Monday, November 28, 2011

កិច្ច​ប្រជុំ​​ជា​សកល​ស្តី​ពី​ការ​ប្រឆាំង​គ្រាប់​មីន​ រំឭក​អំពី​ការ​រួម​ចំណែក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ចលនានេះ​

ប្រតិ​ភូ​រាប់​រយ​នាក់​ ដែលចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆាំ្ន​ធំបំផុត​​ស្តីពី​គ្រាប់​មីន​នៃ​ពិភព​លោក​ បាន​មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​ទទួលបាន​បដិសណ្ឋារកិច្ច​នៅ​វិមាន​សន្តិភាព​ក្នុង​​រាជធានី​ភ្នំ​ពេញ​ នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១ នៃ​រដ្ឋ​ភាគី ​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ប្រើ​​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស ឬ អនុសញ្ញា​ក្រុង​អូតាវ៉ា(11MSP) ​។​
អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតី​ក្នុង​ពិធី​បើក​ដ៏​មហោឡាឫកនេះ​ រួម​មាន​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា  ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) លោក​ជំទាវ ហេឡិន ក្លាក (Helen CLARK) អ្នក​រស់​រាន​មាន​ជីវិត​ពី​គ្រាប់​មីន, កញ្ញា សុង កុសល ​ទូត​សុឆន្ទៈ​នៃ​យុទ្ធនាការ​អន្តរជាតិស្តីពី​ការ​ហាមប្រាម​ការ​ប្រើ​ប្រាស់​​គ្រាប់​មីន (ICBL) និង ឯកឧត្តម ​ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​​ដែលជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ 11SMP នេះ។ ប្រតិភូ​ក៏​បាន​ទស្សនា​ផងដែរ​ការសម្តែង​សិល្បៈ​ដ៏រស់​រវើក​ដោយ​ក្រុម​របាំ​នាយកដ្ឋាន​សិល្បៈ នៃ​ក្រសួង​វប្បធម៌​ ព្រះ​រាជាណាចក្រ​កម្ពុជា​។

សម្តេច​តេជោហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍ថា “​សម្រាប់​កម្ពុជា តំណែង​ប្រធាន​នេះ​គឺ​ជា​បុព្វសិទិ្ធ​ក្នុង​ការ​ផ្តល់​សេវា និងការទទួល​ខុសត្រូវ​ដ៏​ធំមួយ​ដែល​ត្រូវ​បំពេញ" "ប្រវត្តិ​នៃ​ការ​បោស​សម្អាត​​មីន និងការ​ផ្តល់ដី​សម្រាប់​ផលិតកម្ម​កសិកម្ម បាន​ចាប់​ផ្តើម​ក្រោយ​ពេល​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅ​ដើមឆ្នាំ ១៩៧៩ ដែល​នៅក្នុង​នោះ​ អ្នកស្រី គង់ សារឿន បាន​ក្លាយ​ជា​វីរៈនារី​ជាតិ ដោយ​បាន​ដឹកនាំ​ក្រុម​អនុសេនាធំ​បោស​សម្អាត​មីន​មួយ​ប្រកបដោយ​សេចក្តី​ក្លាហាន​ ដើម្បី​បោស​សម្អាត​​មីន​នៅ​ប៉ែ​ក​បូព៌ា​នៃ​ប្រទេស។ សម្តេច​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា ការបោស​សម្អាត​មីន​​មនុស្សធម៌​បាន​ចាប់​ផ្តើម​ជាផ្លូវ​ការ​ក្នុង​ឆ្នាំ ១៩៩២ ដើម្បី​ផ្តល់​ដី​មាន​សុវត្ថិភាព​ជូន​ដល់​ជន​មាតុភូមិនិវត្តន៍​ជាង ៣៥០.០០០ នាក់ ​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ឯកឧត្តម ប្រាក់ សុខុន​ រដ្ឋ​មន្រ្តីអម​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ប្រធាន​ជ្រើស​តាំង​នៃ​កិច្ច​ប្រជុំ​លើក​ទី ១១ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា(11MSP) បាន​មានប្រសាសន៍​នៅក្នុង​ពិធីបើកថា ខណៈដែល​ពិភព​លោក​មក​កាន់​កម្ពុជា ដែល​គឺជា​កន្លែង​កំណើត​មួយ​នៃ​ចលនា​នេះ យើង​ទាំងអស់គ្នា​សូម​ស្វាគមន៍​ឳកាស​មាស​មួយ ដែលនៅក្នុង​នោះ​យើង​អាច​ឆ្លុះបញ្ចាំង​អំពី​កិច្ចប្រឹងប្រែង​រយៈពេល​ពីរ​ទស្សវត្សរ៍ កន្លង​មក និងធ្វើ​សេចក្តី​សម្រេចចិត្ត​សំខាន់ៗ ដើម្បី​សង្គ្រោះ​ជីវិត​និង​អាវៈយៈវៈ​ថែមទៀត" "នេះ​គឺការតាំងចិត្ត​ផ្នែក​នយោបាយ​នៅកម្រិត​ខ្ពស់​បំផុត​នៃ​រាជរដ្ឋា​ភិបាល​​យើង​ខ្ញុំ និងការតាំងចិត្ត​ដ៏​ពិតប្រាកដ​របស់​យើង​ចំពោះ​អនុសញ្ញា​នេះ​ហើយ ដែល​បានជម្រុញដល់​កា​រសម្រេចចិត្ត​របស់​យើង​ក្នុង​ការ​ទទួល​រៀបចំ​និង​ទទួល​តំណែង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ។"

