Thursday, August 7, 2014

សម្តេច​តេជោ៖ ភាពអភិរក្ស​​និយម​​របស់​​មនុស្ស​​ចាស់​​ប្រៀប​​ដូច​ជា​ដុំថ្ម​សង្កត់​​លើព​ន្លក​ ដែល​​មិន​អាច​​ដុះ​​បាន

ថ្លែង​ក្នុង​ពីធី​បិទ​សន្និសីទ​អន្តរជាតិ​លើកទី៥ ស្ដីពី​ភាពអ្នក​ដឹកនាំ​នៃ​បញ្ញវន្ត​ឆ្នើម ឆ្នាំ២០១៤ នា​ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤​ នៅសណ្ឋាគារ​សូហ្វីតែល​ ក្នុង​រាជធានី​ភ្នំពេញ​ សម្ដេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន​ សែន​ បាន​ជំរុញ​ឲ្យ​មាន​ការផ្ដល់ ​ឱកាស​ដល់​យុវជន​កម្ពុជា​ឲ្យបាន​ច្រើន​ដោយ​សម្ដេច​បាន​ចាត់​ទុក​ថា ភាពអភិរក្ស​និយម​របស់​មនុស្ស​ចាស់​ប្រៀប​ដូច​ជាដុំថ្ម​សង្កត់​លើ​ពន្លក​ ដែល​មិន​អាច​ដុះបាន​ ដែល​នេះ​ជា​ចំណុច​ដែល​ត្រូវយក​ចិត្ត​ទុដាក់​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពន្យល់​ថា សូម​កុំ​ភ្លេច​ថា​គ្រប់​ចលនា​នៃការ​វិវត្ត​ប្រែប្រួល​មិន​ត្រឹម​តែ​ក្នុង​សតវត្ស​ទី​២១​ទេ ប៉ុន្តែ​តាំង​ពីសតវត្សទី២០ គេបាន​មើល​ឃើញ​នូវ​គ្រប់​ទីកន្លែង​យុវជន គឺជា​កម្លាំង​នាំមុខ​នៃ​ការ​ផ្លាស់ប្ដូរ ដូច្នេះ​ប្រសិន​បើ​យើង​មិន​ផ្ដល់ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ទេ អាច​នឹង​មាន​បដិវត្ត​ចេញពី​យុវជន​នេះតែម្ដង បើសិនជា​យើង​ធ្វើ​មិន​ត្រូវ និង​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ចំ​របស់​យុវជន​ទេ នោះ​ហើយ​ជាបញ្ហា​ហើយ​បទ​ពិសោធន៍​នេះ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ សម្តេចតេជោ​ថ្លែង​ថា ខ្ញុំ​គ្រាន់​តែ​រំឭក​ឡើង​វិញថា យើង​មិន​ត្រូវ​ភ្លេ​ចទេ ពេល​ខ្លះ ឪពុក​ម្ដាយ​បំពេ​កូន​តែរឿង​នេះជា​រឿង​ធម្មជាតិ ប៉ុន្តែ​សម័យ​នេះកូន​បំពេ​ឪពុក ម្ដាយ​វិញ ព្រោះ​ចំណេះ​ដឹង ចំណេះ​ធ្វើ​ដែល​ពួក​គេ​បាន​រៀន គេ​យក​ទៅ​ជួយ ឪពុក​ម្ដាយ​របស់​គេ។ កាល​ពីមុន​ក្នុង​ស្ថានភាព​អភិរក្ស និង​ខ្វះ​ការបណ្ដុះ​បណ្ដាល គឺ​មេបំពេ​កូន​តែ​ឥឡូវ​កូន​បំពេមេ​វិញ​ម្ដង ដូច្នេះ​បញ្ហានេះ​ត្រូវផ្ដល់​ឱកាស គ្រប់គ្រាន់​ឲ្យ​កាន់តែ​ច្រើន​ឡើង​សម្រាប់​យុវជន ហើយ​យុវជន​ត្រូវ​ការអ្វី ត្រូវ​សិក្សា​ឲ្យទាន់​ដើម្បី​តម្រូវការ​ទៅ​លើ​ការ​ចាំបាច់។

