Friday, April 25, 2014

សម្តេចនាយករដ្ឋមន្រ្តីអញ្ជើញចូលជួបសម្តែងការ និងពិភាក្សាការងារ ជាមួយប្រធានាធិបតីបេឡារុស

យោងតាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាអញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម អាឡិចសាន់ដឺរ លូកា ឆាន់កូ (Aleksander Lukashenko) ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ មេសា ឆ្នាំ ២០១៤ បន្ទាប់ពីបានអញ្ជើញ ទៅដល់សាធារណរដ្ឋបេឡារុសតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋ​បេឡារុសនោះ ។​
ឯកឧត្តមប្រធានា ធិបតីមានប្រសាសន៍ ថា ប្រទេសយើងទាំងពីរកម្ពុជា-បេឡារុស អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន ពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ត្រាក់ ទ័រដែលប្រើប្រាស់នៅក្នុងប្រទេសរុស៊្សីនាពេលបច្ចុប្បន្ននេះគឺនាំចូលពីបេឡារុស តាមរយៈនេះ ឯកឧត្តម ចង់ឃើញការសហការពីកម្ពុជាក្នុងផលិតត្រាក់ទ័រ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឲ្យការនាំចេញប្រកប ដោយសក្តានុពលបំផុត ។ ជាមួយគ្នានេះឯកឧត្តមនឹងខិតខំឲ្យផ្នែករដ្ឋាភិបាលធ្វើការសហការជាមួយ នឹងកម្ពុជាក្នុងការជំរុញការវិនិយោគនៃប្រទេសទាំងពីរផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះឯកឧត្តមប្រធានា ធិបតី ដែលបានទទួលនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាននៃដំណើរទស្សនកិច្ចរបស់ សម្តេច និងគណៈប្រតិភូមកកាន់ប្រទេសបេឡារុស ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ផ្ញើជូនឯកឧត្តមប្រធានាធិបតី និងបានពាំនាំនូវការយាងរបស់ព្រះ មហាក្សត្រកម្ពុជា ក្នុងការគោរពអញ្ជើញឯកឧត្តមប្រធានាធិបតីមកបំពេញ​ទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំជំរុញ កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែរឹងមាំថែមទៀត ហើយតាមរយៈដំណើរទស្សនកិច្ច របស់សម្តេចមកកាន់ប្រទេសបេឡារុសនៅពេលនេះ យើងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសំ ខាន់ៗចំនួន ១០ សំដៅធ្វើយ៉ាងណាឲ្យកាន់តែទទួលបានជោគជ័យថែមទៀតលើការពង្រឹង និងពង្រីក ទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរឈានដល់ចំណុចកំពូលថ្មីមួយទៀត។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើ ការពិភាក្សាគ្នាលើបញ្ហាទ្វេភាគី ពហុភាគី និងបញ្ហាតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
ដោយ ជ័យ ភូមិពល