Friday, September 14, 2012

កិច្ចប្រជុំ​អាស៊ាន​បូក​បី ពិភាក្សា​ការអនុម័ត​នូវ​សេចក្តីថ្លែងការណ៍​រួម ស្តីពី ភាពជា​ដៃគូ និង​ការតភ្ជាប់​តំបន់​

ភ្នំពេញ: កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន បូក​បី ដែល​រួមមាន ចិន កូរ៉េ និង​ជប៉ុន បាន​ប្រព្រឹត្តឡើង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ ដោយមាន​ការចូលរួម​ពី​សំណាក់​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​៣​។ កិច្ចប្រជុំ​នោះ ធ្វើឡើង​នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ និង​ដឹកនាំ​ដោយ​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន បូក​បី នា​ព្រឹក​នេះ បាន​ផ្តោត​ការពិភាក្សា​ទៅលើ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប ១៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី នៅ​ខែវិច្ឆិកា នាទី​ក្រុងភ្នំពេញ​។​

​លោកស្រី បាន​បញ្ជាក់ថា “​កិច្ចប្រជុំ​នេះ យើង​បាន​ជជែក​គ្នា​យ៉ាងច្រើន និង​មាន​សារៈ​សាំ​ខាន់​យ៉ាងខ្លាំង ក្នុងន័យ​ថា ការផ្តល់​ឲ្យ​គ្នា​វិញ​ទៅមក​នូវ​ចំណុច​សំខាន់ៗ សំរាប់​ថ្នាក់ដឹកនាំ​កំពូលៗ គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​”​។​

​លោកស្រី​រដ្ឋលេខាធិការ មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​នៅពេលនេះ ផ្តល់​សារៈសំខាន់​ណាស់ ជាពិសេស​ប្រទេស​បូក​បី ដែលមាន​ប្រទេស ជប៉ុន កូរ៉េ និង​ចិន បានលើកឡើង ថា​តើ​ចំណុច​សំខាន់ៗ​អ្វីខ្លះ ដែល​ថ្នាក់ដឹកនាំ​របស់គាត់​គ្រោង​នឹង​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​នា​ខែវិច្ឆិកា​? ហើយ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ក៏បាន​លើក​ជំរាប​ទៅ​ឧ​ត្ត​ម​ម​មន្ត្រី​ប្រទេស​បូក​៣​ទៅវិញ​ដែរ ថា​តើ​ចំណុច​សំខាន់ៗ​អ្វីខ្លះ ដែល​ត្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​អាស៊ាន​លើកឡើង នៅពេល​ប្រជុំ​ខាងមុខ​?​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​មានប្រសាសន៍​បញ្ជាក់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន បូក​បី ដែល​គ្រោង​នឹងដាក់​ឲ្យ​អនុម័ត​ដោយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ហើយ​និង​ឯកសារ ដែល​ត្រូវ​កត់សំគាល់ ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី​ដែរ​។ នៅ​ឆ្នាំនេះ កិច្ចប្រជុំ​កំពូល រំលឹក​ខួប​អនុស្សាវរីយ៍ ១៥ ឆ្នាំ របស់​អាស៊ាន បូក​បី គឺជា​កិច្ចប្រជុំ​មួយ​ដ៏​សំខាន់បំផុត​។​

​លោកស្រី​បន្ថែមថា ប្រទេស​ដែលជា​សមាជិក​អាស៊ាន បូក​បី បាន​សំដែង​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ធ្វើយ៉ាងណា ដើម្បី​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​បី ដែលជា​កិច្ច ប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន បូក​បី ឲ្យ​ទទួលបាន​ជោគជ័យ​។ 

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​មានប្រសាសន៍​បន្តថា ខ្លឹមសារ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​បី នាពេល​ខាងមុខនេះ គឺ​ថ្នាក់ដឹកនាំ នឹង​ពិនិត្យឡើងវិញ​ថា តើ​អាស៊ាន​បូក​បី​ក្នុង​រយៈពេល ១៥​ឆ្នាំ បាន​ស៊ី​ជំរៅ​ប៉ុណ្ណា​? ទទួលបាន​លទ្ធផល​សំខាន់ៗ​អ្វីខ្លះ​? ហើយ​ថ្នាក់ដឹកនាំ​កំពូល​នឹង​ផ្តល់​អនុសាសន៍ និង​ទស្សនៈវិស័យ ដើម្បី​ជំរុញ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ពីព្រោះ​យន្តការ​អាស៊ាន បូក​បី​នេះ ជា​យន្តការ​មួយ​ដ៏​សំខាន់​ខ្លាំងណាស់ ក្នុងការ​ឈានទៅ​បង្កើត​អាស៊ី​បូព៌ា​នៅពេល​អនាគត​។​

​លោកស្រី​រដ្ឋលេខាធិការ បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​អាស៊ាន​បូក​បី​ទាំងអស់ បាន​គាំទ្រ​ស្នើ​ដាក់ជូន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី ដើម្បី​ធ្វើការ​អនុម័ត នូវ​សេចក្តីថ្លែងការណ៍​រួមមួយ ស្តីពី ភាពជា​ដៃគូ​ទៅលើ​ការតភ្ជាប់​តំបន់​។​

​សូមបញ្ជាក់ថា តំណាង​ឧ​ត្ត​ម​មន្ត្រី ឬ​អនុរដ្ឋមន្ត្រី​ប្រទេស​បូក​បី ដែល​ចូលមក​ប្រជុំ​ជាមួយ​អាស៊ាន នៅពេលនេះ រួមមាន លោក ឆួ​យ ធាន​ខាយ (CUI TIAN KAI) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក អាគី តា​កា សែ​គី (AKI TAKA SAIKI) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន និង​លោក ( KIM KYOU HYUN ) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​កូរ៉េខាងត្បូង​។​

​សូម​បន្ថែមថា ក្រុម​ឧ​ត្ត​ម​មន្ត្រី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ ដែលមាន​កម្ពុជា ជា​ម្ចាស់ផ្ទះ បាន​ជួបប្រជុំគ្នា​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នា​ខែវិច្ឆិកា​ខាងមុខ​។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ បង្ហាញថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន នៅ​សប្ដាហ៍​នេះ ចាប់ពី​ថ្ងៃទី​១២ ដល់ទី​១៥ ខែកញ្ញា ឆ្នាំ​២០១២ ដើម្បី​ត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ​។ 

​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បានបង្ហាញ​ឲ្យ​ដឹងថា កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន រួម មាន​៖

១. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​កិច្ចប្រជុំ​ត្រៀម​រួមគ្នា (JPM) ក្នុងនោះ មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​គណៈ​ក​ម្មា ធិ​ការ​ឧ​ត្ត​ម​មន្ត្រី​លើក​ទី​១២ នៃ​ក្រុមប្រឹក្សា​សង្គមកិច្ច​-​វប្បធម៌​អាស៊ាន ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នា​ខែវិច្ឆិកា​ខាងមុខ​។​

២. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​បូក​៣ (​អាស៊ាន បូក ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ​) ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក លើក​ទី​១៥​។​

៣. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​បូព៌ា ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧​។​

៤. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​-​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៤

៥. កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សន្ធិសញ្ញា​ស្ដីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​សន្ធិសញ្ញា​ស្ដីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

៦. តាម​សំណើ​របស់​កម្ពុជា និង​មានការ​ឯកភាព​ពីស​មា​ជិ​ក​អាស៊ាន​ទាំងអស់ កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​-​ចិន ស្តីពី ក្រម​ប្រតិបត្តិ COC នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​បាន​ផ្តួចផ្តើម ឲ្យ​មាន​កិច្ចប្រជុំ​ស្តីពី​ក្រម​ប្រតិបត្តិ​នេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើ​ការងារ​ឆ្ពោះទៅកាន់​ការតាក់តែង​ក្រម​ប្រតិបត្តិ COC នេះ​៕​