Wednesday, October 12, 2011

បទសម្ភាសន៍រវាង លោកសាស្ត្រាចារ្យបណ្ឌិត ឈុន ណារ៉េត ជាមួយលោក សត្យារក្ស អ្នកសម្របសម្រួ​ល​ កម្មវិធីវិភាគព្រឹត្តិការណ៍សង្គមស្តីពី របបនយោបាយ


ថ្ងៃទី ១០ ខែ តុលា​​ ​ ឆ្នាំ២០១១

លោក សត្យា រក្ស
          សំណួរ៖ ដោយ​ហេតុ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ មួយ​ចំនួន​ខ្លះ​ក៏​លោក​មិន​ទាន់​បាន​ច្បាស់​ ហើយ​មួយ​វិញ​ទៀត​គឺ​សម្រាប់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ដែល​ជា​អ្នក​នយោបាយ​គ្មាន​គុណ​សម្បត្តិ​ចំពោះ​ប្រទេស​ជាតិ​ កំពុង​តែ​ប្រើ​ប្រាស់​អត្ថន័យ​នៃ​របប​នយោបាយ​នេះ​ គឺ​ប្រាស់ចាកទៅ​ទៅ​នឹង​ការ​ពិត​ ជា​ពិសេស​ប្រាស់​ចាក​នឹង​ខ្លឹម​សារ​នៃ​វិទ្យាសាស្រ្ត​នយោបាយ​ ដែល​ត្រូវ​បាន​កត់​ត្រា​ និង​ត្រូវ​បាន​ស្រាវ​ជ្រាវ​ ដោយ​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​ និង​​ក្នុង​ន័យ​មួ​យ​ដែល​គណបក្ស​ប្រឆាំង​ពន្យល់​ ដើម្បី​ទាញ​យក​ផល​ចំណេញ​ ឬ​ក៏​បង្កប់ទៅ​ដោយ​ពិសពុល​​ ពោល​គឺ​បង្កប់​ទៅ​ដោយ​ភាព​ទុច្ចរិត​ទៅ​ក្នុង​និយម​ន័យ​នៃ​របប​នយោបាយ​។ ជាក់​ស្តែ​ង​គឺ​បង​ប្អូន​រួម​ជាតិ​ លោក​តា​ លោក​យាយ ដែល​រស់​ក្នុង​ប្រទេស​កម្ពុជា​ជ្រាប​ហើយថា គណបក្ស​ប្រឆាំង​គឺ​គេ​តែ​ង​តែ​ប្រៀប​ធៀប​​​របប​នយោបាយ​ ពី​របប​មួយ​ទៅ​របប​មួ​យ​ ថា​របប​នេះ​ប្រសើរ​ ថា​របប​នេះ​អន់​ របប​នេះ​ឃោរ​ឃៅ​ ។ល។ សូម​លោក​បណ្ឌិត​បង្ហាញ​ជូន​ពី​និយម​ន័យ​នៃ​របប​នយោបាយ​ ហើយ​ចែក​ចេញ​ជា​ប៉ុន្មាន​​ប្រភេទ​ ប៉ុន្មាន​បែប​ដែរទៅ​?​

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  យើង​ដឹង​ហើយ​ថា​ជី​វិត​របស់​យើង​រីក​ចំរើន​​ អភិវឌ្ឍន៍​ មិន​អភិវឌ្ឍន៍​​ គឺ​អាស្រ័យ​នឹង​នយោបាយ​​។​ យើង​​មិន​អាច​រស់​នៅ​ឆ្ងាយ​ពី​នយោបាយ​បាន​ទេ​ មាន​តែ​នយោបាយ​ទេ​ដែល​ធ្វើ​ឲ្យ​សង្គម​ជាតិ​អភិវឌ្ឍ​ជឿន​លឿន​ ស្គាល់​នូវ​សុភមង្គល និង​វិបុលភាព។ អញ្ចឹង​ចេញ​ពី​ចំណុច​នេះ​ខ្ញុំ​ចង់​បំភ្លឺ​ពាក្យ​ថា របប​នយោបាយ​។ ខ្ញុំ​សុំ​​លើ​ក​យក​អត្ថន័យ​ពី​រ​ ទី​១ អត្ថន័យ​ផ្នែក​ច្បាប់ ទី​២ អត្ថន័យ​ផ្នែក​នយោបាយ​។ ពាក្យ​ថា របប ​នៅ​ក្នុង​ន័យ​ច្បាប់​បាន​ន័យ​ថា ប្រព័ន្ធ​គ្រប់​គ្រង​ ។ ខ្ញុំ​លើក​ឧទាហរណ៍​​ គេ​ប្រើ​ពាក្យ​ថា ប្រព័ន្ធ​គតិយុត្តិ​ បាន​ន័យ​ថា​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​នេះ​ឯង​។ ឧទាហរណ៍ថា របប​ប្រធានាធិបតី​និយម​ គេចង់​និយាយ​ពី​ប្រព័ន្ធ​នយោបាយ​គ្រប់​គ្រង​​បែប​ប្រធានាធិបតី​និយម​ អញ្ចឹង​នេះ​ជា​អត្ថន័យ​ផ្លូវ​ច្បាប់។​ ចំណែក​អត្ថន័យ​ផ្លូវ​នយោបាយ​វិញ​ពាក្យ​ថា របប​នេះ​គេ​ចង់​សំដៅ​ទៅ​លើ ឥរិយាបថ​នៃ​ការ​ដឹក​នាំ​ តើ​ឥរិយាបថ​ហ្នឹង​​វា​ទន់​ភ្លន់​ ឬ​ក៏​មិន​ទន់​ភ្លន់​។ បើ​សិន​ឥរិយាបថ​ដឹក​នាំ​ទន់​ភ្លន់​ គេ​ឲ្យ​ឈ្មោះ​​ថា របប​ប្រជា​ធិបតេយ្យ​ តែ​​បើ​ឥរិយាបថ​ដឹក​នាំ​ទៅ​មិន​ទន់​ភ្លន់​ គេ​ឲ្យ​ឈ្មោះ​ថា របប​មិន​មែន​ប្រជា​ធិបតេយ្យ​ ឬ​មួយ​យើង​ប្រើ​ពាក្យថា Entire democracy regime  ហើយ​ពាក្យ​របប​នយោបាយ​នេះ ​​បច្ចុប្បន្ន​គឺ​ប្រជាជន​ ឬ​ក៏​បញ្ញវន្ត​មាន​ការ​ប្រើ​ប្រាស់​ច្រឡំ​គ្នា​ទៅ​នឹង​អត្ថន័យ​ច្បាប់​។ ថ្ងៃនេះ​ខ្ញុំ​ចង់​បកស្រាយ​ថា របប​នយោបាយ​គេ​បែង​ចែក​​ជា​បី​ប្រភេទ​ធំៗ​នៅ​លើ​ពិភពលោក ។ ប្រភេទ​ទី១ របប​ប្រជាធិបតេយ្យ​ ប្រភេទ​ទី២​ របប​កុំម្មុយនីស្ត​​ផ្តាច់​ការ​ ប្រភេទ​ទី​៣ គឺ​របប​អាជ្ញាប្រឹក្ស​ ។ អាជ្ញាប្រឹក្ស​បាន​ន័យ​ថា របប​ចម្រុះ​រវាង​ប្រជាធិបតេយ្យ​ បូក​និង​​កុំម្មុយ​នីស្ត​ផ្តាច់​ការ​ វា​បង្កើត​ឡើង​ចេញ​ជា​របប​អាជ្ញាប្រឹក្ស​​​នេះ​ឯង​ ​ឬ​ក៏​យើង​ហៅ​ម្យ៉ាង​ទៀត​ថា របប​ចម្រុះ​​។
លោក សត្យា រក្ស
          សំណួរ៖ បច្ចុប្បន្ន​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង ​ប្រកាន់​យក​នូវ​របប​​​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ ប៉ុន្តែ​អត្ថន័យ​​ និង​ខ្លឹម​សារ​នេះ​​​​សម្រាប់​គណបក្ស​ប្រឆាំង​គឺ​គេ​បាន​អះ​អាង​ថា អ្វី​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលរដ្ឋ​ធម្មនុញ្ញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​ប្រកាន់​យក​របប​ ប្រជាធិបតេយ្យ​សេរីពហុបក្ស​ គឺ​គណបក្ស​ប្រឆាំង​គេ​ថា មិន​ខុស​ពី​របប​ប៉ុល ពត ទេ​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ កឹម​ សុខា​ ក្តី​ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ​ក្តី​ គឺ​គាត់​អះ​អាង​បែប​នេះ​។ សម្រាប់​បញ្ហា​នេះ​ខ្ញុំ​សុំ​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​ថា តើ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ដែល​រាជរដ្ឋាភិបាល​ ដែល​រដ្ឋធម្មនុញ្ញ​របស់​យើង​កំពុង​តែ​ប្រតិបត្តិ​នាពេល​បច្ចុប្បន្ន​នេះ​ តើ​វាមាន​លក្ខណៈ​ដូច​គ្នា​ ឬ​ក៏​ខុស​គ្នា ទៅ​នឹង​ប្រជាធិបតេយ្យ​បែប​ ប៉ុល ពត យ៉ាង​ណា​?