លោកជំទាវ ហេឡិន ក្លាក (Helen CLARK) ប្រធាន​ UNDP ដែល​បាន​ចូលរួម​ក្នុង​ពិធីបើក​នេះ បាន​មាន​ប្រសាសន៍​អំពី​ផលប៉ះពាល់​ជាឧបសគ្គ​នៃ​គ្រាប់​មីន។ "នៅតាម​បណ្តាប្រទេស​ដែល​ងើប​ចេញ​ពី​វិវាទ យុទ្ធភ័ណ្ឌ​ទាំងនេះ​​ពន្យឺត​ការធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ជនភៀសខ្លួន​ និង ការវិលត្រឡប់​នៃ​ជន​ភៀសសឹក។ វា​រារាំង​ដល់​ការ​ផ្តល់​ជំនួយ​និង​ជំនួយ​សង្គ្រោះ វា​ធ្វើ​ឲ្យ​សហគមន៍​ខាតបង់​ការប្រើប្រាស់​ប្រកបដោយ​​ប្រយោជន៍​និង​សុវត្ថិភាព​នូវដី​និង​ធនធាន​ធម្មជាតិ។ ការ​គម្រាម​កំហែង​ជាប្រចាំ​របស់​វា រាំងស្ទះ​ដល់​មុខរបរ​ប្រមាញ់​ជាប្រពៃណី ការអភិវឌ្ឍ​ជីវភាព និងលទ្ធភាព​ចូលដល់​ទីកន្លែង​ដែល​មាន​សារៈសំខាន់​ខាង​វប្បធម៌​និង​សាសនា។ ផលប៉ះពាល់​រួម​លើ​សន្តិសុខ​មនុស្ស​និង​សេរីភាព​ជាមូលដ្ឋាន​នៃ​ការធ្វើ​ចលនា គឺ​មាន​លក្ខណៈ​ធំធេង​ណាស់។

កញ្ញា សុង កុសល យុវនារី​កម្ពុជា​មួយរូប​ដែល​បាន​តំណាង​ឲ្យ​ទុក្ខវេទនា​នៃ​ជន​រួចរស់​ពី​គ្រាប់​មីន​នៅ​គ្រប់​ទីកន្លែង និងជា​ជន​មួយរូប​នៃ​ជនល្បីល្បាញ​បំផុត​នៃ​អនុសញ្ញា បាន​និយាយ​អំពី​ចលនា​នេះ​ថាៈ បណ្តា​ជន​រួចរស់​ទី​មួយ​ដែល​បាន​រ៉ាយរ៉ាប់​រឿង​របស់​ខ្លួន​ជូន​ពិភពលោក គឺ​ជា​ជនជាតិ​កម្ពុជា។ យើង​បាន​ធ្វើ​ដូច្នេះ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​វីយ៉ែន​ក្នុង​ឆ្នាំ ១៩៩៥ និង នៅ​ក្រុង​ហ្សឺណែវ ក្នុង​ឆ្នាំ ១៩៩៦។ នា​រាត្រី​នេះ គ្នា​យើង​ខ្ញុំ​ប្រាំ​មួយ​នាក់​ពី​សករាជ​នោះ​​ស្ថិតនៅ​ទីនេះ​ជាមួយ​យើង​ទាំងអស់​គ្នា។ សន្និសីទ​មួយ​ដែល​យើង​បាន​រៀបចំ​នៅ​ទីនេះ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៩៥ គឺជា​ការ​ចាប់​ផ្តើម​​នៃ​ការធ្វើ​យុទ្ធនាការ​ប្រឆាំង​គ្រាប់​មីន​នៅ​ជុំវិញ​ពិភពលោក។ នៅ​កម្ពុជា យើង​ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ដោយ​ព្រះមហាក្សត្រ​និង​សម្តេច​នាយករដ្ឋមន្ត្រី​យើង​ខ្ញុំ ​បាន​គាំទ្រ​យុទ្ធនាការ​របស់​យើង​ដើម្បី​ហាមប្រាម​គ្រាប់​មីន​តាំងពី​ឆ្នាំ ១៩៩៣។ ព្រះមហាក្សត្រ​និង​សម្តេច​នាយករដ្ឋមន្ត្រី​គឺជា​ផ្នែក​មួយ​នៃ​ចលនា​ដែល​បាន​នាំ​ទៅដល់​អនុសញ្ញា​ក្រុង​អូតាវ៉ា ហើយ​ព្រះអង្គ​​ និង​សម្តេច​នាយករដ្ឋមន្ត្រី​នៅ​តែ​គឺជា​ផ្នែក​មួយ​នៃ​ចលនា​នា​ពេល​បច្ចុប្បន្ន

