Friday, August 3, 2012

សមាគម​និស្សិត​មូស្លី​ម​កម្ពុជា​​​ចែក​អំណោយ​​ជូន​ពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ក្រី​ក្រ​ខែ​រ៉ា​ម៉ា​ដាន​

ខេត្ត​កំពង់​ចាម​ ៖ សមាគមនិស្សិត​មូ​ស្លីម​កម្ពុជា កាលពីថ្ងៃទី​៣០ កក្ក​ដា ឆ្នាំ២០១២ បាន​នាំ​​យក​​អំណោយ​របស់អង្គ​ការមូ​ស្លីម​ហេលហ្វិន​​នៃប្រទេស​អាល្លឺម៉ង់​ ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាមក្រីក្រ​​ ​និង​​ចាស់​ជរាចំនួន​៥៨០​គ្រួសារ​​ រស់​នៅ​ស្រុកកង​មាស​ និង​ស្រុក​ពញា​ក្រែ​ក​ ដោយ​មាន​ការ​អញ្ជើញ​​ចុះចែកផ្ទាល់​​​ពីសំណាក់​លោក​​វេជ្ជ​បណ្ឌិត​សុះ ​មុះសិន ​រដ្ឋលេខា​ធិការ​ ​ក្រសួង​ធម្ម​ការ​និង​សាសនា​ និង​ជាប្រធាន​សមា​គម​​​និស្សិត​មូ​ស្លីម​កម្ពុជា ។ ​
​ចូលរួម​ក្នុងពិធី​នោះ​មាន​​លោក​សាន​់ សាប់​អុី​អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​ និង​ជាអនុ​ប្រធាន​​សមាគម លោក​ម៉ា​ន សុគ្រី អនុ​រដ្ឋ​លេខា​ធិកា​រ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​និងលោក​ពាស់ មូស្លីម អនុប្រធាន​សមា​គម​និស្សិត​មូ​ស្លីម​កម្ពុជា ។ ការនាំ​អំណោយ​​យក​ទៅ​​ចែក​ជូន​ដល់ប្រជាពល​រដ្ឋខ្មែរ​អ៊ិស្លាម​នេះ នៅ​ព្រឹក​ថ្ងៃទី​៣០ កក្កដា ចែកជូន​ដល់ប្រជា​ពលរដ្ឋ​ចំនួន​២៨០​គ្រួសារ​នៅឃុំអង្គរ​បាន ​និងឃុំ​រកា​គយ ស្រុក​កង​មាស​ និងពេល​ល្ងាចចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋចំនួន​៣០០គ្រួសារ នៅឃុំដា ស្រុក​មេ​មត់ ​និងឃុំជី​មាន់ ​ស្រុក​ពញាក្រែក ​។
លោកវេជ្ជ​បណ្ឌិត​សុះ ​មុះសិន​ បាន​ឱ្យដឹង​ថា​ អំណោយ​ដែលនាំ​យក​មក​ចែកជូន​ដល់ប្រជាពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ក្រីក្រនៅ​ពេលនេះ​ជាអំណោយ​របស់​អង្គ​ការមូស្លីម​ ហេលហ្វិន​​នៃ​ប្រទេស​អាល្លឺ​ម៉ង់ ​​ផ្តល់​តាមរយៈ​សមាគម​និស្សិត​មូ​ស្លីម​កម្ពុជា ដែលក្នុង១​គ្រួសារ​​ៗ​ទទួល​បាន អង្ករ​១៨គីឡូ​ក្រាម​ ​មីចំនួន​១៥កញ្ចប់ ស្ករស​​៤គីឡូ​ក្រាម ត្រីខ​៥កំប៉ុង ទឹក​ស៊ីរ៉ូ២ដប ​អូវ៉ាល់​ទីន​២ដប ទឹកដោះ​គោ២​កំប៉ុង តែ៤​កញ្ចប់​ និង​អំបិល​២​គីឡូក្រាម។​