ទោះ​បី​យ៉ាង​នេះ​ក្តី សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​ដំបូន្មានថា យុវជនក៏មិន ត្រូវ​មើល​ឃើញ​មនុស្ស​ចាស់​ថា សុទ្ធតែ​ជាមនុស្ស​អន់​ដែរ នេះជា​ចំណង​ទាក់ទងវិចារវិទ្យា។ មនុស្ស​ចាស់​ត្រូវ​ផ្ដល់​សារៈ​សំខាន់​ឲ្យ​យុវជន​វ័យ​ក្មេង ដែល​ហៅ​ថា រលក​ក្រោយ​ច្រានរលក​មុន ប៉ុន្តែ​យុវជន​ខ្លួនឯង​មិន​ត្រូវ​មើល​ឃើញ​តែ​ថា ឲ្យ​តែចាស់​អន់ទាំង​អស់ មិនមែន​ដូច្នេះទេ។ ដូច្នេះ​ស្ថាន​ភាពបោះ​ចម្រុះ​រវាង​មនុស្ស ដែល​មាន​វ័យ​ចំណាស់ វ័យ​កណ្ដាល និង​យុវជន ​គឺត្រូវ​ទៅ​ជា​មួយ​គ្នា។

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ក៏​បានប្រកាស​ឲ្យ​ដឹង​ពី​ការ​រៀប​ចំសមាសភាព​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋ​សភា របស់​សម្តេច​ថា ខ្ញុំ​បាន​រៀបចំ​នូវស្ថាន​ភាពបោះ​ចម្រុះ​នៅ​ក្នុង​រាជរដ្ឋាភិបាល ដោយ​មាន​ដាក់អ្នក​អាយុជាង​២០ឆ្នាំ ជា​អនុរដ្ឋ​លេខាធិការ អាយុ​ជាង ៣០​ឆ្នាំ​ជា​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ បើ​មិន​ដូច្នោះ​ទេដល់​ដំណាក់​កាល​ណា​មួយ​គឺរលំ​គ្រេង​ទៅ​ទាំងអស់​ដោយ​សុទ្ធ​តែ​អាយុ​៧០ឆ្នាំ ទៅ៨០ឆ្នាំ អីចឹង​បញ្ហា​នេះទាមទារ​ឲ្យ​មាន​ការស៊ី​សង្វាក់​គ្នា​ធ្វើសុខ​ដុមនីយកម្ម។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​អំពី​មូល​ហេតុ ​ដែល​សម្តេច​ប្រើ​ប្រាស់​សមត្ថភាព​យុវ​ជន​ក្មេងៗដែល​មិន​ទាន់​មាន​បទពិសោធន៍​ថា យើង​កុំស្ទាក់​ស្ទើរ មាន​ពេល​ខ្លះ​យើង​ត្រូវ​តែ​ហ៊ាន​ឲ្យ​គេ​លោត​ទៅ​ក្នុង​ទឹក ទើប​គេ​ចេះហែល​ទឹក ជួនកាល​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង ថ្នាក់​ដឹក​នាំ​របស់​យើង​មួយ​ចំនួន ដែល​មានភារកិច្ច​លើក​នូវ​សំណើ​តែងតាំង​មន្ត្រី គិតថា​គេ​នៅ​ក្មេងពេក មិន​ទាន់​មាន​បទពិសោធន៍ មាន​ពេល​ខ្លះ​ខ្ញុំ​ក៏បាន​ប្រាប់​ថា បើ​មិន​ទាន់​ប្រគល់​ការងារ​ឲ្យ​គេ ផង​រួច​យើង​ថាឲ្យ​គេគ្មាន​បទពិសោធន៍​យ៉ាងម៉េច។ ដូច្នេះ​បានជា​មានពេល​ខ្លះ ខ្ញុំ​ប្រើ​ពាក្យ​ខ្លះ​សូម​ឲ្យ​លោត​ទៅ​ក្នុង​ទឹក​បានចេះ​ហែល​ទឹក ទាំង​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​តែងតាំង និង​អ្នក​ដែល​ត្រូវ​ទទួល​ការ​តែង​តាំង។ ខ្ញុំ​និយាយ​នេះ​អ្នក ដែល​ត្រូវ​ទទួល​ការតែង​តាំង​កុំ​និយាយ​ភាសា​ហ្នឹង ខ្លួន​ឯង​មិន​ទាន់​ទៅ​ធ្វើផង​ធ្វើម្ដេច​ដឹងថា​ធ្វើ​កើត ហើយ​នៅលើ​ពិភព​លោក​នេះ​ពុំ​មាន​សាលា​ណា​ដែល​បង្ហាត់​បង្រៀន​ឲ្យធ្វើជា​នាយក​រដ្ឋមន្ត្រី​ធ្វើយ៉ាង​ម៉េច ប្រធានាធិបតី​ធ្វើ​យ៉ាង​ម៉េច ឧបនាយករដ្ឋមន្ត្រី​ធ្វើ​យ៉ាងម៉េច រដ្ឋមន្ត្រី​ធ្វើ​យ៉ាងម៉េច គឺគ្មាន​សាលា​ហ្នឹងទេ សាលា​ហ្នឹង​វា​កើតចេញ​ពីការ​ជាក់​ស្ដែង នៃ​ការដោះ​ស្រាយ​បញ្ហា​តាម​ប្រទេស​មួយៗ តែ​គេ​អាច​មាន​សញ្ញាណ​របស់​វា​គឺ​អ្វីខ្លះ​នោះ។

