Friday, August 3, 2012

មូរ សុខ​ហួរ ​មាន​ពេល​មួយ​ខែ​ទៀត​ទើប​ទទួល​បាន​អភ័យឯកសិទ្ធិ​ប្រសិនបើ​គ្មាន​បណ្តឹង​

ភ្នំពេញ​ ៖ ​លោកស្រី ​មូរ សុខ​ហួរ ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត​មកពី​គណបក្ស​ប្រឆាំង​ សម រង្ស៊ី​ មាន​ពេល​មួយ​ខែ​ទៀត​ទើប​ទទួល​បាន​អភ័យឯកសិទ្ធិ​ប្រសិនបើ​គ្មាន​បណ្តឹង​ ដែល​ការ​សំរេច​បែបនេះ ធ្វើឡើង​នៅ​ក្នុង​សវ​នា​រយៈពេល​ខ្លី​មួយ​នា​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​សីហា​ឆ្នាំ​២០១២ ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​។ ​
លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងប្រាប់​អ្នកការ​សែត​ក្រោយពី​បញ្ចប់​សវនាការ​ថា ការសំរេច​របស់​សភា​ស៊ី​ប​សួរ​នៃ​សាលាឧទ្ធរណ៍​នេះ គឺជា​ការសំរេច​ដ៏​ត្រឹមត្រូវ ដែល​អាច​ទទួលយកបាន ហើយ​នៅក្នុង​រយៈពេល​មួយខែ​នេះ លោកស្រី​នៅតែ​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ ព្រោះ​រាស្ត្រ​បោះឆ្នោត​ឲ្យ មិនមែន​ឲ្យ​មក​នៅ​ស្ងៀម​បិទមាត់​ទេ លោកស្រី​មិន​ស្តាប់​អ្នកណា​ក្រៅពី​រាស្ត្រ​ទេ ។
លោកស្រី​បញ្ជាក់ថា បាន​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ ហើយ​បាន​កាត់​ប្រាក់បៀវត្ស​របស់លោក​ស្រី​អស់​១៦,៥ លាន ។​
សូម​បញ្ចា​ក់ថា លោកស្រី មូរ សុខ​ហួរ កាលពី​ឆ្នាំ​២០១១ ត្រូវបាន​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ព្រៃ​ស្ពឺ ប្តឹង​ថា​បាន​រំដោះ​ពលរដ្ឋ​បុរី​កីឡា​ពី​មជ្ឈមណ្ឌល ហើយ​តុលាការ​មិនទាន់​ចាត់ការ​យ៉ាងណា​នៅឡើយ ហើយ​នៅក្នុង​សវនាការ​នា​ព្រឹក​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​បណ្តឹង​នៅ​ព្រៃ​ស្ពឺ​នេះដែរ តើ​លោកស្រី​មានឱកាស​ទទួលបាន​អភ័យឯកសិទ្ធិ​ប៉ុណ្ណា​៕​កោះ​កែវ​