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  តាម​ពិត​នៅ​ក្នុង​មាត្រា​ ៥១ ថ្មី​នៃ​​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ យើង​បាន​ចែង​ច្បាស់​ថា កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​ចំណុច​សំខាន់​របស់​សេរី​ពហុបក្ស​គឺ ទី១ ​​មាន​ការ​បែង​ចែក​អំណាច​ ទី​២ គឺ​មាន​សិទ្ធិ​សេរីភាព​ គេ​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្នុង​មាត្រា​ប្រហែល​ជា​មាត្រា​ ៣០ ទៅ​ដល់ មាត្រា ៥០ នៃ​រដ្ឋ​ធម្មនុញ្ញ​ គឺ​គេបាន​ចែង​ពី​សិទ្ធិ​សេរីភាព​​​ ទី៣ គេ​និយាយ​អំពី​ពហុភាព ទី៤ គេ​និយាយ​អំពី​នីតិរដ្ឋ​។ អញ្ចឹង​រដ្ឋធម្មនុញ្ញ​បាន​ចង្អុល​បង្ហាញ​ច្បាស់ ​នេះ​គឺ​ជា​ខ្លឹម​សារ ជា​អត្ថន័យ​ ជា​គោល​ការណ៍​របស់​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​។ យើង​ឃើញ​រូប​ភាព​បច្ចុប្បន្ន​​ មាន​ពហុបក្ស​មែន​​ យើង​មាន​នីតិរដ្ឋ​ បាន​ន័យ​ថា​ អ្វី​ៗ​ត្រូវ​ដឹក​នាំ​ទៅ​តាម​ច្បាប់​ គ្រប់​គ្រង​ទៅ​តាម​ច្បាប់​មែន​ រឿងពុករលួយ​ រឿង​អ្វី​ផ្សេង​​ចេញ​តាម​ផ្លូវ​ច្បាប់​ទាំង​អស់ ។ អញ្ចឹង​ការ​បែង​ចែក​អំណាច​ យើង​មាន​នីតិ​បញ្ញត្តិ​ មាននីតិ​​ប្រតិបត្តិ​ មាន​តុលាការ មាន​សិទ្ធិ​សេរីភាព មាន​សិទ្ធិ​មនុស្ស​គ្រប់​គ្រាន់​។ ចំណែក​កុំម្មុយនីស្ត​វិញ​ ខ្ញុំ​លើក​ឧទាហរណ៍​សម័យ​ប៉ុលពត គាត់​ប្រើ​ពាក្យ​ហៅ​ថា កម្ពុជា​ប្រជាធិបតេយ្យ​ គាត់​គ្រាន់​តែ​យក​ពាក្យ​ប្រជា​ធិបតេយ្យ​មក​ប្រើ​ទេ តែ​គាត់​អត់​យក​អត្ថន័យ​ខ្លឹម​សារ​​អ្វី​ទាំង​អស់​។​ និយាយ​ឲ្យ​ចំទៅ​សម័យ​ ប៉ុល ពត គឺគាត់​យក​មនោគមវិជ្ជា ឬ ក៏​យក​ទស្សនៈ​ទាន​​របស់​ ស្តាលីន ឡេនីន កាល់ម៉ាក្ស​ អង់ហ្គែល សុទ្ធ​តែ​ពួក​កុំម្មុយនីស្ត​ទាំង​អស់​ ឬ ក៏​កុំ​ម្មុយ​នីស្ត​បែប ​ម៉ៅ សេទុង​ អញ្ចឹង​ទៅ ។ ប៉ុល ​ពត ប្រើ​ពាក្យ​ប្រជាធិបតេយ្យ​ដែ​រ​តែ​យក​គោលការណ៍​ យកទ្រឹស្តី​ យក​មនោគម​វិជ្ជា​ កុំម្មុយនីស្ត​​យក​មក​អនុវត្ត​។ យើង​បច្ចុប្បន្ន​យើង​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ​ យើង​យក​ទ្រឹស្តី​សេរី​ ទ្រឹស្តី​នីតិរដ្ឋ​ ទ្រឹស្តី​រដ្ឋធម្មនុញ្ញ​ទំនើប​យក​មក​ប្រើ​។ អញ្ចឹង​យើង​ឃើញ​ថា រូប​ភាព​ពី​រ​ហ្នឹង​ខុស​ពី​គ្នា​ដាច់​ ។ អញ្ចឹង​ការ​និយាយ​របស់​គណបក្ស​ប្រឆាំង គឺ​គាត់​អត់​យល់​អត្ថន័យ​ខ្លឹម​សារ​ និង​គោល​ការណ៍​ទាំង​អស់​នេះ​ទេ​។