ទាក់​ទង​នឹង​ទស្សនាទាន​អំពីការ​ផ្លាស់​ប្តូរ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ជា​បទ​ពិសោធន៍​អំពី​ផល​វិបាក​ដែល​ត្រូវ​ប្រឈមនា​ពេល​កន្លង និង​ដាក់​ចេញ​ជា​សំណួរ​ថា ការដូរ​មនុស្ស​ម្នាក់ ដែល​បាន​លទ្ធផល​មកវិញនូវ​ការស្លាប់​មនុស្ស​រាប់សែន​លាន​នាក់ តើជា ការត្រឹម​ត្រូវ​ទេ?។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការដូរសម្ដេច​ព្រះនរោត្ដម​សីហនុឆ្នាំ​១៩៧០ ​កម្ពុជា​ធ្លាក់ក្នុង​សង្គ្រាម ៥ឆ្នាំ គ្រាប់បែក​អាម៉េរិក​ដែល​ទម្លាក់​នៅកម្ពុជា​ស្មើនឹង​គ្រាប់​បែក​ដែល​អាម៉េរិក​ទម្លាក់​ក្នុង​សង្គ្រាមលោក​លើក​ទី២ ឬ​លើស​ចំនួន​នឹង​ផង បន្ទាប់​ទៅ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បាន​មក​ដល់ស្លាប់​មនុស្ស​រាប់​លាននាក់ សង្គ្រាមរ៉ាំរ៉ៃ​របស់ កម្ពុជា ជាភ័ព្វ​សំណាង​ដែល​នយោបាយ ឈ្នះ ឈ្នះ បាន​ទៅ​ប៉ះនឹង​យុទ្ធសាស្ត្រ ច្រេះ​ស៊ី​ដែក​របស់​ខ្មែរក្រហម ប៉ុន្តែ​ស្ថាន​ភាព ឈ្នះ ឈ្នះ បាន​ផ្ដល់​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​មក​ដល់​ពេល​នេះ ហើយ​នេះ​ក៏ជាការ​ចែក​រំលែក​មួយ​ដែរ ព្រោះ​ជួនកាល​វាទៅ​ជាភាព​ជ្រុល។

នៅ​ក្នុង​សុន្ទរកថា សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី​បាន​ផ្ដល់​នូវ​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ជួយ​អភិវឌ្ឍន៍​យុវជនកម្ពុជា ​ជាអាទិ៍៖

ទី​១-​ ត្រូវ​បង្កើន​កាលានុវត្ដភាព​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ជាងគេ​ នៅ​តំបន់​អាស៊ាន​។​ ពោល​គឺ​ប្រជាជន​ ប្រមាណ​៥​លាន​នាក់ ​ស្មើនឹង ​៣០​ភាគ​រយ​នៃ​ប្រជាជន​សរុប ​គឺជា​យុវជន​ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ ដល់ ​២៩​ឆ្នាំ​ ហើយ​ចំណុច​នេះ​នឹង​កើនឡើង​ដល់​ ៤០​ភាគរយ ​នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ​២០២០​។​ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ វិស័យ​ឯកជន​ អង្គការ​ជាតិ​ អន្ដរជាតិ​សុំ​បង្កើន​កិច្ច​សហ​ការ​និង​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​ទីផ្សារ​ការងារ​សម្រាប់​យុវជន​ និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​យុវជន​គ្រប់​ស្រទាប់​វណ្ណៈ​ ដោយ​ផ្ដល់​នូវ​ការ​អប់រំ​ ការ​បណ្ដុះ​បណ្ដាល​ ហើយ​ឈាន​ទៅ​រក​ទីផ្សារ​ការ​ងារ ​និង​ពង្រឹង​ការ​ចូលរួម​របស់​យុវជន​។

