Thursday, August 7, 2014

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ៖ រាជ​រដ្ឋា​ភិបាល​​ស្វាគមន៍​​​សាល​ក្រម​​ផ្តន្ទា​ទោស​ នួន​ ជា និង​​ខៀវ សំផន និង​​ចាត់​​ទុក​ (អ.វ.ត.ក​-ECCC) ជា​​តុលាកា​រ​គំរូ​មួយ

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក​-ECCC) បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​០០២/០១ ដោយ​សម្រេច​ផ្តន្ទា​ទោស​ទោស​ ​លោក នួន ជា និង​លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់ខ្ពស់​​ ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ។ សាល​ក្រម​បាន​បើក ឲ្យមេធាវី​ជន​ជាប់ចោទ​ទាំង​ពីរ​រូប មាន​រយៈពេល​៣០​ថ្ងៃ​ក្នុង​ការប្តឹង​ឧទ្ធរណ៍​។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ តំណាងរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​ចូល​រួម​ស្តាប់​ការ​ប្រកាស​សាល​ក្រម​បា​ន​ប្រកាស​ស្វាគមន៍​សាលក្រម​ប្រឆាំងអតីត​មេដឹកនាំ​ជាន់ខ្ពស់​របបខ្មែរ​ក្រហម ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់កម្ពុជា ដែល​អំពើហិង្សា និង​អំពើ​អយុត្តិធម៌​ជាង​៣៥​ឆ្នាំ​ត្រូវបាន​បញ្ចប់។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និងតំណាង​របស់​អង្គការ​សហប្រជាជាតិ យល់​ដូច​គ្នា​ថា​ (អ.វ.ត.ក-ECCC)​ជា​តុលា​ការគំរូ ​មាន​សមត្ថ​ភាព ដោយ​បាន​អនុវត្តទៅ​តាម​នីតិវិធី​ និង​តាម​ច្បាប់ជាធរមាន​របស់​ខ្លួន ដែល​ឆ្លើយ​តប​នឹង​និយា​ម​ច្បាប់អន្តរជាតិ»។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ឲ្យ​ដឹង​​ក្នុង​សន្និសីទកាសែត​ក្រោ​យ​ការ​ប្រកាស​សាល​ក្រមថា មនុស្ស​ជាច្រើន​សុទ្ធតែ​បាន​ធ្វើ​សាក្សី​នៃ​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​នេះ ដែល​រួម​មាន​តំណាងអង្គការ​សហ​ប្រជាជាតិ តំណាង​ស្ថានទូតបរទេស​ អ្នកកាសែតជាតិ និង​អន្តរជាតិ​ប្រមាណ ២០០នាក់ មន្ត្រី​រដ្ឋាភិបាល និងពលរដ្ឋ​ខ្មែរ​ ពិសេស​ជន​រង​គ្រោះ​ប្រមា​ណ​ជាង ៤ពាន់នាក់ ​ដែលអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក-ECCC) ទទួល​ស្គាល់​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សហការ​ជាមួយ​ភាគីអង្គការ​សហ​ប្រជាជាតិរៀប​ចំ​ឲ្យ​មាន អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក-ECCC) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើការ​យ៉ាង​ណា​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ដ៏​ភ័យ​រន្ធត់​ពី​អតីតកាល​នេះ។ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​(អ.វ.ត.ក-ECCC) មានបញ្ហា​ប្រឈម​ពីរ៖ ទី១ គឺ​ភាព​ចាស់​ជរានៃ​ជន​ជាប់​ចោទ ទី២ គឺ​បញ្ហា​ហិរញ្ញវត្ថុ។ ទាក់​ទង​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ បាន​មាន​ប្រសាស​ន៍​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១៤​នេះ (អ.វ.ត.ក-ECCC) បាន​ចំណាយ​ថវិកា​ជាង ២០០លាន​ដុល្លារ​អាមេរិក បើ​គិត​ក្នុង​មួយ​ឆ្នាំ ប្រមាណ​ជា ២៥-២៧លាន​ដុល្លារ​អាមេរិក គឺ​ការ​ចំណាយ​នេះ​តិច​ជាង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្សេង​ទៀត ដែល​ចំណាយ​ក្នុង​១ឆ្នាំ​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក។

ដោយ​ចាត់​ទុក ​(អ.វ.ត.ក-ECCC) ជា​តុលាការ​គំរូមួយសម្រាប់​ដំណើរ​ការ​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ ឯកឧត្តម បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែលបាន​ចាត់​តាំង​តំណាង​ គឺ​ឯកឧត្តម ដេវីត ឆេហ្វើរ ឲ្យ​មក​ចូល​រួម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ក៏ដូច​ជា​ថ្លែង​អំណរគុណ​ចំពោះ​មិត្ត​នៃ (អ.វ.ត.ក-ECCC) ដែល​បាន​ចូល​រួម​គាំទ្រដល់​ដំណើររបស់ (អ.វ.ត.ក-ECCC) ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