លោកវេជ្ជ​បណ្ឌិត​សុះ មុះសិន ថ្លែង​​ទៀត​​​ថា ​ការ​បួស​របស់សាស​និកអ៊ិស្លាម​នេះជាកា​តព្វកិច្ច​មួយ​ក្នុង​ចំណោម​​កា​ត​​​​​​​​​​ព្វ​តិច្ចទាំង​៥របស់​សាសនា​អ៊ិស្លាម ដែលបួស​ក្នុង១ខែ​រ៉ាម៉ាដា​ន​​​ ​និង​​ជា​ខែ​ទី​៩​​របស់​សាសនាអ៊ិស្លាម ។ អ្នកបួស​ចាប់​ពី​ពេញ​វ័យ​​ទៅ គឺតម​ពេលថ្ងៃចាប់​ពីម៉ោ​ង៤និង២០​នា​ទី​ទៀប​​ភ្លឺ​រហូតដល់​ម៉ោង៦និង​៣០​នាទី​ល្ងាច​ ដោយអត់​អាហារ ​​និង​​ទឹក​សូម្បី​តែទឹក​មាត់​​​ក៏​​មិន​ឱ្យ​លេប​ដែរ​។ ក្រៅពី​នេះ​​តម​ពាក្យ​សម្តី​​ អត់ធ្មត់ និង​ជួយ​គ្នា​​ទៅវិញទៅមក ​ជាពិសេស​ទៀត​សាស​និក​អ៊ិស្លាម​​បរិច្ចា​គ​ទានធ្វើ​បុណ្យ​ទើប​បាន​បុណ្យ​ច្រើន ។
លោកវេជ្ជ​បណ្ឌិតបាន​បន្តទៀតថា ហេតុ​​ដូចនេះ​​ហើយ​​បាន​ជានៅក្នុង​ខែរ៉ាម៉ាដាន​​នេះ​​សាស​​និក​អ៊ិស្លាម​កម្ពុជាបាន​ទទួល​អំណោយ​ជា​បន្ត​បន្ទាប់​ពី​សប្បុរស​ជនក្នុងប្រទេស​​​និងនៅ​ក្រៅប្រទេស​​យក​មក​ចែក​ជូន​ដល់ប្រជាព​​លរដ្ឋ​ក្រីក្រ ​ចាស់ជរា ជន​ពិការ​ដែលមាន​ជីវភាព​ខ្វះ​ខាត ​ដើម្បី​ឱ្យ​ពួក​គាត់​មានលទ្ធភាព​ទិញអាហារ​ថែ​ប​ំប៉ន​នៅ​ពេល​យប់ ។ ដោយឡែក​នៅឆ្នាំនេះ​សមាគម​និស្សិត​មូស្លីម​កម្ពុជា​បានទទួល​អំណោយ​​ជាថវិកា​ពីអង្គការ​មូស្លីម​ហេលហ្វិន​នៃ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ទិញ​គ្រឿង​ឧបភោគ​បរិភោគ​មកចែក​ជូន​ដល់សាស​និកអ៊ិស្លាម​សម្រាប់​​៣ខេត្ត​ក្នុង​នោះ​រាជ​​ធានីភ្នំពេញ​ចំនួន​៣០០​គ្រួសារ ខេត្ត​កំពង់ធំ​ចំនួន​២៥០​គ្រួសារ​ និងខេត្តកំពង់​ចាមដែល​នាំមក​ចែកជូន​នៅពេល​នេះ ។
លោកវេជ្ជ​បណ្ឌិតបាន​បញ្ជាក់ថា រា​ជ​រដ្ឋាភិ​បាល​កម្ពុជា ដែលមាន​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី បាន​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ដល់ប្រជាពល​រដ្ឋ ដោយ​ផ្តល់សិទ្ធិគ្រប់​បែបយ៉ាង​ក្នុងការជឿ​លើ​សាសនា ​ហេតុនេះបាន​ធ្វើឱ្យ​គ្រប់ជាតិ​សាសន៍ និង​សាសនា​ទាំងអស់រស់​នៅជាមួយ​គ្នាយ៉ាង​សុខ​ដុមរមនា ។ លោកវេជ្ជ​បណ្ឌិត​សុះ មុះសិន ក៏​បាន​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់សប្បុ​រស​ជន​​ក៏ដូចជា​អង្គការ​នានា ដែល​តែងតែ​ផ្តល់​អំណោយ​​ដល់សហគមន៍​អ៊ិស្លាម​ ជាការ​ចួល​រួម​អភិវឌ្ឍន៍​ប្រទេសក​ម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ៕