Friday, August 3, 2012

លោក​រដ្ឋ​មន្ត្រី​​ មិន ​ឃិន ផ្តល់​​ផ្លូវ​លំ​៤​ខ្សែ​​នៅ​ឃុំ​ត្រើយ​​ស្លា និង​​ប្រគេន​​ទៀន​វស្សា​​ ទេយ្យ​​វត្ថុ​

ខេត្ត​កណ្តាល​ ៖ ​ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពល​រដ្ឋ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​ការ និង​សាសនា មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ត្រើយ​ស្លា និង​លោក​ស្រី ងួន ធួន ​អម​ដំណើរ​ដោយ​ក្រុម​ការ​ងារ​ជា​ច្រើន​នាក់​​​ទៀត​បាន​អញ្ជើញ​​ទៅ​​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ផ្លូវ​លំ​ចំនួន​៤​ខ្សែ​ដោយ​២​ខ្សែ​​​នៅភូមិ​ព្រែក​ប៉ាន មាន​​ប្រវែង​​២.២០០​ម៉ែត្រ ​និង​២​ខ្សែ​ទៀត​នៅ​ភូមិ​ព្រែក​មាន​ប្រវែង​២.១០០​ម៉ែត្រ​​ ដោយ​ប្រើ​ថ្ម​ម៉ិក និង​ចំណាយ​​ថវិកា​ចំនួន​១​ម៉ឺន​៥​​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។
ការ​ប្រារព្ធ​​ពិធី​បើក​ការ​ដ្ឋាន​នេះ​​​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​ និង​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ទាំង​ពីរ​ភូមិ​ចំនួន​៤០០​នាក់​កាល​ពី​ព្រឹក​ថ្ងៃទី​២ សីហា ២០១២ ។ លោក​​រដ្ឋ​មន្ត្រី មិន ឃិន ​ប្រធាន​​គណៈ​​ពង្រឹង​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ត្រើយ​ស្លា ​មាន​ប្រសាសន៍​​ថា ការ​ផ្តល់​​ជូន​ផ្លូវ​ចំនួន​៤​ខ្សែ​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​​មួយ​យ៉ាង​ធំ​ធេង​ជា​មួយ​ប្រជា​ពល​រដ្ឋ​ទាំង​ពីរភូមិ​ ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​​ក្នុង​ការ​ដឹក​ជញ្ជូន​​កសិ​ផល​ពី​ស្រែ​​ចម្ការ​មក​កាន់​ទីផ្សារ​សំដៅ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​​ជីវ​ភាព​ធូរ​ធារ ។
លោក​​ប្រធាន​គណៈ​​ពង្រឹង​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ត្រើយ​ស្លា មាន​ប្រសាសន៍​​អំពាវ​នាវ​​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​អញ្ជើញ​​ទៅ​ចុះឈ្មោះ​ និង​ពិនិត្យ​​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃទី​១ តុលា ២០១២ ខាង​មុខ​​នេះ ដើម្បី​​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​​ទី​៥ ដើម្បី​បន្ត​​ការ​ដឹក​នាំ​ប្រទេស​​ឱ្យ​មាន​​ភាព​​រីក​ចម្រើន​​ដូច​សព្វ​​​ថ្ងៃ​នេះ។
តមក​ក្រុម​ការ​ងារ​​គណៈ​​ពង្រឹង​ចុះ​ជួយ​​មូល​ដ្ឋាន​​ឃុំ​ត្រើយ​ស្លា​ បាន​នាំ​​យក​ទៀន​វស្សា និង​ទេយ្យ​វត្ថុ​មួយ​ចំនួន​​ទៅ​វេរ​ប្រគេន​​ដល់​ព្រះ​សង្ឃ​ដែល​​គង់​ចាំ​ព្រះវស្សា​​ក្នុ​ង​ព័ទ្ធ​សីមា​វត្ត​៣ គឺ​វត្ត​កេតុ​ឧត្តម, ​វត្ត​ពោធិ៍​អណ្តែត និង​វត្ត​ស្លា​កែត ​ដោយ​វត្ត​នីមួយៗ​​​ទទួល​​​បាន​ទៀន​វស្សា​១​គូ, សាដក​១, ​ទឹក​ក្រូច​១​កេស, មី​២​កេស, ទឹក​បរិ​សុទ្ធ​១​​កេស, ទឹក​ត្រី ១​យួរ, ​ទឹក​ស៊ីអីុវ​១​យួរ, អង្ករ​៥០​គីឡូ​ក្រាម និង​បច្ច័យ​​១៣​ម៉ឺន​​រៀល​ ​ជូន​តា​ជី​​ យាយ​ជី​ចំនួន​១០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ពាន់​រៀល ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