Friday, August 3, 2012

សមាជិក​ព្រឹទ្ធស​ភា​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​​តេជោ នៅ​ក្រុង​សំរោង

សមាជិក​ព្រឹទ្ធស​ភា​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​​តេជោ នៅ​ក្រុង​សំរោង
     ឯក​ឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា អមដំណើរ​ប្រតិភូ​ដោយ លោកឧកញ្ញ៉ា ញឹក ផន លោក ឧត្ដមសេនីត្រីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំយក​គ្រឿង​ឧបភោគ​បរិភោគ មួយ​ចំនួន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្រុម​ទី​១០៦ និង ១០៧ ចុះ​វាស់វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ ក្នុងសង្កាត់កូនក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានេជ័យ។ នៅក្នុង​ឱកាស​ នោះ​ ឯក​ឧត្តម ឧកញ្ញ៉ា លី យ៉ុងផាត់ បាន​ថ្លែង​អំណរគុណ ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត ដែល​បាន​លះបង់ ​​ក្រុម​គ្រួសារ និង​ការ​សិក្សា​មួយរយៈ ​ដើម្បី​រួម​ចំណែក​ ជា​មួយ​រាជ​រដ្ឋាភិបាល ជួយ​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ បង្ក​លក្ខណៈ​គ្រប់គ្រាន់ ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់ ងាយស្រួល​ក្នុង​ការ​បង្ក បង្កើន​ផល​លើក​កំពស់​ជីវភាព ​សំដៅ​កាត់​បន្ថយភាព​ក្រីក្រ។
ឯក​ឧត្តម ឧកញ្ញ៉ា បាន​សំណូមពរ​ មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ និង​ក្រុម​បច្ចេក ទេស​ ចូល​ទៅ​វាស់ វែង​ដីធ្លី​នៅ​តំបន់​ណា​សង្ស័យ​មាន​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឬ​ការ​ឆ្លង កាត់​ជ្រោះជ្រនិង​ស្ទឹង​ដែល​មាន​ទឹក​ច្រើន ចំពោះ​តំបន់​ទាំងនោះ ​ចាំ​វាស់វែង​ជា​ក្រោយ។ ក្នុង​ការចុះ​សួរ សុខ​ទុក​នេះ​ដែរ ឯក​ឧត្តម ឧកញ្ញ៉ា បាន​នាំ​យក​អំណោយ​ រួមមាន អង្ករ ចំនួន ០១​តោន មី ចំនួន ១០​កេះធំ ត្រីខ ចំនួន​១០​កេះធំ ទឹកត្រី ១០ កេះ ទឹកសុទ្ធ ១០០ ឡូ សាច់ជ្រូក ២០ គី​ឡូ​ក្រាម សាច់គោ ២០ គីឡូក្រាម ចែក​ជូន​ថវិការ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត ៧៨ នាក់ ម្នាក់ៗទទួល​ បាន​ថវិការ​ចំនួន ៥០ ម៉ឺនរៀល សរុប​ស្មើនឹង ៣៩ លានរៀល និង​អំណោយ ​លោក​ឧកញ្ញ៉ា ញឹក ផន ប្រតិភូ​អម​ដំណើរ ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លា​អាមេរិក (សម្រាប់​ផ្ដល់​ជូន ​យុវជន​ទាំងពីរ​ក្រុម​ផង​ដែរ) ។ ឯក​ឧត្តម ឧកញ្ញ៉ា បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ ​យុវជន​ស្ម័គ្រចិត្ត​ទាំងនោះ ​ត្រូវ​ចេះ​ថែរក្សា​ សុខភាព​គឺ​ហូប​ស្អាត រស់នៅ​ស្អាត និង​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​ជម្ងឺ​គ្រុន​ចាញ់ និង​ជម្ងឺ​ឆ្លង​ផ្សេង​ៗ ព្រោះ​ក្រុងសំរោង​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ ៕