Monday, November 28, 2011

​កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម​ត្រូវការ​ការ​គាំទ្រ​ពី​ដៃគូ​ អភិវឌ្ឍន៍​ ដើម្បី​បន្ត​ដំណើរការ​កំណែ​ទម្រង់



សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​មាន​ប្រសាសន៍ថា​ យើង​ត្រូវការ​ការគាំទ្រ ​និង​ ការ​រួមចំណែក​យ៉ាង​ច្រើន ​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់​សម្រាប់​ដំណើរ​ការ​កំណែទម្រង់​ជំនាន់​ទី​ពីរ ​នៃ សហប្រតិ​បត្តិ​ការ​កម្ពុ​ជា ​ឡាវ ​មី​យ៉ាន់​ម៉ា និង​វៀតណាម​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យទៅជា​តំបន់​មាន​ ភាព​រុងរឿង​ ស្ថិរភាព​ វិបុលភាព​ ដែល​នឹង​ផ្តល់​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំង​នោះ​វិញ នូវ​ឱកាស​វិនិយោគ​ក្នុង ​តំបន់​ឤ​ស៊ាន​ និង​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត ​បរិស្ថាន​ធុរកិច្ច​ប្រកបដោយ​ជីវភាព​សម្រាប់​ញ​ណិ​ជ្ជ​កម្ម ​និង​វិនិយោគ​រយៈពេល​វែង​នោះ​។
ថ្លែង​បើក​សន្និសីទ​តំបន់​ស្តីពី​ប្រទេស​កម្ពុជា​ ឡាវ មី​យ៉ា​ន៉​ម៉ា​ និង ​វៀតណាម​(CLMV) និង​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ​២០១៥ ក្រោម​ប្រធាន​បទ​​«ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ»​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នា​រសៀល​​ថ្ងៃទី ​២៨​ ខែវិច្ឆិកា ឆ្នាំ ២០១១​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​ជឿថា នឹង​ពុំមាន​ភាគី​ណាមួយ​ខាតបង់​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​ចំណេញ​ពី​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ សន្តិសុខ វប្បធម៌ និង សុខភាព​សង្គម ការចែករំលែក​ព័ត៌មាន ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ក៏ដូចជា​ការ​ទប់ទល់​នឹង​ការ​គម្រាមកំហែង មិនមាន​លក្ខណៈ​ប្រពៃណី ដើម្បី​រក្សា​ស្ថិរភាព​សន្តិសុខ តំបន់។ សម្តេច​តេ​ជោ​ថ្លែងថា ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម (CLMV) ដែល​ស្ថិត នៅ​ចំ​កណ្តាល​តំបន់​ឤ​ស៊ី​ឤ​គ្នេ​យ៍ ដើរតួនាទី​ដ៏​សំខាន់​សម្រាប់ ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច និង វិបុលភាព​រួម​របស់​តំបន់​ឤ​ស៊ី​ឤ​គ្នេ​យ៍ ។ ប្រទេស CLMV សំបូរ​ទៅ ដោយ​ធនធានធម្មជាតិ និង មាន​ប្រជាជន​ប្រហែល ១៦០ លាន នាក់ ដែលជា​សក្តានុពល​ដ៏​ធំ​សម្រាប់​កាលា​នុ​វត្ត​ទីផ្សារ និង សេដ្ឋកិច្ច ។
សម្តេច​តេជោ​មានប្រសាសន៍ឲ្យ​ដឹង​ថា ជា​កិត្តិយស​មួយ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ កំពូល នៃ​កិច្ចសហប្រតិបត្តិការ​ប្រទេស មហា​អនុតំបន់​ទន្លេមេគង្គ​លើក​ទី ១ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០០២ ដោយ​ជួន​គ្នា​នឹង​កិច្ចប្រជុំ​កំពូល​ឤ​ស៊ាន​លើក​ទី ៨ នៅពេល​ជាមួយគ្នា​នោះដែរ។ កិច្ចប្រជុំ កំពូល​ពេលនោះ​ស្នើ​បង្កើត​របៀង​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដោយ​ផ្អែកលើ​មូលដ្ឋាន​ទាំង ផ្នែក​រឹង និង​ទន់ ។ ផ្នែក​រឹង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លង​ព្រំដែន​ដូចជា​ផ្លូវ ទូរគមនាគមន៍ និង​ថាមពល ដែល​ផ្នែក​ទន់​មាន​គោល​នយោ​បាយ​អនុតំបន់​នានា ច្បាប់​គតិយុត្ត និង​យុទ្ធសាស្ត្រ សម្រាប់​ជួយ​ការ ធ្វើដំណើរ ការដឹកជញ្ជូន ញ​ណិ​ជ្ជ​កម្ម វិនិយោគ ព័ត៌មាន និង​អភិវឌ្ឍន៍​ធនធានមនុស្ស។ គោលបំណង​យុទ្ធសាស្ត្រ​របស់​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ គឺ​ទាក់ទាញ វិនិយោគ និង​ប្រែក្លាយ​សេដ្ឋកិច្ច​អនុតំបន់​នេះ​ឱ្យទៅជា​ទីផ្សារ​ធំ​ទូលាយ មានការ​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស មាន​អ្នកប្រើប្រាស់ សរុប​ជិត ៣០០ លាន​នាក់​ដែល​ទទួលផល​ពី​វិបុលភាព និង​សន្តិភាព ដែល​ខ្ញុំ​សូម​កោតសរសើរ​ធនាគារ​អភិវឌ្ឍន៍ ឤ​ស៊ី ដែល​ដើរតួនាទី​យ៉ាងសកម្ម និង ផ្តល់ជំនួយ​គាំទ្រ គម្រោងធំៗមួយចំនួន​សំដៅ​ចម្រាញ់​យក​សក្តានុពល សេដ្ឋកិច្ច​នៃ​តំបន់​មេគង្គ ។
ទាក់​ទង​នឹង​ប្រធានបទ​ «តើ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន​ឤ​ច​រួមចំណែក​ដល់​ការកាត់​បន្ថយ គម្លាត​អភិវឌ្ឍន៍ រវាង​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា និង សមាជិក​ឤ​ស៊ាន ចាស់​ដោយ​របៀប​ណា»នោះ​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មានប្រសាសន៍ថា ចំណុច គន្លឹះ​សំខាន់​ពីរ គឺ​ការកសាង​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន និង ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ដែល​គួរតែ​ត្រូវ​បំពេញ និង ពង្រឹង​គ្នា​ទៅវិញទៅមកសម្តេចតេជោ​​ថ្លែងថា ខ្ញុំ​ជឿជាក់ថា ការអភិវឌ្ឍ​តំបន់​មេគង្គ មិនមែន​ត្រឹមតែ ជា​ប្រយោជន៍​នៃ​បណ្តា​សមាជិក​ឤ​ស៊ាន និង ប្រទេស​នៅតាម​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រយោជន៍​សម្រាប់ ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ដែល​នឹង ឤ​ច​ទាញ​ចំណេញ​ពី​ការអភិវឌ្ឍ​តំបន់​មេគង្គ​នេះ។ ខ្ញុំ​មាន​​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​ទាំង​នេះ​នឹង​ជួយ​យើង​ពង្រឹង​ការខិតខំ​រួម ដើម្បី​​សម្រួល​ញ​ណិ​ជ្ជ​កម្ម និង កាត់បន្ថយ​របាំង​មិនមែន​ពន្ធគយ កែលម្អ​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន កែលម្អ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន និង​បង្កើន កិច្ចសហប្រតិបត្តិការ​ថែម​មួយកម្រិត​ទៀត​តាមរយៈ​ញ​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ក្នុង​តំបន់​ពង្រឹង​ភាព​ប្រកួតប្រជែង បង្កើត​ការងារ​បង្កើន​ចំណូល និង កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​អនុតំបន់ ដែល​ភាគច្រើន​ជា​សមាជិក​ថ្មី​របស់ ឤ​ស៊ាន​ហើយ​មានការ​អភិវឌ្ឍ​នៅ​ទាប​នៅ​ឡើយ។ ក្នុង​បរិបទ​នេះ យើង​ឤ​ច​មើលឃើញ​កត្តា​ប្រឈម​ទាន់ពេលវេលា និង រួមគ្នា​រិះរក​វិធានការ​ដើម្បី​ជំនះ​​កត្តា​ទាំងនេះ។ខ្ញុំ​មានជំនឿថា បទពិសោធន៍​ពី​អតីតកាល បាន​បង្រៀន យើង​អំពី​ផលវិបាក​នៃ​កង្វះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់ ដែល​ធ្វើឱ្យ​យើង​ងាយ​ទទួលរង​គ្រោះ​ពី​វិបត្តិ​ខាងក្រៅ និង ងាយ​ជាប់ផុង​ជ្រៅ​ក្នុង​អន្លុង​នៃ​ភាពក្រីក្រ​ដូច្នេះ​មេរៀន​នេះ​ គឺ​តម្រូវឱ្យ​យើង​សហការគ្នា​ដើម្បី​បង្កើត​កន សមាហ​រណកម្ម និង​ភាព​ធន់​តាមរយៈ​ការអភិវឌ្ឍ​ក្នុង​តំបន់​របស់​យើង។
«ខ្ញុំ​សូមបញ្ជាក់ថា សមាហរណកម្ម​សេដ្ឋកិច្ច គឺមាន សារៈសំខាន់​ណាស់ និង​មិន​ឤ​ច​ខ្វះ​បាន មិន​ត្រឹម​តែ​ ដើម្បី​ជម្រុញ​កិច្ច​ដំណើការ ដូចជា​សមាហរណកម្ម​ទីផ្សារ និង​ការ​ជម្រុញ​លំហូរ ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម និង​កត្តាផលិតកម្ម ទាមទារ​ឱ្យ​មានការ​សម្រប សម្រួល​គោលនយោបាយ មូលធន ការកែទម្រង់​ស្ថាប័ន​​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ត្រូវគោរព​យុត្តាធិការ និង អធិបតេយ្យភាព​ជាតិរ​បស់​ប្រទេស​សមាជិក​នីមួយៗ​ផងដែរ» នេះ​ជា​អនុសាសន៍​របស់​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​៕