សម័យ​ប្រជុំ​ផ្លូវ​ការ​នៃ​កិច្ចប្រជុំ 11MSP ​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១១​ នៅ​វិមាន​សន្តិភាព​ ដោយ​មាន​ការចូលរួម​ពី​អ្នក​ចូល​រួម​ជាង ១០០០ នាក់ ដែល​រួមមាន​រដ្ឋមន្ត្រី អង្គទូត ជំនាញការ​ខាងគ្រាប់​មីន និងអ្នក​រួចរស់​ជីវិត។ កិច្ចប្រជុំ 11MSP គឺជា​កិច្ចប្រជុំ​ពហុភាគី​ធំបំផុត​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ឯកឧត្តម ប្រាក់ សុខុនត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ 11MSP ។ ឯកឧត្តម ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​ជ្រើស​តាំង​វាជាមោទនៈភាព​របស់​ប្រជា​ជន និង​ប្រទេស​កម្ពុជា​។ កម្ពុជា​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​ជម្រុញ​ការ​អនុវត្ត​អនុសញ្ញា​អូតាវ៉ា​ និង​ផែន​ការ​សកម្មភាព​នៃ​ទី​ក្រុង​​កាតាហ្សេណា​។​
សម្តេច​តេ​ជោ​នាយ​ក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា សំរាប់​ប្រទេស​កម្ពុជា​វេន​ជា​ប្រធាន​នេះ​នឹង ផ្តល់​បន្ទុក​ទទួលខុស​ត្រូវ និង កិត្តិយស​ដ៏​ធំ​មួយ​ក៏ ប៉ុន្តែ​សំរាប់​ចលនា​នៃ​ការហាម​ប្រាម​ការប្រើប្រាស់ អាវុធ​មួយ​នេះ គឺជា​និមិត្តរូប​ដ៏​មាន​សារៈសំខាន់​បំផុត។ ប្រការ​ដែល​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​នៅ​ក្រុងភ្នំពេញ មានន័យថា អនុសញ្ញា​នេះ​បាន​វិលត្រឡប់​មកកាន់​ទឹកដី​នៃ​ការចាប់​កំណើត​របស់ខ្លួន​កាលពី ២០ ឆ្នាំមុន។គឺ​ចេញពី​សោកនាដកម្ម ការឈឺចាប់​របស់​ជន​រងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា​ក៏ដូចជា​នៅ តំបន់​ស្រដៀង​គ្នា នៅ​ប្រទេស Mozambique, Angola, Afghanistan ឬ​នៅ Bosnia-Herzegovina នេះ ហើយ ដែល​ការ​ប្តេ​ជា​ចិត្ត​ដើម្បី​លុបបំបាត់​អាវុធ​ដ៏​អមនុស្សធម៌​មួយ​នេះ បានកកើតឡើង។សម្តេច តេ​ជោ​ថ្លែងថា សោកនាដកម្ម​កន្លងទៅ​របស់​ប្រទេស​កម្ពុជា គឺជា​សោកនាដកម្ម​ដោយឡែក​ប្រកប ដោយ​ការឈឺចាប់​បំផុត។ នេះ​ជា​ឱកាស​ដ៏​សំខាន់ ដើម្បី​យើង រួមគ្នា​ពិនិត្យឡើងវិញ​នូវ​ផ្លូវ​ដែល​យើង​បាន​ដើរ សមិទ្ធផល​ដែល​យើង​បានសំរេច និង​ការ​ប្រឈម​ដែល នៅមាន​បន្ត​ចំពោះមុខ​យើង ដើម្បី​សំរេច​គោលដៅ​នៃ​អនុសញ្ញា ។
តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងមូល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង នូវ​សេចក្តី​រីករាយ​ជា​អនេក និង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​របស់​ភ្ញៀវ ជា​តំណាង នៃ​រដ្ឋ​ភាគី និង រដ្ឋ​មិនមែន​ភាគី​អនុសញ្ញា​អូ​តា​វ៉ា តំណាង​អង្គការសហប្រជាជាតិ ស្ថាប័ន​នានា ដែល អញ្ជើញ្ញ​ពី​គ្រប់​ទ្វីប​នៃ​ពិភពលោក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ១១ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ស្តីពី​ការហាម ប្រាម​ការប្រើប្រាស់ ការផលិត ការរក្សា​ទុក ការផ្ទេរ​គ្រាប់មីន ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​វា​នោះ។
នៅក្នុង​កិច្ចប្រជុំ 11MSP ប្រតិភូ​នឹង​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ភ្នំពេញ ដែល​គឺជា​ឯកសារ​លម្អិត​មួយ​ដែល​វាស់វែង​វឌ្ឍនភាព​នៅក្នុង​ឆ្នាំកន្លងមក និង គូសបង្ហាញ​ការងារ​ជា​អាទិភាព​ទាំងឡាយ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ។