លោក សត្យា រក្ស
          សំណួរ៖ បើតាម​ហេតុ​ផល​គណបក្ស​ប្រឆាំង​ ជាពិសេស​លោក​ សម រង្ស៊ី ក្តី លោក កឹម សុខា ក្តី ដែល​គាត់​បង្ហាញ​ហេតុ​ផល​ថា ទៅ​ជា​កុំម្មុយ​នីស្ត​ឬក៏​បែប ​ប៉ុល ពត​​ គឺ​គាត់​សង្កត់​​ធ្ងន់​ទៅ​លើ​អញ្ចេះ​លោកបណ្ឌិ​ត យើង​ឃើញ​ហើយ​ថា ចាប់​ពី​​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​១៩៩៣ មក ហើយ​អាណត្តិ​​បន្តបន្ទាប់​មក​យើង​ឃើញ​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ច្រើន​ រហូត​ទៅ​ដល់​ជាង​ ៥០ គណបក្ស​ ហើយ​ពី​មួយ​​អាណត្តិ​​ទៅ​មួយ​អាណត្តិ​​ យើង​ឃើញ​ថា គណបក្ស​ដែល​បង្កើត​កាន់​តែ​បាត់​បង់​ទៅ​ៗ​ មាន​ន័យ​ថា​រំលាយ​បក្ស​ចោល​ជា​និច្ច​ ឥឡូវ​រហូត​យើង​បោះ​ឆ្នោត​ចុង​គ្រោយ​នេះ​គឺ​អាណត្តិ​​ទី​៤ នេះ​គឺ​នៅ​សល់​តែ​ ១១ គណបក្ស​ទេ អញ្ចឹង​ចាប់​ពី​ ៥០ ជាង​រហូត​មក​ដល់​ ១១ ហើយ​សម្រាប់​អាណត្តិ​​យើង​ ទី​៥ ខាង​មុខនេះ​ប្រហែល​ជា​អាច​ថយ​ថែម​ទៀត​ផង អញ្ចឹង​ការ​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​មាន​ច្រើន​ ហើយ​ឥឡូវ​មក​សល់​តិច​ គឺ​គណបក្ស​កាន់​តែ​​បាត់​បង់​ពី​ការ​ប្រកួត​ជា​បន្តបន្ទាប់​បែបនេះ​ ​ដោយ​សារ​តែ​ការ​អស់​កំលាំង​ចិត្ត​របស់​គណបក្ស​ប្រឆាំង​ផង​នោះ​ ​ទោះ​បី​ចិត្ត​គេ​ថា នឹង​ចូល​រួម​ប្រកួត​ ប៉ុន្តែ​គេ​ប្រកួត​ដោយ​អស់​សង្ឃឹម​ ដោយ​សារ​គេ​ដឹង​ថា ខ្លួន​គេ​នឹង​​គ្មាន​អ្នក​​​គាំទ្រតទៅទៀត​​​ផង​នោះ​ ​ជា​ពិសេស​ប្រជាពលរដ្ឋ​លោក​មិន គាំទ្រ​អញ្ចឹង​ហើយ​ទើប​គណបក្ស​ប្រឆាំងនិយាយថា នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​នេះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ​រក​ឯកបក្ស​។ ត្រង់​ចំណុច​នេះ​ហើយ ដែល​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ជា​របប​កុំម្មុយនីស្ត​ដូច​ ប៉ុល​ពត​ទៅ​វិញ​ ។ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ តើ​លោ​​ក​​បណ្ឌិត​មាន​ខ្លឹម​សារ​អ្វី​ ដើម្បី​ពន្យល់​ជូន​ជន​រួម​ជាតិ​?

