Friday, September 14, 2012

ក្រសួងមហាផ្ទៃ ទទួលយក​លិខិត​ ស្នើសុំ​ចុះបញ្ជី​ គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​នៅ​រសៀល​នេះ​

ភ្នំពេញ: ​តំណាង​គណៈកម្មការ​ប​ណ្ដោះ​អាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ ៣​នាក់ បាន​ទៅ​​ដាក់​លិខិត​ស្នើសុំ​ចុះបញ្ជី​ឈ្មោះ​គណបក្សសង្គ្រោះជាតិ នៅ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ម៉ោង ៣ ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២​។ ក្រសួងមហាផ្ទៃ បានទទួល​លិខិត​​ស្នើសុំ ​ចុះបញ្ជី​ឈ្មោះ ​គណបក្ស​សង្គ្រោះ​ជាតិ ​រួចហើយ​។​

សំណុំឯកសារបែបបទ និងស្នាមមេដៃអ្នកគាំទ្រ ចំនួន ៥.៥២៥ នាក់ ដើម្បីស្នើ​សុំចុះ​បញ្ជី​ឈ្មោះគណបក្សសង្គ្រោះជាតិ ត្រូវបានដាក់ទៅកាន់ក្រសួងមហាផ្ទៃ នៅពេលនេះ ជានីតិវិធីជំហានទី២ ដើម្បីឈានដល់ការចុះបញ្ជី ទទួលស្គាល់ជាផ្លូវការ លើគណបក្ស​សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន។

​លោក ហូរ វ៉ាន់ សមាជិក​ព្រឹទ្ធសភា របស់គណបក្ស​សមរង្ស៊ី ដែលបានកាន់សំណុំ​ឯកសារ និងស្នាមមេដៃ ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ បានឲ្យដឹង​ថា "នៅ​ថ្ងៃទី​១៤ ខែកញ្ញានេះ យើង​មក​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ចុះបញ្ជី​ឈ្មោះ ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រសួងមហាផ្ទៃ ក៏​ប្រថាប់ត្រា​បាន​ទ​ទួ​លយក​រួចហើយ​"។ 

​លោក ហូរ វ៉ាន់ បាន​បន្តថា "យើង​ត្រូវ​រង់ចាំ​ការឆ្លើយតប​របស់​ក្រសួងមហាផ្ទៃ​រយៈ​ពេល ១៥​ថ្ងៃ ហើយ​បើសិនជា​ មានការ​ខ្វះខាត​នៅ​កន្លែង​ណាមួយ​នោះ យើង​នឹង​មក​ទទួល​​យក ទៅ​កែសម្រួល​។ ក្រសួងមហាផ្ទៃ មានលទ្ធភាព​តាមច្បាប់ គឺអាច​ពិនិត្យ​លើសំណុំឯកសារនោះ រហូត​ដល់ ៣០​ថ្ងៃ​"។​

​លោក​បាន​លើកឡើងថា ឯកសារ​ដែល​បាន​យកមក​នៅ​ក្រសួងមហាផ្ទៃ គឺមាន​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ ទៅតាម​ច្បាប់​គណបក្សនយោបាយ​។ 

​លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹងថា អ្វី​ដែលជា​លំបាក គឺ​ការដែល​យើង​រៀបចំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន ៥.៥២៥​នាក់ ដែល​បានដាក់​នៅ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃនេះ​។ លោក​ឲ្យ​ដឹង​បន្តថា តាម​ផែនការ​ ច្បាប់តម្រូវឲ្យមាន​សមាជិក​គាំទ្រ តែ ៤.០០០​ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​យើង​បានដាក់​ចូល ដល់​ទៅ ៥.៥២៥ ​នាក់ ដែលជា​ចំនួន​​លើស​តម្រូវ​ការចាំបាច់​ទៅទៀត​។ 

លោក ហូរ វ៉ាន់ បាន​ពន្យល់ថា "នេះ​គឺជា​ជំហាន​ទី​២ ដោយ​ជំហាន​ទី​១ គឺ​សុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​រួចហើយ។ កាលណា​អនុញ្ញាត​ហើយ យើង​ត្រូវ​រៀបចំ​ជំហាន​ទី​២នេះ ដែល​ត្រូវ​ចុះបញ្ជី​គណបក្សនយោ​បាយ។ ក្រោយពេល​បាន​សុពលភាព ​ក្នុងការ​ចុះបញ្ជី​គណបក្សនយោបាយ ពេលនោះ យើង​អាចធ្វើ​សកម្មភាព និង​ការលើក​ស្លា​ក បាន​គ្រប់​ទីកន្លែង ដោយ​មិនមាន​ឧបសគ្គ​អ្វី​តទៅទៀត​ទេ"​។​

​លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹងថា រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គឺលោក សម រង្ស៊ី នឹង​​ធ្វើជា​ប្រធាន រីឯ​លោក កឹម សុខា នឹងត្រូវ​ធ្វើជា​អនុប្រធាន​គណបក្ស ទៅតាម​ស្មារតី​​​ព្រមព្រៀង ​នៅ​ទីក្រុង​ម៉ានីល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។ 

លោក​ ហូរ វ៉ាន់ បានបញ្ជាក់​បន្ថែម​ថា “​ប៉ុន្តែ​រឿងនេះ ដល់ពេល​សម្រេច ថ្នាក់ដឹកនាំ​ទាំងអស់ គឺ​គេ​ត្រូវ​រៀបចំ​ជា​សមាជ នោះបាន​យើង​កំណត់​ជា​ផ្លូវការ​ទាំងអស់ ក្រោយ​ពេលដែល​យើង​បាន​សុពលភាព​ក្នុង​ការរៀបចំ​ចុះបញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក​”​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សមរង្ស៊ី​ ត្រូវបាន​លោក ហូរ វ៉ាន់ ឲ្យ​ដឹង​បន្តថា "តាម​មាត្រា ១៥ នៃ​ច្បាប់​គណបក្សនយោបាយ សមាជិក​ម្នាក់ គឺអាច​មាននៅគណបក្ស​ច្រើន។ ប៉ុន្តែ​អ្វីដែល​យកជាការបាន គឺ​កាលណា​គាត់​ជា​សមាជិក​​​គណបក្ស​ណា​ចុងក្រោយ នោះ​ចាត់ទុកថា សាមីខ្លួន​គាត់ ជា​សមាជិក​នៃ​គណបក្ស​នោះ​ហើយ ហើយ​លោក សម រង្ស៊ី ចុងក្រោយ​ គាត់​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។ បើ​គាត់​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ជា​ស្វ័យប្រវត្តិ គាត់​នឹង​​មិនមែន ជា​ប្រធាន​គណបក្ស​សមរង្ស៊ី​តទៅទៀត​ទេ​"។​

​លោក ហូរ វ៉ាន់ ​បាន​អះអាងថា បើទោះបីជាលោក សម រង្ស៊ី នៅជាប់​ជា​ទណ្ឌិត​នៅ​ឡើយ តែ​ពុំ​មានច្បាប់​ណា ​ហាមឃាត់​មិន​ឲ្យ​លោកសមរង្ស៊ី ​ធ្វើជា​ប្រធាន​គណបក្ស​នយោបាយ​​ឡើយ​។​

​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ថា ក្រសួង​មហាផ្ទៃ បាន​ទទួលយក​រួច​ហើយនូវ​លិខិត​ស្នើសុំ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លិខិត​នោះ លោក សម រង្ស៊ី បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១២ តែ​មិនបាន​ដាក់ថា ធ្វើ​នៅ​ទីកន្លែង​ណា​ទេ។ 

លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា “​បើសិន​ គាត់​ចុះហត្ថលេខា ​ពី​ហ្វីលីពីន បាន​សេច​ក្ដី​ថា គាត់​ផ្ញើ​ពី​ហ្វីលីពីន មកដល់​ក្រសួងមហាផ្ទៃ​ភ្លាម​? ព្រោះគាត់​ ចុះហត្ថលេខា​ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ២០១២ តែ​សាមីខ្លួន ​(​លោក​សមរង្ស៊ី​) គាត់​អត់​នៅ​ស្រុក​ខ្មែរ​ទេ។ អ៊‌ីចឹងយើងមិនដឹងថា គាត់​ធ្វើ​នៅឯណា​ដែរ? កន្លែងហ្នឹងចំហ​ចោល​។ តែ​មិន​អី​ទេ ក្រសួងមហាផ្ទៃ បានទទួល​ហើយនូវសំណុំឯកសារ និងស្នាមមេដៃនោះ​”​។​

​លោក ខៀវ សុភ័គ បាន​បន្ថែមថា ក្រសួងមហាផ្ទៃ នៅមាន​រយៈពេល ១​ខែ ដើម្បី​ពិនិត្យ​​មើល​ឯកសារ​នេះ ហើយ​ឆ្លើយតប​ថា ចុះ​សុពលភាព​បាន ឬ​មិនបាន​។ ក្នុង​រយៈពេល ១​ខែ​នេះ គឺ​ក្រសួងមហាផ្ទៃ ពិនិត្យ​លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ថា​បានតាក់តែង ​ស្របតាម​រដ្ឋធម្មនុញ្ញ ​ឬក៏យ៉ាងណា​៕