 
នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា កិច្ចប្រជុំ 11MSP នឹងរួម ​មាន​សម័យប្រជុំ​ពិសេស​មួយ​ដែលប្រារព្ធ​រយៈពេល​ពីរ​ទសវត្សរ៍​ចាប់តាំងពី​ពេល ​ដែល​ចលនា​ប្រឆាំង​គ្រាប់មីន​ពី​ប្រទេស​នានា ដូចជា​កម្ពុជា​ជាដើម។ ម្យ៉ាងទៀត នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ ព្រឹត្តិការណ៍​​អម​ផ្សេងៗ​ជាង ៣០ នឹង​ប្រព្រឹត្តិទៅ​ដោយ​មាន​ការ​បង្ហាញ​មួយ​ចំនួន​អំពី​កិច្ចប្រឹងប្រែង​របស់ ​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មីន​និង​ក្នុង​ការ​ជួយ​ជនរងគ្រោះ។

សូមបញ្ជាក់ថា អនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស​ត្រូវបានអនុ​ម័ត​នៅ​ទី​ក្រុង អូស្លូ​ ក្នុង​ឆ្នាំ១៩៩៧​ ដោយ​បើក​ឲ្យ​​ចុះហត្ថលេខានៅ​ទីក្រុងអូតាវ៉ា​ នៅ​ឆ្នាំ​ដដែល​ ហើយ​ចូល​ជា​ធរ​មាន​ក្នុង​ ឆ្នាំ១៩៩៩។ មកដល់សព្វថ្ងៃនេះ មាន​រដ្ឋចំនួន ១៥៨ ជារដ្ឋភាគីក្នុងអនុសញ្ញានេះ។ រដ្ឋចំនួន ១៥៣​ លែងមានផ្ទុកនូវគ្រាប់​មីននៅក្នុងប្រទេសទៀតហើយ។ គ្រាប់មីនជិត ៤៤,៥ លាន​គ្រាប់​ត្រូវបាន​កំទេចចោលដោយរដ្ឋភាគីទាំងនោះ។ រដ្ឋ​ចំនួន ៣៤ក្នុងចំណោម ៥០រដ្ឋ ក្នុងពេលតែមួយនោះ​បាន​ផលិត​នូវគ្រាប់មីនប្រឆាំងមនុស្ស​ ត្រូវបានហាម​ប្រាមដោយអនុសញ្ញានេះក្នុងការផលិត។ រដ្ឋភាគីស្ទើ​តែ​ទាំង​អស់បានធ្វើការផ្អាកការ​ផលិត និង​​ ផ្ទេរគ្រាប់មីន​ទៀតហើយ។
ការបោស ​សម្អាត​មីនបានទទួល​លទ្ធ​ផល​ ផ្ទៃដីរាប់លានម៉ែត្រក្រឡាដែលពី​មុន​ជា​ដី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន ត្រូវបានដាក់​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌​ទូ​ទៅ​។
កាលពី​ឆ្នាំ ១៩៩៧ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បានកត់សម្គាល់​អនុសញ្ញា​ស្តីពី​ការ ហាមឃាត់​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​នេះ​ថា​ជា ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រវត្តិ សាស្ត្រ​នៃ​ការ​កាត់​រំសាយ​អាវុធនិង ថា ជា ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អ្នកទន់ខ្សោយ និង​អ្នក ងាយ​រងគ្រោះ​នៃ​ពិភពលោក​យើង។