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  ពាក្យ​ថា​ប្រជាធិបតេយ្យ​ គឺ​ចាប់​ពី​ ២ ទៅ​ គឺ​ហៅថា ពហុបក្ស​ហើយ ។ អញ្ចឹង​ពីមុន​មាន​ចាប់​ពី​ ៥០ គណបក្ស​ ហើយ​ឥឡូវ​ថយ​មក​ ១១ គណបក្ស ហើយ​ក៏​អាច​ថយ​ទៅ​ទៀត​ដែរ​។ ចំណុច​នេះ គឺ​ឆ្លុះ​បញ្ចាំង​លក្ខណៈ​ Elite របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​តែ​ម្តង​ ពី​ព្រោះ​កាល​ណា​គ្មាន​លក្ខណៈ Elite គឺ​យើង​ត្រូវ​រលាយ​ដោយ​ខ្លួន​ឯង​ ពីព្រោះ​គ្មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ យើង​និយាយ​គេមិន​ជឿ​។ ឧទាហរណ៍​នៅ​សហរដ្ឋ​អាមេរិក​មាន​គណបក្ស​នយោបាយ​ច្រើន​ ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​គេ​មើល​ឃើញ​តែ​ពីរ​​ គឺ គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណៈរដ្ឋ​ ពីព្រោះ​គណបក្ស​ផ្សេង​ទៀត​វា​ខ្សោយ​ពេក​ គឺ​មាន​តែ​គណបក្ស​ពីរ​នេះ​ទេ​ ទើ​ប​អាច​ប្រកួត​ប្រជែង​គ្នា​បាន​។ ដូច្នោះ​​នៅ​កម្ពុជា​ក៏​អាច​និយាយ​បាន​ថា នៅ​តែ​របប​ប្រជា​ធិបតេយ្យ​ដដែល​​ គឺ​មិន​អាច​ឯកបក្សទេ​​ ចុងក្រោយ​គឺ​នៅ​តែ​ទ្វេ​បក្ស​ដដែល​​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ណា​មួយ​ទៅ​។ នេះ​គឺ​នៅ​តែ​ជា​របប​ប្រជាធិបតេយ្យ​ដដែល​​ គឺ​មិន​មែន​ទៅ​ជា​ដំណើរ​​កុំម្មុយនីស្ត​នោះ​ទេ​។ ការ​និយាយ​ដូច​គណបក្ស​ប្រឆាំង​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ កុំម្មុយនីស្ត​គឺ​បាន​ន័យ​ថា ឯកបក្ស​អ្វី​ៗ​គឺ​ដឹក​នាំ​ដោយ​គណបក្ស​កុំម្មុយនីស្ត​សុទ្ធ​សាធ​ ដោយ​យក​ទ្រឹ​ស្តី​ ម៉ាក្សឡេនីន មក​ដឹក​នាំ​ មិន​អាច​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ទេ​ សូម្បី​តែ​អ្នក​នយោបាយ​និយាយ​តាម​ចិញ្ចើម​ថ្នល់​ក៏​មិន​ឲ្យ​មាន​ផង​។ ចំណែក​ឯ​រូប​ភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺ​មិន​ដូច្នេះ​ទេ​។ ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង​បែប​នេះ​គឺ​គ្រាន់​តែ​ជា​លេស​ ឬ​ជាគំនិត​រវើ​រវាយ​របស់​គាត់​​និយាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​យល់​ ពង្វក់​ស្មារតី​ប្រជាពលរដ្ឋតែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ប្រជាជន​មិន​ជឿ​ពាក្យ​សំដី និង​មិន​ចាញ់​បោក​​គាត់​ទេ​​​។
លោក សត្យា រក្ស
          សំណួរ៖ សូម​លោក​បណ្ឌិត​ជួយ​ពន្យល់​អំពី​ពាក្យ​ដែល​ថា របប​ផ្តាច់​ការ​ ឬ ហៅ​ថា របប​កុំម្មុយនីស្ត​ផ្តាច់​ការ​ ថា​តើ​មាន​រូប​រាង​ និង​ទម្រង់​ សកម្មភាព​បែប​ណា​ដែរ​ទៅ​?​