ទី​២-​ ពង្រឹង​ការ​អប់រំ​និង​ការ​អភិវឌ្ឍ​ ជំនាញ​របស់​យុវជន​។​ ជា​រួម​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​បាន ​និង​កំពុង​យកចិត្ដទុកដាក់​ ពី​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ និង​ការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​ផ្ដល់​ឱកាស​ការងារ​ដល់​ គ្រប់​ស្រទាប់​យុវជន​។​ សូម​ស្ថាប័ន​ ក្រសួង​ពាក់ព័ន្ធ​ វិស័យ​ឯកជន​ អង្គការ​ជាតិ​ អន្ដរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​បន្ដ​ចូលរួម​នូវ​ការ​អប់រំ​ និង​ការ​បណ្ដុះបណ្ដាល​ មួយ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ពង្រឹងសមត្ថភាព​ ចំណេះ​ ដឹង​ពិតប្រាកដ​ដល់​យុវជន​កម្ពុជា​។​ ត្រូវ​បង្កើន​ និង​ពង្រឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​ ដល់​យុវជន​ក្រៅ​សាលា​ ឬ​ចាក​ចេញពី​សាលា​មុន​កម្រិត​ទុតិយភូមិ​ និង​យុវជន​ ដែល​បោះបង់​ការ​សិក្សា​ឱ្យ​មាន​ជំនាញ​ និង​ផ្ដល់​លទ្ធភាព​ឱ្យ​ពួក​គាត់​អាច​ចាប់​ យក​កាលានុវត្ដភាព​ការងារ​ ។​

ទី​៣-​ ផ្ដល់​ជំនាញ​ឱ្យ​យុវជន​ក្លាយជា​ អ្នកជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ពិតប្រាកដ​។​ ក្នុង​ចំណុច​នេះ​ខ្ញុំ​សូម​លើកទឹកចិត្ដ​ដល់​វិស័យ​ឯកជន​សូម​ផ្ដល់​ឱកាស​ឱ្យ​កាន់តែ​ ច្រើន​ដល់​សិស្ស​ និស្សិត​ដែល​កំពុង​សិក្សា​ នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​ ឬ​វិទ្យា​ស្ថាន​អប់រំ​បច្ចេកទេស​នានា​ឱ្យ​ទទួល​បាន​ នូវ​វគ្គ​កម្មសិក្សា​មួយ​មុន​នឹង​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ ដើម្បី​សិស្ស​ និស្សិត​ដែល​ ជា​យុវជន​អាច​ទទួល​បាន​មិន​ត្រឹមតែ​ ចំណេះដឹង​ និង​ជំនាញ​ខាង​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​អាច​ទទួល​បាន​នូវ​កាលានុវត្ដភាព​ថ្មី​ តាម​រយៈ​ការ​ចូលរួម​ ការ​អនុវត្ដ​ផ្ទាល់​ក្នុង​មជ្ឈដ្ឋាន​ការងារ​ ជាក់ស្ដែង​។

សម្ដេចតេជោ​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​នានា​ ទាំង​រដ្ឋ ​និង​ឯកជន​ផ្ដល់​នូវ​ចំណែក​នៃ​ការ​ចុះ​ធ្វើ​កម្មសិក្សា​និង​ការ​ចូលរួម​នានា​ ដែល​អាច​ទទួល​ទៅ​បាន​។​ ចំពោះ​ក្រសួង​សុខាភិបាល​បាន​អនុវត្ដ​បាន​ច្រើន​ចំណុច​ទាំង​អស់នេះ​ទាមទារ​នូវ​ការ​ចូលរួម​ ទាំង​ផ្នែក​រដ្ឋ​ទាំង​ផ្នែក​ឯកជន​ដើម្បី​ឱ្យ​មានកម្ម​សិក្សា​ឱ្យ​ពួក​គេ​ទាញយក​ផលប្រយោជន៍​ពី​កម្មសិក្សា​ និង​ទស្សនកិច្ច​ដក​ពិសោធន៍​។​

