Friday, April 25, 2014

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទស្សនារោងចក្រផលិតរថយន្ត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤-ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនី នៃ រោងចក្រផលិតរថយន្ត ក្នុងទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីនោះ កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤។
ក្រុមហ៊ុនផលិតរថយន្តនេះមានសាខាចំនួន ១១ ក្នុងប្រទេសបេឡារុស និងមាន បុគ្គលិក កម្មករ កម្មការិនីការប្រមាណ ១០ ម៉ឺននាក់ ដែលបាន តម្លើងយានយន្តដឹកជញ្ជូន ធន់ធ្ងន់ ធន់ស្រាល ប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកជញ្ជូនអ្នកដំណើរ រថយន្តធន់ធ្ងន់ សម្រាប់បម្រើឲ្យវិស័យ ការពារជាតិ និងរថយន្តផ្សេងៗទៀត តាមរយៈការបញ្ជាទិញពីអ្នក ប្រើប្រាស់ ។ បច្ចុប្បន្នប្រទេសរុស៊្សី គឺជាទីផ្សារដ៏ធំធេងគេក្នុងការបញ្ជាទិញរថយន្តគ្រប់ ប្រភេទពីរោងចក្រនេះ ជាពិសេសនៅតំបន់អាស៊ី និងអឺរ៉ុបក៏បានបញ្ជាទិញរថយន្តពីក្រុម ហ៊ុនផលិតរថយន្តនេះផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយ តម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានអនុញ្ញាត ឲ្យគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលទស្សនារោងចក្រ និងខ្សែសង្វាក់ផលិតកម្មក្នុងក្រុម ហ៊ុន ពិសេសការពិនិត្យដោយផ្ទាល់នូវ ការតម្លើងរថយន្តធន់ធ្ងន់ ធន់មធ្យម និងធន់ស្រាល របស់ក្រុមហ៊ុននោះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមាន មោទនភាព ដោយបានមកទស្សនាដោយផ្ទាល់ពីខ្សែសង្វាក់ផលិតកម្ម នៃការតម្លើងរថយន្ត នោះ ដែលបានបង្ហាញឲ្យឃើញពីសក្តានុពលដ៏រឹងមាំ របស់ប្រទេស បេឡារុស ក្នុងការតម្លើង គ្រឿងចក្រ និងផលិតកម្មផ្សេងៗទៀត ដែលបម្រើឲ្យការអភិវឌ្ឍលើវិស័យកសិកម្ម និង ឧស្សាហកម្ម ក្នុងសម័យដ៏ទំនើប យើងនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនថា ប្រទេស កម្ពុជាគឺជាប្រទេសកសិកម្ម ប៉ុន្តែពេលនេះយើង មិនទាន់មាន លទ្ធភាពក្នុងការពង្រីកសក្តា នុពលលើវិស័យកសិកម្មឲ្យឆ្លើយតបទៅតាមតម្រូវការទីផ្សារនៅឡើយទេ ដោយសារតែ កម្ពុជាកំពុង ជួបប្រទះនូវបញ្ហា បច្ចេកទេស ពិសេសគ្រឿងចក្របម្រើឲ្យការផលិតកម្ម ។ សម្តេចតេជោថ្លែងបន្តថា នៅក្នុងទសវត្ស ៦០-៧០ ប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ ទំនងជាមួយគ្នាក្នុងការតម្លើងត្រាក់ទ័រ ប៉ុន្តែវាត្រូវបានបំផ្លាញដល់ឫសគល់ក្នុងសម័យ សង្រ្គាម និងរបបប្រល័យពូជសាសន៍ ។
ជាមួយនិងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ទាំងស្រុងនូវសង្រ្គាមហែកហួរអស់រយៈជាច្រើនទសវត្សរ៍មក នេះ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសបច្ចុប្បន្នកម្ពុជា កំពុងតែបើកចំហជើងមេឃរបស់ខ្លួនក្នុងការទាក់ទាញ អ្នកវិនិយោគទុនមកពីគ្រប់ទិសទី ក្នុង ពិភពលោកដោយមិនប្រកាន់ប្រទេសណាមួយជាសត្រូវរបស់កម្ពុជានោះទេ ពោលគឺកម្ពុជា ទទួលយក អ្នកវិនិយោគទុន ដែលមានឆន្ទៈពិតប្រាកដក្នុងការវិនិយោគក្នុងគោលដៅ សន្តិភាព និងបម្រើឲ្យការរីកចម្រើនរបស់សង្គម ។
តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំ ពោះសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស រាជរដ្ឋាភិបាល កម្ពុជា ដែលបាន ផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទស្សនារោងចក្រតម្លើងរថយន្ត ដែល នោះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់បំផុតដល់ថ្នាក់ ដឹកនាំ បុគ្គលិក កម្មករ និងកម្មការិនីទាំងអស់ក្នុងរោងចក្រមានលទ្ធភាពក្នុងការបំពេញការ ងារតម្លើងរថយន្ត និងគ្រឿងចក្របម្រើឲ្យការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
ប្រទេសទាំងពីរកម្ពុជា-បេឡារុស បានបង្កើតចំណងទាក់ទងការទូតជាមួយគ្នាមក ដល់ពេលនេះមានអាយុកាលជិត ២០ ឆ្នាំមកហើយ ។ នៅក្នុងរយៈពេលនេះប្រទេសទាំង ពីរបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយផ្លែផ្កា ប៉ុន្តែអ្វីដែលជាសមិទ្ធផល ដែលលេចធ្លោ ជាងគេបំផុតនោះគឺនៅដើមអាណត្តិទី ៥ នេះ ប្រទេសបេឡារុសបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការតម្លើងរោងចក្រ តម្លើង ត្រាក់ទ័រជាលើក ដំបូងក្នុងប្រទេសកម្ពុជា ដែលរោងចក្រតម្លើងត្រាក់ទ័រនោះ គឺជាផ្នែកមួយនៃទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជា មួយរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុសក្រោមការ ដឹកនាំរបស់ឯកឧត្តម មីខាយ មីយ៉ាស នីកូវិច ជានាយករដ្ឋមន្រ្តីនោះ៕
ដោយ ជ័យ ភូមិពល