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  ដែល​ហៅ​ថា របប​ផ្តាច់​ការ​ ទី​១ គឺ​មនោគម​វិជ្ជា​​កុំម្មុយនីស្ត​ មនោគម​វិជ្ជា​របស់​ ម៉ាក្សឡេនីន​ របស់​ អង់ហ្គែល​ របស់ ហ្វ្រីខាណូស ។ មនោគមវិជ្ជា​ផ្តាច់​ការ​នេះ គឺ​មាន​ការ​គាប​សង្កត់​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ហើយ​ការ​ដឹក​នាំ​គឺ​ធ្វើ​តាម​បែប​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ រួម​ទាំង​ការ​គាប​សង្កត់​ទៅ​ដល់​សេរីភាព​នៃ​ការ​រស់​នៅ​ ទាំង​ផ្នែក​នយោបាយ​ ទាំង​ផ្នែក​សន្តិសុខ សុវត្ថិភាព ។ល។ គឺ​គ្មាន​ទាំង​អស់ សូម្បី​តែ​មនោសញ្ចេតនា​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។ អ្វី​ៗ​គឺ​ជា​កម្មសិទ្ធិ​ទាំង​អស់​របស់​រដ្ឋ​ យើង​មិន​អាច​រស់​នៅ​ដាច់​តែ​ឯង​បាន​ទេ​ គឺ​អ្វី​ៗ​ត្រូវ​តែ​រស់​នៅ​ជា​របៀប​រួម​គ្នា​ទាំង​អស់​។​ របប​កុំ​ម្មុយ​នីស្ត​គឺ​គេ​ធ្វើ​ការ​តាម​សមត្ថភាព​ ទទួល​ផល​ដូច​ៗ​គ្នា​ និង​មិន​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ដាច់​ខាត​ បើ​កាល​ណា​មាន​គណបក្ស​ប្រឆាំង​គឺ​ត្រូវ​កំទេច​ ដោយ​ប្រើ​ពាក្យ​មួយ​គួរ​ខ្លាច​គឺ «ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឬស» នេះ​ហើយ​ជា​ទស្ស​នៈ​​ទាន​របស់​​កុំម្មុយនីស្ត​ ឬ​ជា​ទស្សនៈ​ទាន​របស់​លោក ម៉ាកសេឡូនី ដែល​និយាយ​ថា «សូវ​សម្លាប់​ច្រឡំ​ ប្រសើរ​ជាង​លែង​ខុស​»​ ។ ឧទាហរណ៍​ដូច​ទួល​ស្លែង​អញ្ចឹង អ្នក​ណា​ដែល​ចូល​ហើយ​ គឺ​ត្រូវ​ស្លាប់​ទាំង​អស់​។ ម្យ៉ាង​ទៀត​ក្នុងរបប​កុំម្មុយ​នីស្ត​គឺ​គ្មាន​ការ​បោះ​ឆ្នោត​ទេ បើ​មាន​គឺ​អសកល​ ហើយ​ការ​ហូប​ចុក​ក៏​រួម​គ្នា​ដែរ ​អ្វី​ៗ​គឺ​រួម​ទាំង​អស់​ នេះ​ហើយ​ជា​លទ្ធិផ្តាច់​ការ​។
លោក សត្យា រក្ស
          សំណួរ៖ បច្ចុប្បន្ន​គណបក្ស​ប្រឆាំង​តែ​ង​តែ​ទន្ទេញ​​នូវ​ពាក្យថា កុំម្មុយនីស្ត​ៗ អញ្ចឹង​តើ​លោក​បណ្ឌិត​​អាច​ជម្រាប​ជូន​បាន​ទេ​ អំពី​ការ​វិវត្ត​ខាង​ផ្នែក​សេរីភាព​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ជាពិសេស​សេរីភាព​ខាង​នយោបាយ​ តើ​មាន​ការ​វិវត្ត​បែប​ណា​សម្រាប់​កម្ពុជា​បច្ចុប្បន្ន​?

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  បច្ចុប្បន្ន​កម្ពុជា​បាន​ទទួល​យក​នូវ​ច្បាប់​ស្តី​ពី​ កត្តិកា​​សញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិ​មនុស្ស​ ដោយ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដោយ​ពេល​បច្ចុប្បន្ន​នេះ​ យើង​បាន​បង្កើត​ឲ្យ​មាន​អង្គការ​ សមាគម​ ក្រៅ​រដ្ឋាភិបាល​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​ជា​ស្ថាប័ន​គោរព​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​ទៀត​ផង​។ ដូច្នេះ​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុ​ង​តែ​មាន​ការ​រីក​លូត​ លាស់​ជា​លំដាប់​ ។ ជា​ក់​ស្តែង​បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ីវិល​គឺ​មាន​ច្រើនណាស់​ ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​រៀប​ចំច្បាប់គ្រប់គ្រង​អង្គកា​រ​សង្គម​ស៊ីវិល​ ហើយ​នេះ​ក៏​បង្ហាញ​នូវ​លក្ខណៈ​សិទ្ធិ​មនុស្ស​ផង​ដែរ​​ ។ ដូច្នេះ​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​តែ​គ្រប់គ្រង​ដោយ​ច្បាប់​ផង​ដែរ​ មិន​ចេះ​តែ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​នោះ​ទេ​ ពីព្រោះ​នៅ​ក្នុង​រដ្ឋ​គឺ​ត្រូវ​តែ​មាន​ច្បាប់​គ្រប់គ្រង​ អញ្ចឹង​សិទ្ធិ​មនុស្ស​ ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ច្បាប់​នោះ​ផង​ដែរ។ ចំណែក​ឯគណបក្ស​ប្រឆាំង​បែរ​ជា​គិត​ថា មនុស្ស​កើត​ឡើង​មាន​សិទ្ធិ​សេរីភាព​ ដូច​សត្វ​អញ្ចឹង​ដែរ​ ហើយ​រស់​នៅ​ក្នុងរដ្ឋ​ក៏​​​ត្រូវ​ធ្វើ​របៀប​នោះ​ដែរ​​គឺ​មិន​អាច​ធ្វើ​ទៅ​ រួច​នោះ​ទេ​ តែ​កាល​ណា​រស់​នៅ​ក្នុង​រដ្ឋ​គឺត្រូវ​តែ​មាន​ច្បាប់​គ្រប់គ្រង​​ហើយ​សិទ្ធិ​ សេរីភាព​ក៏​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់​នោះ​ដែរ​​។ បច្ចុប្បន្ន​យើង​ដើរ​តាម​មនោគមវិជ្ជា​សេរី​ ដូ​ច្នេះ​យើង​មាន​សិទ្ធិ​ទូលំទូលាយ​។​ ឧទាហរណ៍​ យើង​មាន​វិទ្យុ ទូរទស្សន៍​ជា​ច្រើន​ ដែល​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្ស អំពី​ការ​បញ្ចេញ​យោបល់​ និង​មាន​កាសែត​ និង​ព័ត៌មាន​តាម​ អ៊ីនធើ​ណេត​ ។ល។ យើង​អាច​បង្កើត​គណបក្ស​ អាច​បង្កើត​អង្គការ​ផ្សេង​ៗ​ ដើម្បី​ចូល​រួម​គ្រប់​វិស័យ​ទាំង​អស់ ​នេះ​ហើយ​​ដែល​បញ្ចាក់​អំពី​សិទ្ធិមនុស្ស​ ។​ការ​ទៅចូល​រួម​​បោះ​ឆ្នោត​ ក៏​ជា​សិទ្ធិ​មួយ​ដែរ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន​។ អញ្ចឹង​បច្ចុប្បន្ន​នេះ​ប្រជាជន​យើង​មាន​សិទ្ធិសេរីភាព​ពេល​លេញ​។
មតិលោក សត្យា រក្ស ៖
ខ្ញុំ ​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​ធ្វើការ​ថ្លឹង​ថ្លែង​នូវ​អ្វី​ដែល​ លោកបណ្ឌិត បាន​លើក​ឡើង​​យក​មក​ពន្យល់​ និង​អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​។ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​គឺ​ជា​គណបក្ស​ដែល​ប្រឆាំង​ផ្កាប់​មុខ​ជា​មួយ​ រដ្ឋាភិបាល​ ពួក​គាត់​កំពុ​ង​តែ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​ និង​ហួស​ពី​ព្រំដែន​នៃ​ការ​កំណត់​របស់​​ច្បាប់​ទៅ​ទៀត។​ ពួក​គាត់​បាន​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​ទៅ​លើ​រាជរដ្ឋាភិបាល រួម​ជា​មួយ​ការ​ប្រឌិត​នូវ​អ្វី​ដែល​មិន​ពិត​ ដើម្បី​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​ថែម​ទៀត​ ហើយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​​មិន​ដែល​ទៅ​ចាប់​ទៅ​ចង ឬ​ដាក់ទណ្ឌកម្ម​ទៅ​លើ​គណបក្ស​ប្រឆាំង​ ជាពិសេស​លោក​ កឹម សុខា និង​បន​នយោបាយ​របស់​គាត់​ទេ។​ សកម្មភាព​របស់​ពួក​គាត់​នេះ​បញ្ជាក់​ពី​សេរីភាព​របស់​ពួក​គាត់​កំពុង​ទទួ​ល​ បាន​។ សកម្មភាព​របស់​កឹម សុខា និង​ របស់​ សម​ រង្ស៊ី ដូច​បច្ចុប្បន្ននេះ​ប្រសិន​បើ​នៅ​ក្នុង​កំឡុង​ឆ្នាំ ១៩៧៧ ១៩៧៨ ខ្ញុំ​ជឿជាក់​ថា កឹម សុខា ក្តី​ សម រង្ស៊ី ក្តី​គឺ​មិន​អាច​រស់​រាន​មាន​ជីវិត​ សូម្បី​តែ​មួយ​នាទី​បាន​នោះ​ទេ​ ពួក​គាត់​ប្រាកដ​ជា​ស្លាប់​បាត់​ទៅ​ហើយ​ ដូច្នេះ​សូមបង​ប្អូន​ប្រជាពលរដ្ឋ​ពិចារណា​។