ទី​៤-​ ជំនាញការ​ចូលរួម​សេវា​យុវជន​ ក្នុង​សេវា​សាធារណៈ​សង្គម​ក្នុង​បរិការណ៍​ សាកល​ភាវូប​នីយ​កម្ម​។​ កា​រវិ​វត្ដ​នៃ​របប​សង្គម​ ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ បាន​ទាមទារ​ឱ្យ​មានការ​គិតគូរ​ឈរ​លើ​ចីរភាព​បរិស្ថាន​។​ ការ​ចូលរួម​របស់​យុវជន​តាម​រយៈ​ និង​ចំណេះដឹង​របស់​ខ្លួន​ បាន​ និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ វិស័យ​បរិស្ថាន​ និង​បេតិកភណ្ឌ​។​ ការ​ចូលរួម​ក្នុង​សកម្មភាព​បរិស្ថាន​ ការ​ដាំ​ដើមឈើ​ ការ​ថែរក្សា​អភិរក្ស​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​សុទ្ធ​សឹង​ជា​ភារកិច្ច​ ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​បរិស្ថាន​ និង​វប្បធម៌​ប្រក​ដោយ​ប្រសិទ្ធភាព​។

ដោយឡែកប្រតិកម្ម​ទៅ​នឹង​ការផ្សាយ​របស់​កាសែត​ដឺ​ណេ​សិន​របស់​ថៃ​ (The Nation) ដោយ​បាន​ និយាយ​អំពី​លោក​ ហ៊ុន ​ម៉ា​ណែ​ត ​ថា​ ជា​អ្នក​ស្នង​តំណែង​របស់​នាយក​រដ្ឋ​មន្ត្រី​ពី​ឪពុក​នោះ​សម្ដេច​អគ្គ​មហា​ សេនា​បតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​កម្ពុជា ​មិន​អាច​អនុវត្តន៍​ដូច​នេះ​បានទេ​ វា​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។​

