Friday, September 14, 2012

អាស៊ានខិតខំរៀបចំពិធីសារ សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ឲ្យបានក្នុងឆ្នាំ២០១២

ភ្នំពេញ: កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​ស្ដីពី សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក កៅ គឹម ហួន រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ព្រមជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចែក​ផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញថា កិច្ច​ប្រជុំបាន​ពិភាក្សា រិះរក​ធ្វើយ៉ាងណា​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន ដែលជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ អាច​ឯក​ភាពជា​ឯកច្ឆន្ទ លើ​អត្ថបទ​ស្ដីពី​ខបម្រុង ដែល​ស្នើ​ដោយ​ប្រទេស​បារាំង សហព័ន្ធរុស្ស៊ី និង​ចក្រភព​អង់គ្លេស ជាមួយនឹង​ទស្សនៈ​ក្នុងការ​ធ្វើ​ឲ្យ​ឈានដល់​ការចុះហត្ថលេខា របស់​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ លើ​ពិធីសារ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក្នុងឆ្នាំនេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្ថែមថា ដើម្បី​ជាការ​អនុវត្តន៍​បន្ត​ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ នៃ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១២ កន្លងមកនេះ រដ្ឋ​ភាគី នៃ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ត្រូវ​បន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ឈានដល់​ជំហាន​ចុងក្រោយ សម្រាប់​ការរៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ និង​លិ​ខិ​តូ​បក​រណ៍ ដែល​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ឲ្យ​បាន​ឆាប់​៕