Saturday, August 4, 2012

ផ្លូវជាតិ​លេខ ៦២ ប្រវែង ១២៨ គីឡូម៉ែត្រ ពី​កំពង់ធំដល់​ក្រុង​ព្រះវិហារ បើកសម្ពោធថ្ងៃ​៨​សីហា​

ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ ៦២ ប្រវែង ១២៨ គីឡូម៉ែត្រ ពី​ខេត្ត​កំពង់ធំទៅ​ដល់​ក្រុង​ព្រះវិហារ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។ ពិធី​នោះនឹង​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ នៅ​ភូមិ​វល្លិ​យាវ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ហ៊ុន ​សែន និង​លោកជំទាវ​។​

​តាម​កម្មវិធី លោក ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា ក៏​នឹង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោ​ធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ ៦២ ( ផ្នែក​ខាងត្បូង ) ប្រវែង ១២៨ គីឡូម៉ែត្រ ពី​កំពង់ធំទៅ​ដល់​ក្រុង​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២​។ លោក​ឯកអគ្គរដ្ឋទូត​ចិន ក៏​នឹង​ឡើង​ថ្លែង​សុន្ទរកថាមុន​ពេល​សម្តេច​ហ៊ុន ​សែន មានមតិ​សំណេះសំណាល និង​បំពាក់​មេដាយ ព្រមទាំង​កាត់​ខ្សែបូ​ជា​និមិត្តរូបនៃ​ការបើកឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ ៦២ ជា​ផ្លូវការ​។​

​នៅពេល​សព្វថ្ងៃនេះ ចិនជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយសម្រាប់​សាងសង់​ផ្លូវ និង​ស្ពានវែង​ជាង​គេនៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា​ចិន ក៏​បាន​ប្រកាសថា ចិន​ព្រមព្រៀង​លុប​បំណុលដែល​កម្ពុជា​ជំពាក់ ចំនួន​ជាង ៤.២៤០.០០០ ដុល្លារ​អាមេរិក​។​

​ក្នុងនោះ ចិន​ក៏​បាន​យល់ព្រម​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចំនួន ២៣ គម្រោង ដែល​មាន​ទឹកប្រាក់​សរុប ១.៦០០ លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំង​នោះ ត្រូវ​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ លើ​ផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​ក្រោយ​កិច្ចប្រជុំ​កាលណោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ក៏​បាន​ប្រាប់​អ្នកកាសែត​ថា តាមរយៈ​លោក​ប្រធានរដ្ឋសភា​ចិន វូ ប៉ាង​គួរ ប្រទេស​ចិន​ក៏​បាន​ប្រកាស​ពី​ការផ្តល់​ជំនួយ​ដល់​កម្ពុជា ចំនួន ១០០ លាន​យន់​ផងដែរ​៕​