Thursday, August 7, 2014

បទអត្ថាធិប្បាយ៖ សាលក្រមថ្ងៃនេះរបស់ អ.វ.ត.ក គឺជាជោគជ័យដ៏អស្ចារ្យ នៃតុលាការគំរូក្នុងប្រទេសកម្ពុជា



អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ (អ.វ.ត.ក) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានឈានដល់ព្រឹត្តិ ការណ៍ប្រវិត្តិសាស្ត្រមួយ ដោយការចេញសាលក្រមក្នុងសំណុំរឿង០០២/០១ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា ដែលត្រូវបានចោទប្រកាន់ពីបទ (១) ជម្លៀសប្រជាជនប្រមាណពី១,៥​ ទៅ ២,៦​ លាននាក់ពីទីក្រុងភ្នំពេញទៅជនបទ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (២) បន្តចល័តប្រជាជនជិត១លាននាក់រវាងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា រវាងចុងឆ្នាំ១៩៧៥ និងបន្តដល់ឆ្នាំ១៩៧៦ និង១៩៧៧ និង​(៣) សម្លាប់អតីតមន្ត្រីជាន់ខ្ពស់ និងមន្ត្រីខេត្តនៃរបប លន់ នល់ នៅឯវាលពិឃាតទួលពោរជ័យ​ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ដែលមនុស្សពី២០០០ ទៅ៣០០០ បានត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ។ វាលពិឃាតទួលពោរជ័យ ស្ថិតនៅក្នុងខេត្តពោធិសាត់។ ខៀវ សំផន គឺជាប្រធាន ស្ថាប័នរដ្ឋកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៧៩។ នួន ជា គឺជាអតីត ឧបជ្ឈាមនោគមវិជ្ជាដ៏សំខាន់បំផុតនៃរបបខ្មែរក្រហម។អ្នកទាំងពីរនាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់ មួយជីវិតពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។

គួរបញ្ជាក់ថា ក្នុងខែកុម្ភះ ឆ្នាំ២០១២ សាលក្រមនៃសំណុំរឿង០០១ ត្រូវបានប្រកាសដោយបានកាត់ទោសមេគុក ទួលស្លែងស-២១ កាំង ហ្គេចអៀវ ហៅឌុច ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមម្ដងរួចទៅហើយ។

ក្នុងឆ្នាំ១៩៩៧ ស្របតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់អង្គការសហប្រជាជាតិឱ្យជួយកម្ពុជាក្នុង ការបង្កើតតុលាការមួយ ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមនោះ អ.វ.ត.ក ត្រូវបានបង្កើតឡើងដោយ ឈរលើមូលដ្ឋានគ្រឹះថា ត្រូវតែគ្មាននិទណ្ឌភាពសម្រាប់បទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរបំផុត។
­­
ក្នុងឱកាសផ្សេងៗយ៉ាងច្រើន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរាបទៅមន្ត្រីបរទេសនានាដែលបានចូលជួបសន្ទនាជាផ្លូវការ និងក្នុងកិច្ចប្រជុំនានា នៃមន្ត្រី និងប្រជាជនកម្ពុជាចាប់តាំងពីបង្កើត អ.វ.ត.ក មកថា ការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមនឹង បន្សល់ទុកនូវ «ការចងចាំដ៏ធំធេង និងការទប់ស្កាត់មិន អាចឲ្យកើតឡើងវិញ» នៃរបបខ្មែរក្រហមដ៍សាហាវយង់ឃ្នង​ នៅក្នុងក្រអៅបេះដូង និងស្មារតីនៃប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក។

ទាក់ទងនឹងការប្រព្រឹត្តទៅនៃ អ.វ.ត.ក ដំណើរការតុលាការដ៏គួរកត់សម្គាល់នេះ ដែលត្រូវបានបង្ហាញថាមាន លក្ខណៈឯករាជ្យ និងឆ្លើយតបតាមស្តង់ដារអន្តរជាតិនៃដំណើរការត្រឹមត្រូវសម្រាប់ចុងចោទ រហូតដល់ការប្រកាស សាលក្រមនោះ គឺជាការបញ្ជាក់យ៉ាងប្រាកដថា កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល កម្ពុជា និងជំនួយពីប្រទេសជាច្រើន ដែលជា ”មិត្តរបស់អ.វ.ត.ក” នោះ នឹងអាចត្រូវបានមើលឃើញថាជាជោគជ័យ រួមនៃអ្នកចូលរួមពាក់ព័ន្ធទាំងអស់នៅក្នុងការបំរើផលប្រយោជន៍សម្រាប់មនុស្សជាតិនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានចេញសេចក្តីថ្លែងការណ៍រួមភ្លាមៗ ក្រោយ ពេលចេញសាលក្រម ដើម្បីសំដែងការកោតសរសើរដ៏ជ្រាលជ្រៅចំពោះចៅក្រម និងព្រះរាជអាជ្ញា មេធាវី មន្ត្រី និង បុគ្គលិកសាលាក្តី ទាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងដំណើរការនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោក Stephen Mathias មានសុទិដ្ឋិនិយមអំពីឆន្ទៈរយៈពេលវែងទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱ្យអ.វ.ត.ក នូវធនធានចាំបាច់ដើម្បីធានាថា យុត្តិធម៌ត្រូវតែ មានសម្រាប់ប្រជាជនកម្ពុជា។

ជាការជាក់ច្បាស់មិនអាចប្រកែកបាននោះ អ.វ.ត.ក គឺជាតុលាការគំរូដែលនឹងបន្សល់ទុកនូវកេរ្តិ៍ដំណែលមួយ ក្នុងការស្វែងរកយុត្តិធម៌ជូន ជនរងគ្រោះនៃរបបខ្មែរក្រហម។ នេះគឺជាការក្រើនរំលឹកថា អ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ទោះជានៅទីណាក៏ដោយ រស់នៅទ្វីបណាក៏ដោយ យុត្តិធម៌នឹងតាមរកពួកគេ ឃើញ ហើយតាមរយៈដំណើរការត្រឹមត្រូវក្នុងតុលាការដូច អ.វ.ត.ក នេះ ពួកគេនឹងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ ខ្លួន ដូច ខៀវ សំផន និង នួន ជា ​ដូច្នោះដែរ៕

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា