Friday, August 31, 2012

សម្តេច ហ៊ុនសែន ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់ ដោយ​សុវត្ថិភាព​

ភ្នំពេញ: អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ Mehrabad ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ តាម​ជើងយន្តហោះ​ពិសេស របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ ប្រកបដោយ​សុ​វត្ថិភាព កាលពី​វេលា​ម៉ោង ១៥ និង ០៥ នាទី ម៉ោង​នៅ​ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ត្រូវ​នឹង​ម៉ោង ១៧ និង ៣៥ នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២​។​ ​បន្ទាប់ពី​ចេញដំណើរ​ពី​ព្រលានយន្តហោះ​ភ្នំពេញ កាលពី​ព្រឹក​ម៉ោង ៨ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ យន្តហោះ​ផ្ទុក​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន បាន​ចុះចតនៅ​រដ្ឋធានី ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា រយៈពេល ១ ម៉ោង និង ៣០ នាទី​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​អ៊ីរ៉ង់ នៅពេលនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២​។ ​នៅក្នុង​កិច្ចប្រជុំ​កំពូលនៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថាទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី​១៦ នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ លើ​ប្រធានបទ​សន្តិភាព​យូរអង្វែង តាមរយៈ​អភិបាលកិច្ច​រួមគ្នា​ជាស​កល​។​ ​សេចក្តីរាយការណ៍​ពី​ទីក្រុង តេ​អេ​រ៉ង់ ក៏បាន​បង្ហាញថា វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រា​ក់ទា​ក់​ពី​លោក Haji Babaie រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោកស្រី យស់ ម៉ា​កា​ណា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ព្រមទាំង​ឥស្សរជន​ការទូត នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អ៊ីរ៉ង់​ជាច្រើនរូប​។​ ​ក្នុងឱកាស​នៃ​ការ​ស្នាក់នៅ​ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ក្រៅពី​កិច្ចប្រជុំ​កំពូល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​បណ្ឌិត ម៉ា​មូ​ដ អា​ម៉ា​ឌី​ណេ​ចា​ដ (Mahmoud Ahmadinejad) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ និង​ជួប​ជាមួយ​លោក គីម យ៉ុង​ណា​ម ប្រធាន​គណៈ​ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ( កូរ៉េខាងជើង )៕​