លោក សត្យា រក្ស
          សំណួរ៖ ខ្ញុំ​សុំ​ឲ្យ​លោក​បណ្ឌិត បញ្ជាក់​ថា តើ​របប​អាជ្ញាប្រឹក្ស​ មាន​ទ្រង់​ទ្រាយ​នឹង​លក្ខណៈ​បែប​ណា​ដែរ​?​

លោក​បណ្ឌិត ឈុន ណារ៉េត​
          ចម្លើយ៖​  របប​អាជ្ញាប្រឹក្ស​ គឺហាក់​ដូច​ជាពាក្យ​ថ្មី​សម្រាប់​យើង​ទាំង​អស់​គ្នា​ យើង​អាច​ហៅថា របប​ចម្រុះ​ ពាក់​កណ្តាល​សេរី​ ពាក់កណ្តាល​កុំម្មុយនីស្ត​ គឺ​ជា​របប​មួយ​ដែល​ប្រព័ន្ធដឹក​នាំ​​នយោបាយ​របស់​គេ​​ប្រើ​ប្រព័ន្ធ​ កុំម្មុយនីស្ត​ អាច​ដឹក​នាំ​ដោយ​បក្ស​កុំម្មុយនីស្ត​ អាច​ដឹក​នាំ​ដោយ​បុគ្គល​ម្នាក់​ អាច​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្រុម​ រី​ឯ​ប្រព័ន្ធ​សេដ្ឋកិច្ច​គឺ​គេ​យក​ប្រព័ន្ធ​តាម​បែប​សេដ្ឋ​កិច្ច​ទីផ្សារ​ សេរី​យក​មក​ប្រើ​។ ចំណែក​សិទ្ធិ​សេរីភាព​គឺ​គេផ្តល់​សិទ្ធិសេរីភាព​ ឲ្យ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​មិន​មែន​ទូលំទូលាយ​ទេ​គឺ​គេ​ដក​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​មួយ​ ចេញ​ ។ ម្យ៉ាង​ទៀត​ប្រព័ន្ធ​នេះ​គ្មាន​ការ​បោះ​ឆ្នោត​ដោយ​ទូលំទូលាយ​ទេ​ នេះ​ហើយ​ជា​ប្រព័ន្ធ​អាជ្ញាប្រឹក្ស​។ ខ្ញុំ​លើក​ឧទាហរណ៍​នៅ​ប្រទេស​ លីប៊ី នៅ​ អ៊ីរ៉ាក់​ កាល​សម័យ​ សាដាំហ៊ូ​សេន​ គឺ​ដឹក​នាំ​ដោយ​ សាដាំហ៊ូសេន​ ផ្ទាល់​ និង​ដឹក​នាំ​ដោយ​ ហ្គាដាហ្វី ផ្ទាល់​តែ​ម្តង​ អញ្ចឹង​គ្មាន​ការ​បោះ​ឆ្នោត​ទេ​ គឺ​គាត់​កាន់​អំណាច​យូរ​ណាស់​ ប៉ុន្តែ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​គាត់​គឺ​យក​តាម​សេដ្ឋកិច្ច​​ផ្សារ​សេរី​ ហើយ​គ្មាន​សិទ្ធិសេរី​ភាព​ខាង​ផ្នែក​នយោបា​យ​ទេ​ នេះ​ហើយ​ជា​ប្រព័ន្ធ​របប​អាជ្ញាប្រឹក្ស​។ ឧទាហរណ៍​មួយ​ទៀត​នៅ​ប្រទេស​ចិន​ អ្នក​ខ្លះ​និយាយ​ថា នៅ​ប្រទេស​ចិន​គឺ​ដឹក​នាំ​តាម​បែប​កុំម្មុយនីស្ត តាម​ពិត​ប្រទេស​ចិន​ មិន​មែន​ដឹក​នាំ​តាម​បែប​កុំម្មុយ​នីស្ត​ទេ​ គឺ​ដឹក​នាំ​តាម​របប​អាជ្ញាប្រឹក្ស។ នៅ​វៀត​ណាម​ ភូមា គឺ​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្រុម​ គឺ​ក្រុម​ឧត្តមសេនីយ៍ ថាន់ស្វេ ដែល​បាន​កាន់​អំណាច​យូរណាស់​មក​ហើយ​ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​គាត់​ជាសេដ្ឋកិច្ច​ផ្សារ​សេរី សិទិ្ធ​សេរីភាព​មិន​ទូលំទូលាយ​ទេ​ គឺ​ដក​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ​មួយ​ចេញ​ នៅ​​ទី​នោះ​មិន​អាច​ពាក់ព័ន្ធ​រឿង​នយោបាយ​បាន​ទេ​។ ប្រទេស​វៀត​ណាម​ ក៏​ដូច្នេះ​ដែរ​ គឺ​ប្រើ​ទម្រង់​អាជ្ញាប្រឹក្ស​នេះ​ដែរ​។​ ឧទាហរណ៍​ទាំង​នេះ​ហើយ​គឺ​ជា​ទម្រង់​របប​អាជ្ញាប្រឹក្ស​ ឬក៏​យើង​ហៅថា ទម្រង់​ពាក់​កណ្តាល​សេរី​ ពាក់កណ្តាល​កុំម្មុយនីស្ត​៕​
សម្រង់ព័ត៌មាន​៖ លោក នូ​ សាវុធឌី​​