សូម​បញ្ជាក់​ផង​ដែរថា បន្ទាប់ពី​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ប្រកាស​សា​ល​ក្រម​ ដាក់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​លោក នួន ជា និង ខៀវ​ ​សំផន ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​សហភាព​​អ៊ឺរ៉ុប​ចេញ​លិខិត​ប្រកាស​ព័ត៌មាន​ពីរ​ផ្សេង​គ្នា​ដើម្បី​ស្វា​គមន៍​សាលក្រម​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នា​ថ្ងៃនេះ ស្ថានទូត​អាមេរិកសម្ដែង​ការ​អរគុណ​ដល់​ចៅក្រម និង​អ្នកតំណាង​ផ្សេង​ទៀត​នៃ​តុលាការ​នេះ ចំពោះ​ការខិតខំ​និង​ការប្តេជ្ញាចិត្ត​របស់​គេ​ក្នុង​ការស្វែងរក​យុត្តិធម៌​។

សេចក្ដីប្រកាស​បន្ត​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការខិតខំ​របស់ ECCC ក្នុង​ការនាំ​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា ក៏​ដូចជា​ការបង្ហាញឲ្យឃើញ​ច្បាស់​នូវ​ឧក្រិដ្ឋ​កម្ម​ដ៏​គួរឲ្យ​រន្ធត់​របស់របប ​ខ្មែរក្រហម និង​ការពង្រឹង​និតិរដ្ឋ​នៅ​កម្ពុជា ។​

ចំណែក​សហភាព​អ៊ឺរ៉ុប​នៅ​ថ្ងៃនេះ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដើម្បី​ស្វាគមន៍ និង​ថា​ការ​ផ្ដន្ទា​ទោស​នេះ​គឺជា​ជំហាន​វិជ្ជមាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ ការតស៊ូ​របស់​ពិភពលោក​ប្រឆាំង​នឹង​ការ​រួច​ទោស ហើយ​វា​បង្ហាញ​ថា អ្នកដឹកនាំ​នយោបាយ​ណាក៏ដោយ​គឺ​អាច​នឹង​ទទួល​ខុស​ត្រូវ​​សម្រាប់​ការប្រព្រឹត្ត​របស់ខ្លួន ទោះបីជា​កន្លងផុត​អស់​រយៈពេល​រាប់​ទសវត្ស​ហើយ​ក៏​ដោយ ។​

សេចក្ដីថ្លែងការណ៍​បន្ត​ថា សហភាព​អ៊ឺរ៉ុប​តាំងចិត្ត​នឹង​បន្ត​ផ្ដល់​ជំនួយ​សម្រាប់​ប្រយោជន៍​ដល់​ យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរក្រហម និង​ចែករំលែក​ដល់​ដំណើរការ​នៃ​ការ​ផ្សះ​ផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា។​

សំណុំរឿង​០០២ ត្រូវបាន​បែងចែក​ជា​២​ករណី ដើម្បី​សម្រួល​ដល់​ការកាត់ក្តី គឺ​ករណី​០០២/០១ និង​០០២/០២ ដោយសារ​ភាពស៊ាំ​ញ៉ាំ និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ រួមមាន លោក នួន ជា អាយុ​៨៨​ឆ្នាំ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អាយុ​៨៣​ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។​

សវនាការ​លើ​សំណុំរឿង​០០២​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ និង បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នៅ​ខែ​តុលា​ ឆ្នាំ​២០១៣​។ សំណុំ​រឿង​០០២/០១ អង្គ​ជំនុំជម្រះ​បាន​ស្តាប់​សក្ខីកម្ម​ពី​សាក្សី​ចំនួន​៩២​នាក់​។​

បទ​ចោទ​ប្រកាន់​នានា​ក្នុង​សំណុំរឿង​០០២/០១​នេះ ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់​ផ្សេងៗ​ទៀត ក្នុង​ដំណាក់​កាល​ក្រោយ​ទៀត ​(​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ការសម្លាប់​ទាហាន​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ ខេត្ត​ពោធិ៍សាត់​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥​។

ចំណែក​សំណុំរឿង​០០២/០២​មាន​បទ​ចោទ​ពាក់ព័ន្ធ អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម ជនជាតិ​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​រំលោភ​សេពសន្ថវៈ ការ​បោសសំអាត​ផ្ទៃ​ក្នុង​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម     ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ និង​ការប្រព្រឹត្ត​ជាក់​លាក់​លើ​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​។

នេះ​ជា​សា​ល​ក្រម​លើក​ទី២​ហើយ​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស ​កាំង​ហ្គិច​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​សំណុំ​ រឿង ​០០១ ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១២​៕