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ជូន​ត្រឡប់​ទៅវិញ​ថា​ប្រទេស​នៅ​លើ​ពិភព​លោក​ដែល​ អនុវត្តន៍​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​នៃ​ការ​បោះឆ្នោត ​តើ​ការ​ផ្ទេរតំណែង​បែប​ណា​ទៅៗ​ដល់​កូន​បាន​នោះ​។ ​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ​នៅ​លើ​ពិភព​លោក​ដែល​បាន​កើត​នូវ​រឿងរ៉ាវ​ត​ត្រកូល​ យ៉ាង​នេះ ​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​វ័យ​២៧​ឆ្នាំ ​ហើយ​នឹង​ចាប់​ផ្ដើម​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣២​ឆ្នាំ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ បាន​ឮ ​គឺ​ខ្ញុំ​បាន​ដឹង​ នៅ​ប្រទេស​បី​ដែល​ឪពុក​ស្លាប់​កូន​បាន​ឡើង​ជំនួស​។ ​ទី​មួយ​​ គឺ​នៅ​ប្រទេស​ស៊ី​រី​ ទី​ពីរ​នៅ​ប្រទេស​កុង​ហ្គោ(ហ្សាអៀរ)​ និង​ទី​បី ​គឺ​ប្រទេស​កូរ៉េ​ខាង​ជើង​ ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ​គឺ​មិន​យ៉ាង​ដូច្នោះ​ទេ ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត ​គឺ​ទាមទារ​នូវ​សន្លឹក​ឆ្នោត​នៃ​ការ​ជឿ​ទុកចិត្ត ​ពី​សំណាក់​ប្រជាជន​។ ​ដូច្នេះ​បញ្ហា​នេះ​គ្រាន់តែ​បញ្ជាក់​ ហើយ​ជា​ការ​ជូន​សារ​ត្រឡប់​ទៅវិញ​ឲ្យ​កាសែត​ដឺ​ណេ​សិន​នៅ​ប្រទេស​ថៃ​បាន​ឮ​ផង​ ហើយ​ឲ្យ​យល់​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​មិន​អាច​ផ្ទេរ​ពី​ឪពុក​ទៅ​កូន​ តាម​ចិត្ត​ចង់​នោះ​ទេ​។ ​ខ្ញុំ​អាច​រៀបចំ​កូន​អ្នក​ដទៃ​ដែល​មាន​សមត្ថភាព​ឲ្យ​កាន់​តំណែង​នេះ​ តំណែង​នោះ ​ក៏​ប៉ុន្តែ​មិនអាច​រៀបចំ​កូន​ខ្លួន​ឯង​ទេ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ កូន​ប្រុស​ច្បង​របស់ខ្ញុំ ​គឺជា​ជនជាតិ​កម្ពុជា​ទីមួយ​ដែល​រៀន​នៅ​សាលា​យោធា​ សហរដ្ឋអាមេរិក ​ហើយ​បន្ត​យក​អនុ​បណ្ឌិត​នៅ​ឯ​សាកល​វិទ្យា​ល័យ​ញូវ​យ៉ក​ បន្ទាប់​មក​ទៅ​យក​សញ្ញាបត្រ​បណ្ឌិត​នៅ​ឯ​ចក្រភព​អង់គ្លេស ​ប៉ុន្តែ​យើង​មិន​មាន​លទ្ធភាព​ណា​ដើម្បី​រៀបចំ​បាន​នោះ​ទេ​ នៅ​ពេល​ដែល​ឪពុក​កំពុង​តែ​ធ្វើ​ការ​បែប​នេះ​។​សម្ដេច​ថ្លែង​បន្ត​ថា​ នៅ​ក្នុង​អតីតកាល​ខ្ញុំ​មាន​បងប្រុស​ម្នាក់​ដែល​លទ្ធភាព​របស់​គាត់​នោះ​ ស្ទើរ​តែ​ខ្ពស់​ជាង​ខ្ញុំ ​ប៉ុន្តែ​អកុសល​ដោយសារ​តែ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ​ គឺ​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​បងប្រុស​មួយ​នេះ ​នៅ​ត្រឹម​កម្រិត​អភិបាល​ខេត្ត ​ហើយ​ចូលនិវត្តន៍​ មិន​អាច​ក្លាយ​ជា​សមាជិក​រាជរដ្ឋាភិបាល​បាន​ទេ​។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ឥឡូវ​នេះ​មក​ដល់​ខ្ញុំៗ​មានកូន​៥​នាក់ ​និង​មាន​កូនប្រសា​៥​នាក់​ទៀត​ ដែល​សុទ្ធ​តែ​រៀន​នៅ​កម្រិត​ឧត្ដម​សិក្សា ​និង​ក្រោយ​ឧត្ដម​សិក្សា ​ក៏​ប៉ុន្តែ​ពួកគេ​ពិតជា​មានការ​លំបាក​ដោយ​មិន​អាច​បញ្ចូល​ពួកគេ​ ទៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ការងារ​មក​ដូច​ជា​ សមា​ជិក​រាជរដ្ឋាភិបាល​បាន​ទេ ​ព្រោះ​វា​នឹង​អាច​ចោទ​ជា​សំណួរ​សួរ​ថា​ តើ​នេះ​គឺជា​ការ​រៀបចំ​បែប​បក្ខ​ពួក​និយម ​ឬ​យ៉ាង​ម៉េច?​។ មិន​មែន​គ្រាន់តែ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​គណ​បក្ស​នៅ​ក្នុង​រដ្ឋាភិបាល​ទេ ​ហើយ​ព្រឹក​នេះ​អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ បាន​ចុះផ្សាយ​អំពី​កូន​របស់​គណ​បក្ស​ប្រឆាំង​ដែល​នឹង​ត្រូវ​រៀបចំ​ខ្លួន​ ចូល​ទៅ​ក្នុង​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ្រាន់​តែ​ផ្ទុះ​រឿង​នេះ​ឡើង​គេ​ក៏​អាច​ទិតៀន​ដែរ​។ ​ដូច្នេះ​ធ្វើ​ជា​ឪពុក​គេ​ពិត​ជា​មាន​ការ​លំបាក​ណាស់​សម្រាប់​ការ​រៀបចំ​អនាគត​កូនចៅ​។

ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រីក្រសួង​ ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មការ​ អន្ដរក្រសួង​រៀបចំ​សន្និសីទ​អន្ដរជាតិ​ លើក​ទី​៥​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា​ ក្រសួង​ទេស​ ចរណ៍​បាន​សហការ​ជាមួយ​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ ក្រសួងបរិស្ថាន​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​អង្គ​ ការ​ Humanitarian​ Affaire​ UK​ រៀបចំ​ សន្និសីទ​អន្ដរជាតិ​លើក​ទី​៥​នេះ​ឡើង​ ដោយ​មាន​អ្នកចូលរួម​និស្សិត​ សិស្ស​ ៦២៩​នាក់​មក​ពីសា​លា​ និង​សាកល​វិទ្យា​ ល័យ​ល្បីៗ​ពី​ ៤២​ប្រទេស​លើ​សកលលោក​ ក្នុង​នោះ​មក​ពី​ទ្វីបអាស៊ី​ចំនួន​២០​ប្រទេស​ សរុប​៤៧៨​នាក់​។​ មក​ពី​ទ្វីប​អា​មេរិក​ ចំនួន​៥​ប្រទេស​ សរុប​៩​នាក់​,​ ទ្វីបអឺរ៉ុប​ ចំនួន​១០​ប្រទេស​ សរុប​២២​នាក់​,​ ទ្វីប​អូ​សេ​អា​នី​ចំនួន​ ៣​ប្រទេស​ សរុប​១១៣​ នាក់​,​ ទ្វីបអាហ្វ្រិក​ចំនួន​៤​ប្រទេស​ សរុប​៧​នាក់​ ។​ ចំណែក​និស្សិត​កម្ពុជា​មានការ​ ចូលរួម​ចំនួន​៦០​នាក់​ដែល​ជ្រើសរើស​ រើស​ឡើង​ដោយ​សហភាព​សហព័ន្ធ​ យុវជន​កម្ពុជា​ ។

សន្និសីទ​អន្ដរ​ ជាតិ​លើក​ទី​៥​នេះ​ក៏​មានការ​ចូលរួម​ពី​ វាគ្មិន​ជាតិ​ និង​អន្ដរជាតិ​មក​ពី​សហរដ្ឋ​ អា​មេ​រិ​ក​២​ នេ​ប៉ា​ល់​១​រូប​ បារាំង​១​រូប​ អូស្ដ្រាលី​១​រូប​ នូ​វែ​ល​ហ្សេ​ឡង់​១​រូប​ ហ្វី​លី​ ពី​ន​១​រូប​ ម៉ា​ឡេ​ស៊ី​១​រូប​ និង​វាគ្មិន​កម្ពុជា​ ចំនួន​៤​រូប​ ។​ សន្និសីទ​ចាប់​បើក​តាំងពី​ ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៤​ ក្រោម​អធិបតី​ ភាព​លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​រហូត​ដល់​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៤​ ។​

ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ ដល់​វាគ្មិន​ជាតិ​-​អន្ដរជាតិ​ដែល​បាន​ ចូលរួម​ចែករំលែក​ក្នុង​អង្គ​សន្និសីទ សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​បានចាត់​ទុក​ ​សន្និសីទ​ អន្ដរជាតិ​លើក​ទី​៥​នេះ​ មិន​ត្រឹមតែ​ជា​ព្រឹត្ដិការណ៍​អន្ដរជាតិ​មួយ​ដែល​ ចូលរួម​គាំទ្រ​ដល់​យុទ្ធ​នា​ការ​ឃោសនា​ ផ្សព្វផ្សាយ​នូវ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ “​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​”​ នៅ​លើ​ឆាក​អន្ដរជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ផ្ដល់​កាលានុវត្ដភាព​ឱ្យ​យុវជន​កម្ពុជា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ល្អៗ​ជាមួយនឹង​យុវជន​ដទៃ​ទៀត ​ដែល​ជា​ឱកាស​សិក្សា​ឈ្វេង​យល់​ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ ពិសេស​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​វាគ្មិន​ ដែល​មានបទពិសោធន៍​ក្នុង​ការងារ​មនុស្សធម៌​ ការងារ​សង្គម​ និង​បរិស្ថាន​ និង​ការ​បំផុល​គំនិត​ពី​ក្រុម​សាស្ដ្រាចារ្យ​ល្បីៗ​ ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​នៅ​ក្នុង​តំបន់​ និង​នៅ​ក្នុង​ពិភព​លោក​៕