Friday, April 25, 2014

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបសន្ទនាជាមួយប្រធានសភាឡាវ

AKP  ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —ទូរទស្សន៍ជាតិកម្ពុជាផ្សាយឲ្យដឹងថា នៅថ្ងៃទី ២៤ មេសាឆ្នាំ ២០១៤ ដែលជាថ្ងៃទី ២ នៃដំណើរ ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញចូល ជួបសន្ទនាការងារជាមួយលោកជំទាវ ប៉ានី យ៉ាថរូ (Pany Yathotou) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាប្រធានសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងជំនួបពិភាក្សាគ្នានោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានសម្តែងនូវការរីករាយ ដោយបានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីទៅកាន់ប្រទេសឡាវ កាលពីដើមខែកុម្ភៈកន្លងទៅ។
សម្តេចតេជោ និងលោកជំទាវប្រធានសភាឡាវបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរ សើរចំពោះទំនាក់ទំនង់មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានការរីកចម្រើនយ៉ាងឆាប់ រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា រដ្ឋាភិបាល មន្រ្តីគ្រប់ស្ថាប័ន និងស្រទាប់យុវវ័យរហូតដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានពុះពារនូវរាល់ ការលំបាកដូចគ្នា ក្នុងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅធ្វើយ៉ាង ណាឲ្យប្រទេសយើងទាំងពីរបានរួចចាកផុតពីភាពក្រីក្រ ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គម ដែល បម្រើឲ្យការតភ្ជាប់នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឡាវអាចប្រាស្រ័យទាក់ទាក់ទងគ្នា និងធ្វើកិច្ច សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ ។
ក្នុងជំនួបពិភាក្សានោះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តដោះ ស្រាយនូវរាល់ភាពអវិជ្ជមាននានា ដែលប្រទេស ទាំងពីរមិនទាន់បានដោះស្រាយបញ្ចប់ សំដៅធ្វើយ៉ាង ណាឲ្យប្រទេសទាំងពីរឈានចូលសមាគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ ខាងមុខ ប្រកបដោយ ស្មារតីទទួលខុសត្រូវ និងមានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសជាសមាជិក អាស៊ានទាំងអស់ ។
ដោយសារតែថ្នាក់ដឹកនាំទាំងពីរកំពុងតែបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងមីនស្កដូចគ្នា ជាមួយ គ្នានោះ ប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែង នូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សន កិច្ចនៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសពីគ្នាទៅវិញទៅមកផងដែរ៕
ដោយ ជ័យ ភូមិពល