​រួបរួម​គ្នា​ផ្តល់​ជំនួយ​មក​ឲ្យ​យើង​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ដែរ។
 
ឯកឧត្តម កង ហ៊ាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឱ្យ​ដឹងអំពី​ដំណើរការនៃការ​កសាងវត្ត​អំពិល​វ័នថា ​ បាន​ចាប់​ផ្តើម​ដំណើរការ​សាង​សង់​ឡើង ពីថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ១៩៩៧ និង​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១០។ សមិទ្ធផលដែល​ត្រូវ​បាន​​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​តេ​ជោសែន រួមមាន​ព្រះវិហារ​ថ្មី​មាន ២ ជាន់​ធ្វើ​អំពី​បេតុង​ដំបូល​ប្រក់​ក្បឿង​ទំហំ ២៤ម៉ែត្រ x១៤ម៉ែត្រ កំពស់ ១២ម៉ែត្រ៥០ អស់​ថវិកា​ចំនួន​១៧៥.០០០ដុល្លារ​អាមេ​រិ​ក។ ព្រះពុទ្ធ​បដិមា​អំពី​ស្ពាន់​ចំនួន៥ ព្រះអង្គ ដងទង់ ១គូ កំពស់ ២៥ ម៉ែត្រ ទង់ ១គូ និង​ក្លោងទ្វា១ កំពស់៤ម៉ែត្រ ។ គ្រឹះ​ឧបដ្ឋាន​សាលា​បណ្តោយ ៣៣ម៉ែត្រ x២១​ម៉ែត្រ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​អស់​ថវិកា​ចំនួន៤៨ ៧៩៥ដុល្លារ និង​ប្រាក់​រៀល​ចំនួន៤០ ៩០០ ០០០ រៀល ក្នុង​នោះ​ថវិកា​របស់​អ្នកឧកញ៉ា មហា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង ចំនួន ១២២.២៥០ដុល្លារ​អាមេរិក ថវិកា​របស់​លោក​មហា​ឧបាសិកា ប៊ុន ស៊ាង​លី និង​បុត្រ​ធីតា ចំនួន ៦៣.១២៥ ដុល្លារ ដែល​សរុប​ការ​ចំណាយ​ទាំងអស់​មាន​ចំនួន២២៣.៧៩៥ ដុល្លារ​អាមេរិក និង​ប្រាក់​រៀល ៤០ ៩០០ ០០០ រៀល។ សមិទ្ធផល​ទាំងអស់​ខាងលើ​នេះ ក៏​មាន​ការ​ចូលរួម​ពី​ឧបាសក​ព្រឹទ្ធាចារ្យ ស ប៊ិ​ត និង​មហា​ឧបាសិកា ម៉ក់ សែម ព្រមទាំង​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​លោកជំទាវ ឯកឧត្តម សាយ ឈុំ និង​លោកជំទាវ លោកជំទាវ ហូ ណូន ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​នានា​ជាច្រើន​ទៀត៕