Monday, November 28, 2011

បទអត្ថាធិប្បាយ៖​«ពួកជំនាញការ» ដែលមានទស្សនៈទៅតាមអារម្មណ៍ និងមានលក្ខណៈប្រមាថ


          ក្នុងខណៈពេលនៃការរំភើបរីករាយក្នុងអារម្មណ៍ «ពួកជំនាញការ » អាចក្លាយ​ទៅជាខ្វាក់ភ្នែក ហើយបាត់បង់បញ្ញា​ញាណ និងភាពសមហេតុផលរបស់ខ្លួន ដែលបណ្តាលឱ្យពួកគេបញ្ចេញមតិដោយ ខ្វះ​វិចារណ​ញ្ញាណ​ទាំងស្រុង

          នេះគឺជាករណីដែលកើតឡើងចំពោះ «ពួកជំនាញការ» ជាច្រើន រួមទាំង Teuku Rezasyah ដែល ជាអ្នកស្រាវជ្រាវមួយរូបនៅឯមជ្ឈមណ្ឌលឥណ្ឌូនេស៊ីនៃប្រជាធិបតេយ្យ ការទូត និងការពាជាតិ ដែលអ្នក ស្រាវជ្រាវរូបនេះ «កំពុងតែបញ្ចេញការព្រួយបារម្ភថា កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំ២០១២ ប្រហែលជាមិនអាចធ្វើបានល្អ ហើយប្រហែលជាមិនប្រើប្រាស់តួនាទីរបស់ខ្លួនដោយអព្យាក្រឹតដើម្បី ដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនជាមួយថៃនោះទេ» ដូចដែលបានធ្វើសេចក្តីរាយការណ៍ដោយ Mustaquim Adamrah នៅក្នុងសារព័ត៌មាន Jakarta Post ចុះថ្ងៃពុធ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១១ ក្រោម ចំណជើងថា «តើកម្ពុជាអាចបំពេញការងារបានល្អដូចឥណ្ឌូនេស៊ីដែរឬទេ ក្នុងតួនាទីជាប្រធានអាស៊ាន នោះ?»។ Mustaquim Adamrah ក៏បានរាយការណ៍ដែរថា Syamsul Hadi ដែលជាជំនាញការផ្នែក ទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យនៃឥណ្ឌូនេស៊ី បាននិយាយថា៖ «វាក៏នឹងប្រហែលជាពិបាកសម្រាប់ កម្ពុជា ដែលនឹងមិនប្រើប្រាស់តួនាទីជាប្រធានរបស់ខ្លួនហើយ នឹងដើរតួនាទីជាប្រធានដ៏យុត្តិធម៌នៅក្នុង ជម្លោះព្រំដែនជាមួយថៃនោះ»។

