Monday, November 28, 2011

កម្មវិធី​អភិ​វ​ឌ្ឈ​អង្គការ​សហ​ប្រជា​ជាតិ​នឹង​វាយតម្លៃ​ពី​ ការ​ផ្តល់​ជំនួយ​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​



លោក​ជំទាវ​ Helen Clark នាយិកា​កម្មវិធី​អភិ​វ​ឌ្ឈ​អង្គ​ការ​សហ​ប្រជា​ជាតិ(UNDP)​មានប្រសាសន៍ ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​ថា ​មន្ត្រី​នាយកដ្ឋាន​ខាង នយោបាយ​របស់​ UNDP ​ដែល​កំពុងតែ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ​នឹងធ្វើ​ការ​វាយតំ​លៃ​ក្នុង ​ការជួយ​ដល់​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​​នៅ​ពេល​ខាងមុខ​ជា​មិនខាន​។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឲ្យ​ដឹងថា នៅ​​ពេល​ទទួល​ជួបពិភាក្សា​ការងារជា​មួយ​​លោកជំទាវ Helen Clark នាយិកា​កម្មវិធី​អភិ​វ​ឌ្ឈ​អង្គ​ការ​សហ​ប្រជា​ជាតិ​(UNDP)​ ​នៅ​វិមាន សន្តិភាព នា​រសៀល​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​នូវ​អំណរ គុណ​ដល់​ប្រព​ន្ធ័​របស់​អង្គការសហប្រជាជាតិ​ទាំងមូល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ពេល​ដែល​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ត្រូវ​​រៀប​ចំ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ឆ្នាំ ២០១២​ បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង ឆ្នាំ ២០១៣ មានការ​បោះឆ្នោត​សកលនា​ពេល​ខាង​មុខ​ សម្តេចតេជោ​​បាន​មានប្រសាសន៍​ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដើរតួនាទី​ជួយ​ដល់​កម្ពុជា ជាពិសេស ផ្តល់​ថវិកា សំរាប់​ដំណើរការ​បោះឆ្នោត​ទាំងនោះ ព្រោះថា​កម្ពុជា​គឺជា​ប្រទេសមួយ ដែល​កំពុងតែ​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាង​ល្អ។
          ទាក់​ទង​ទៅ​នឹង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​១១ នៃ​រដ្ឋ​ភាគី​អនុ​សញ្ញា​អូតាវ៉ា ​លោកជំទាវ Helen Clark មានប្រសាសន៍វាយ​តម្លៃ​ថា  កម្មវិធី​អភិវឌ្ឍ​សហស វត្សរ៍​របស់​កម្ពុជា ដែល​បានដាក់​ការលុបបំបាត់ និង បំផ្លាញ់​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ មាន​គោ​លដៅ និង មាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ ក៏ដូចជា​កម្មវិធី​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ផងដែរ។ ​លោកជំទាវ​ Helen Clark ក៏​បាន​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ និង កោតសរសើរ​ចំពោះ​ភាព​រីកចំរើន​របស់​ប្រទេស​កម្ពុជា ពិសេស​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ ក្នុងការ​អនុវត្តន៍​គោលការណ៍​អភិវឌ្ឍ​សហស្សវត្ស អង្គការសហប្រជាជាតិ​នោះ។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ការ​បំផ្លាញចោល​គ្រាប់មីន និង គ្រាប់ មិនទាន់​ផ្ទុះ​គឺជា​ទិសដៅ​រយៈពេល​វែង​របស់​កម្ពុជា ដែល​រាល់​ការសាងសង់​ទាំងឡាយណា របស់​កម្ពុជា​គឺ​សុទ្ធសឹងតែ​ត្រូវការ​បោសសំអាត​គ្រាប់មីន​ តាមរយៈ​នេះ​កម្ពុជា​កំពុងតែបន្ត​ដោះស្រាយ​លើ​បញ្ហា​គ្រាប់មីន​នេះ ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត ពិសេស​នៅក្នុង​ការចូលរួម​ចំ ណែ​ក​ពី​ប្រទេស​ផ្តល់ជំនួយ និង អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ផងដែរ។ កម្ពុជា​កំពុងតែធ្វើការ​យ៉ាងសកម្ម​ជាមួយ UNDP  ទៅលើ គំរោង​អភិវឌ្ឍន៍​ដទៃទៀត ជាពិសេស​ជាមួយនឹង ឯកឧត្តម ដូ​ក្លាស ជា​តំណាង UN នៅ​កម្ពុជា៕