Friday, September 14, 2012

ក្រុមសិទ្ធិមនុស្សថា ពុំមានភស្ដុតាង និងសាក្សី ដាក់បន្ទុកលោក ម៉ម សូណង់ដូ ទេ

ភ្នំពេញ: ក្រុមមន្ត្រីសិទ្ធិមនុស្ស ដែលបានចូលរួមតាមដានសវនាការ កាត់ទោសលោក ម៉ម សូណង់ដូ ដែលបានបិទបញ្ចប់នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១២ បានអះអាងថា តាមភស្ដុតាង និងសាក្សី ពុំមានអ្វី ដែលអាចដាក់បន្ទុក ចោទប្រកាន់ឲ្យលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិតេយ្យ មានទោសបានឡើយ។ 

លោក ម៉ម សូណង់ដូ រងនូវបទចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈជម្លោះដីធ្លីមួយ នៅ​ខេត្ត​ក្រចេះ។

លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បាននិយាយថា ក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ គ្មានបុគ្គលណាម្នាក់ ទៅថ្លើមពាសមេឃ ហ៊ានទៅប្រឆាំង ជាមួយរដ្ឋាភិបាលសម្ដេចតេជោ។ 

លោក យ៉េង វីរៈ ដែលធ្លាប់ជាប់ពន្ធនាគារជាមួយលោកម៉មសូណង់ដូ ក្នុងរឿងរិះគន់រដ្ឋាភិបាល កាលពីចុងឆ្នាំ២០០៥ បានបញ្ជាក់ថា “អាងស្អី កម្លាំងស្អី ទៅហ៊ានប្រឆាំងជារដ្ឋាភិបាលសម្ដេចតេជោ រាល់ថ្ងៃនេះ។ វាទៅអត់រួច!។ កាំភ្លើងអា៤០ កាណុង បាញ់បង្ហាញឲ្យយើងឃើញគ្រប់គ្នា អស់ហើយ។ ជញ្ជ្រុំខ្ទេច។ ដូច្នេះគ្មានអាណា ទៅហ៊ានទៅ បែបអបគមន៍ទេ នៅសម័យនេះ។ ចោទអារឿងអបគមន៍ វាអត់ត្រឹមត្រូវ”។ 

លោក យ៉េង វីរៈ ដែលចូលរួមស្ដាប់សវនាការ កាលពីព្រឹកមិញនេះ បាននិយាយថា តាមការស្ដាប់នៅក្នុងសវនាការ លោក ម៉ម សូណង់ដូ មិនមានពាក់ព័ន្ធក្នុងបង្កើតតំបន់អបគមន៍ទេ ហើយក៏មានការទាញលោក ម៉ម សូណង់ដូ ថាមានទំនាក់ទំនងជាមួយលោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​បន្ថែមទៀត។ 

លោកបន្ថែមទៀតថា ក្នុងសវនាការជំនុំជម្រះសំណុំរឿងលោក ម៉ម សូណង់ដូ ក្នុងការស្ដាប់ចម្លើយរបស់សាក្សី និងភស្ដុតាងនានា ឃើញថា មានមតិសង្ស័យច្រើនណាស់។

លោក យ៉េង វីរៈ បានបញ្ជាក់ថា “ខ្ញុំជឿថា តុលាការនឹងធ្វើការសម្រេច ដោយស្មារតីឯករាជ្យ ហើយធ្វើឲ្យសេចក្ដីសម្រេច នឹងត្រូវបានគេទទួលស្គាល់ គឺមិនឋិតនៅក្រោមសម្ពោធនយោបាយ”។

លោកបានអំពាវនាវឲ្យតុលាការ ធ្វើសេចក្ដីសម្រេចទៅតាមអង្គហេតុ និងអង្គច្បាប់ ឲ្យមានយុត្តិធម៌ពិត ