Friday, August 3, 2012

លោក​នាយ​ឧត្តម​សេនីយ៍​​ មាស សុភា នាំ​អំណោយ​​ចែក​ជូន និង​ចុះ​សួរ​សុខទុក្ខ​​ ក្រុម​និស្សិត វាស់​វែង​ដីធ្លី​

​​ខេត្ត​ព្រះវិហារ​ ៖ ​ថ្ងៃទី​២ សីហា ​២០១២ ​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា ​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះវិហារ បាន​ដឹក​នាំ​​ប្រតិភូ​​ក្រុម​ការ​ងារ​​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​​ចែក​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​របស់​សម្តេច​​តេជោ​កំពុង​បំពេញ​​បេសក​កម្ម​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​ព្រះវិហារ ​ដោយ​​មាន​​ការ​ចូល​រួម​ពី​​លោក​អ៊ុំ ម៉ារ៉ា ​អភិ​បាល​ខេត្ត ។
ក្នុង​ឱកាស​នោះ​លោក​យី ម៉ៅ ​តំណាង​ក្រុម​និស្សិត​ប្រចាំ​ខេត្ត​ព្រះវិហារ ឈរ​ជើង​ក្នុង​វត្ត​ភូមិ​ស្រយ៉ង់ ​​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ​ជំនួស​​មុខ​ឱ្យ​ក្រុម​និស្សិត​ទាំង​អស់​​បាន​មាន​​មតិ​ស្វាគមន៍​​ដល់​​ប្រតិភូ​​ដែល​​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​​ផ្គត់​ផ្គង់​​ដល់​ក្រុម​និស្សិត ។ ជា​ពិសេស​​​សូម​ថ្លែង​អំណរ​គុណ​​ដ៏​ជ្រាល​ជ្រៅ​​​​ចំពោះ​​សម្តេច​​តេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជា​និច្ច​កាល​សម្តេច និង​លោក​ជំទាវ​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​និស្សិត​ដែល​កំពុង​បំពេញ​បេសក​កម្ម​​ក្នុង​ការ​ងារ​វាស់​វែង​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ ។
លោក​​នាយ​ឧត្តម​សេនីយ៍ មាស​​ សុភា ​ក៏​បាន​​ថ្លែង​​កោត​សរសើរ​​ដល់​ប្អូនៗ​​ក្មួយៗ​​ ​និង​បាន​ផ្តល់​​​​អនុ​សាសន៍​​ដល់​ក្មួយៗ​និស្សិត​ធ្វើ​យ៉ាង​​ណា​​ត្រូវ​បន្ត​សកម្ម​ភាព​​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ឱ្យ​ទទួល​បាន​ជោគ​ជ័យ។ ​អំណោយ​ដែល​​​លោក​នាយក​ឧត្តម​សេនីយ៍​ ​នាំ​យក​ទៅចែក​ដល់​ក្រុម​​និស្សិត​ចំនួន​៨​ក្រុម ស្មើ​៩៦​នាក់ ​និង​ក្រុម​បច្ចេក​ទេសក្នុង​​ក្រុម​នីមួយៗ​ផង​នោះ សរុប​ប្រមាណ​២០០​នាក់ ក្នុង​ម្នាក់​​​ទទួល​បាន​​ថវិកា​១០​ម៉ឺនរៀល​ និង​​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត ។ ចំណែក​​លោក​​អ៊ុំ ម៉ារ៉ា ​បាន​ជួយឧបត្ថម្ភ​​​បន្ថែម​ដល់​​ក្រុម​និស្សិត​ និង​ក្រុម​ការ​ងារ​ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