Friday, August 3, 2012

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត​ មីសាមឺឌី​

នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​សីហា​នេះ​ មន្ត្រីជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ នុត សាអាន​ អនុប្រធាន​ទី ​១ និង លោក​ប៊ុន សុខ ​អនុប្រធាន​ទី​២ ​ បាន​ដឹកនាំ​មន្ត្រី​អូឡាំពិក​និង​តំណាង​សហព័ន្ធ​ជាតិ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត​ មី សាមឺ​ឌី ប្រធានកិត្តិយស​អូឡាំពិក​មួយ​ជីវិត​ ដែល​ទទួលមរណភាព​កាលពី​ថ្ងៃទី ១ ខែ​សីហា​កន្លងមក។​
លោក​នុត សាអាន បាន​ថ្លែង​នៅក្នុង​វិយោគកថា​បញ្ជាក់ថា មួយជីវិត​របស់លោក​មី សា​មឺ​ឌី គឺ​បាន​ លះបង់​ទៅលើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​វេជ្ជសាស្ត្រ និង​កីឡា​បាន​យ៉ាងច្រើន​។ ​បន្ទាប់ពី​ឆ្លងកាត់​របប​ប៉ុល ពត​នោះ លោក​មី សា​មឺ​ឌី​បាន​តស៊ូ​លើ​ឆាក​អន្តរជាតិ​ពិសេស​អូឡាំពិក​អន្តរជាតិ រហូតដល់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​ឆ្នាំ​១៩៩៦ អូឡាំពិក​អន្តរជាតិ​បានផ្ដល់​អាសនៈ​មកដល់​កម្ពុជា​វិញ​។​
 ជាមួយនឹង​ការ​ទាមទារ​បាន​មក​វិញ​នូវ​អាសនៈ​អូឡាំពិក​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នោះ ​ លោក​មី សា​មឺ​ឌី បាន​កាន់កាប់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដល់​ទៅ​២​អាណ​ត្តិ ហើយ​ចុងក្រោយ​លោក​បាន​ដកខ្លួន​ថយ​ដោយសារ​វ័យ​កាន់តែ​ចាស់។ ទោះបី​ដកខ្លួន​ថយ​ក៏​លោក​នៅតែ​បន្ត​ជួយ​ដល់​អូឡាំពិក​កម្ពុជា​ទៅតាម​អ្វី​ដែល​អាចធ្វើ​បាន។​
 ដោយសារ​គុណសម្បត្តិ​បែបនេះ ទើប​នៅ​ថ្ងៃទី​១២​កុម្ភៈ​២០១១ លោក​ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​សម្រេច​ផ្ដល់​ឋានៈ​កិត្តិយស​ដល់​លោក​វេជ្ជបណ្ឌិត មី សា​មឺ​ឌី ជា​ប្រធានកិត្តិយស​អូឡាំពិក​កម្ពុជា​មួយ​ជីវិត​។​
 លោក នុត សាអាន បាន​បញ្ជាក់​ទៀត​ថា​ ក្នុងនាម​លោក​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ជាមួយ​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទាំងអស់ សូម​ចូលរួម​សំដែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​សកម្មជន​ នៃ​ចលនា​អូឡាំពិក​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល ​លោកអ្នកឧកញ៉ា​វិសេស​វិជ្ជា​វេជ្ជបណ្ឌិត ​មី សា​មឺ​ឌី ប្រធានកិត្តិយស​មួយ​ជីវិត​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានទទួល​មរណភាព​ដ៏​គួរឲ្យ​សោកស្តាយ​នេះ៕
វិ​សិទ្ធ​​