          ប្រជាជនកម្ពុជា​ទាំង​មូល សូមកោតសរសើរដោយស្មោះស្ម័គ្រ និងដោយមានមោទនៈភាពដល់ អាស៊ានដែល​បានបំពេញតួនាទីយ៉ាងល្អ នៅក្រោមប្រធានឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១១។ ការបំពេញកិច្ចការ ល្អ ឬអត់ របស់អាស៊ាននៅក្រោមប្រធានកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងទៅលើស្មារតីនៃកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តក្នុងចំណោមបណ្តារដ្ឋសមាជិក ដោយសារការពិត និងសច្ចៈភាពដែលជា​មូលដ្ឋានគ្រឹះ ដែលនិងធានាបាននូវភាពជោគជ័យរបស់អាស៊ានក្នុងឆ្នាំ២០១២ ដូចជាធម្មនុញ្ញអាស៊ាន សេចក្តីប្រកាស ជាបន្តបន្ទាប់របស់អាស៊ាន និងអាស៊ានបូក លេខាធិការដ្ឋានអាស៊ាន និងការិយាល័យប្រតិបត្តិការដទៃៗ ទៀតក៏ដូចជារបៀបវារៈរបស់អាស៊ានរយៈពេលវែង  នៅតែស្ថិតក្នុងសភាពដូចដើម​ដដែល។ កាលពី៩ឆ្នាំ មុន គឺក្នុងឆ្នាំ២០០២ តាមរយៈដំណើរការនៃ​ប្តូរវេនប្រចាំឆ្នាំនៃការធ្វើជាប្រធានក្នុងចំណោមរដ្ឋសមាជិក ទាំង១០ ហើយគ្រាន់តែរយៈពេលមិនដល់៤ឆ្នាំ​ផង​ទេ ក្រោយពេលដែលព្រះរាជាណាចក្រកម្ពុជាទទួល បានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុងពេញលេញ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជានោះ កម្ពុជាបាន ធ្វើជាប្រធានអាស៊ាន ហើយជោគជ័យរបស់អាស៊ានត្រូវបានស្វាគមន៍ និងកោតសរសើរពីសំណាក់រដ្ឋ សមាជិកទាំងអស់ និងអ្នកចូលរួមក្នុងតំបន់ និងពិភពលោកផងដែរ។ ដូច្នេះ «ពួក​ជំនាញការ» រួម​ទាំង​អ្នក ទាំងពីររូបខាងលើនេះ មិនគួរមានការចងចាំដ៏ខ្លីយ៉ាង​នោះសោះ ហើយមិនគួររំលងព័ត៌មានដ៏មានអត្ថន័យ ក្នុងការគាំទ្រដល់ទស្សនៈរបស់ខ្លួនឡើយ។
          ក្នុងការទទួលយកជានិមិត្តរូបនៃភាពជាប្រធានប្តូរវេនរបស់អាស៊ានដែលបានប្រគល់ជូនដោយណ្ឌូនេស៊ី កាលពីសប្តាហ៍មុនក្នុងទីក្រុងបាលីនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញជា ផ្លូវការពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឱ្យឥណ្ឌូនេស៊ីបន្តតួនាទីរបស់ខ្លួនជាតំណាងអាស៊ាន ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងក្របខណ្ឌនៃតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ សារព័ត៌មាន The Bangkok Post ដែលបានបោះពុម្ភផ្សាយអត្ថបទមួយនៅថ្ងៃទី២២ ខែ វិច្ឆិកា ក្រោម ចំណងជើងថា «ថៃបានប្រគល់របាយការណ៍ព្រំដែនទៅកាន់ ICJ» គឺមានភាពយុត្តិធម៌គ្រប់គ្រាន់ក្នុងការ រាយការណ៍ពីសំណើដែលបញ្ជាក់ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃជំនួបមួយ ជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono។

          «ពួកជំនាញការ» ដែលមាន Teuku Rezasyah និង Syamsul Hadi ក្នុងនោះ​ផងមិនគួររំលង ព័ត៌មានដ៏មានអត្ថន័យនោះទេ ហើយមិនគួរបញ្ចេញមតិដែលមានលក្ខណៈប្រមាថរបៀបនេះសោះ​ ដែល សង្ស័យលើសមត្ថភាពរបស់កម្ពុជា ដើម្បី​ប្រកាន់​យកអព្យាក្រឹតភាពនៃតួនាទីជាប្រធាននៅក្នុងបញ្ហាជម្លោះ ព្រំដែនរបស់ខ្លួនជាមួយថៃនោះ ។ ម៉្យាងវិញទៀត គួរឱ្យសោកស្តាយជាទីបំផុតនៅពេលដែលអ្នកដែលហៅ ខ្លួនឯងថាជា «ពួកជំនាញការ» នោះ ប្រឹងប្រែង​យ៉ាងរហន់​ស្លន់ស្លោ​បញ្ចេញ​មតិមិន​សុចរិត ដើម្បីធ្វើឱ្យតួនាទី ជាប្រធានអាស៊ានក្លាយទៅជាបញ្ហាប្រកួតប្រជែង ដើម្បីកិត្យានុភាពក្នុងចំណោមមេដឹកនាំ នៃប្រទេសជា សមាជិកទៅវិញ។ វាពិតជាសមរម្យ​ជាទីបំផុតក្នុងការរំលឹកដល់ពួក «ពួកជំនាញការដ៏​គ្មានតម្លៃ» អស់នោះ អំពីបាវចនារបស់អាស៊ានដែលនោះគឺ៖ ទស្សនៈមួយអត្តសញ្ញាណមួយ សហគមន៍មួយ (មាត្រា៣៦ នៃ ធម្មនុញ្ញអាស៊ាន)។

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស