Thursday, August 7, 2014

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ឯកឧត្តម សុខ អាន ឧប​នាយក​​រដ្ឋមន្ត្រី និង លោក Stephen Mathias ឧបការី​អគ្គ​លេខា​ធិការ នៃអង្គការ​សហប្រជា​ជាតិ ទទួល​បន្ទុក​កិច្ចការ​ច្បាប់

ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤
យើងសូមស្វាគមន៍ចំពោះការចេញសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) ក្នុងសំណុំ​រឿង​០០២/០១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នេះ។
ការប្រកាសសាលក្រមនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជាស្នាដៃរបស់ អ.វ.ត.ក ហើយក៏ជាឱកាសប្រកប​​ដោយ​អត្ថន័យ​ជាប្រវត្តិ​សាស្ត្រ​សម្រាប់​ យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះវាក៏ជាថ្ងៃដ៏មានសារៈសំខាន់​សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ចាប់តាំង​ពីខ្មែរ​ក្រហម​ត្រូវបាន​ផ្តួល​រំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពោលគឺរយៈពេលជាង៣៥ឆ្នាំប៉ុណ្ណោះ ដែលប្រជាជន​កម្ពុជា​បាន​ខំត​ស៊ូពុះ​ពារ​កសាង​សង្គម​របស់​ខ្លួន​សាជាថ្មី។
អ.វ.ត.ក គឺជាតុលាការជាតិដែលបង្កើតឡើងដោយមានការចូលរួមនិងជំនួយពីអន្តរជាតិ។ កិច្ចការរបស់សាលាក្តី បង្ហាញ​អំពីការ​ប្តេជ្​ញាចិត្ត​ពីសំណាក់​អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការផ្តល់ យុត្តិធម៌ជូនជនរងគ្រោះនៃឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ ដែលប្រព្រឹត្តឡើងនៅអំឡុងសម័យខ្មែរក្រហម។
រាជរដ្ឋាភិបាលកម្ពុជា និងអគ្គលេខាធិការ អ.ស.ប បានសង្កត់ធ្ងន់ជារឿយៗថាមិនត្រូវមាននិទណ្ឌភាព​​ចំពោះឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​ធ្ងន់ធ្ងរ​បំផុត​ជាដាច់​ខាត។ ដំណើរការតុលាការដោយឯករាជ្យ ត្រូវតែបានអនុញ្ញាតដើម្បីធានាឲ្យប្រាកដថាជនទាំងឡាយណា ដែល​បានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ត្រូវ​ផ្តន្ទា​ទោសតាមច្បាប់។
អ.វ.ត.ក ​ បានបង្ហាញថា ខ្លួនមានសមត្ថភាពជំនុំជម្រះក្តីដែលមានលក្ខណៈស្មុគស្មាញ ដោយអនុលោមទៅតាមនីតិវិធីត្រឹមត្រូវ និងបទ​ដ្ឋាន​អន្តរ​ជាតិ។ នៅខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ មានការប្រកាសសាលក្រមក្នុងសំណុំរឿង០១  ដោយផ្តន្ទាទោសប្រធានមន្ទីរស២១ ដ៏អសោច​ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាម ។
សាលក្រមថ្ងៃនេះគឺជាលទ្ធផលកើតចេញពីដំណើរការនីតិវិធីតុលាការ ដែលគួរឲ្យកត់សម្គាល់យ៉ាងពិតប្រាកដ។ សាក្សីប្រហែល១០០នាក់ បាន​ផ្តល់ភស្តុតាងផ្ទាល់នៅសាលសវនាការក្នុងសំណុំរឿង០០២/០១។ អ.វ.ត.ក បានផ្តល់នូវការចូលរួមពីសំណាក់ជនរងគ្រោះ ដោយ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណីចំនួនជិត៤០០០ នាក់ ពេញរយៈពេលនៃសវនាការទាំងមូល ដែលការណ៍នេះពីមុនមកមិនធ្លាប់មានទាល់ តែសោះ។ ជនរង​គ្រោះ​ទាំង​នោះ​បានរៀបរាប់ពីការឈឺចាប់ ទុក្ខវេទនារបស់ពួកគេ ព្រមទាំងបានប្តឹងទាមទារសំណងទៀតផង។ ប្រជាជនជាង១០០.០០០នាក់ បាន​មក​សាលា​ក្តីដើម្បីតាមដានសវនាការដោយផ្ទាល់ភ្នែក ខណៈដែលប្រជាជនរាប់លាននាក់ផ្សេងទៀតបានតាមដានសវនាការតាម   រយៈការ​ផ្សាយ​ផ្ទាល់​ពីស្ថានីយ​ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធអ៊ិនធឺណិត។  ដំណើរការ​នេះនឹង​ក្លាយ​ជាកំណត់​ហេតុ​ប្រវត្តិ​សាស្ត្រ​ដ៏មាន​តម្លៃសម្រាប់​ ប្រជាជន​កម្ពុជា​និង​ពិភពលោកទាំងមូល
យើងសូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅចំពោះអ្នកទាំងឡាយ ដែលបានចូលរួមនៅក្នុង ដំណើរការនេះរួមមានចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីតុលាការ និង បុគ្គលិកជាតិ និង អន្តរជាតិ។ ជាងនេះទៀត ការចេញ​សាលក្រម​ថ្ងៃនេះ​គឺជា​សក្ខីភាព​បញ្ជាក់​អំពីការ​ប្តេជ្ញាចិត្ត​ សម្រាប់រយៈពេលវែង ជាលក្ខណៈជាតិនិងអន្តរជាតិ ក្នុងការផ្តល់ឲ្យ អ.វ.ត.ក នូវធនធានចាំបាច់នានា ដើម្បីធ្វើ​ឲ្យប្រាកដ​ថា​យុត្តិធម៌​ត្រូវ​បាន​ ផ្តល់ជូនប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។
យើងរំពឹងថា អ.វ.ត.ក នឹងបន្តកិច្ចការដ៏សំខាន់របស់ខ្លួនទៅមុខទៀត។ យើងសូមអំពាវនាវដល់អ្នកទាំងឡាយដែលមាន​ការពាក់​ព័ន្ធក្នុង​ដំណើរ​ការ​សាលា​ ក្តីនេះ សូមឲ្យបន្តការគាំទ្រនិងលើកកម្ពស់នីតិវិធីតុលាការឯករាជ្យតទៅទៀតនេះ។
ឯកឧត្តម សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ដំណើរសាលាក្តីខ្មែរក្រហម
លោក Stephen Mathias

ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់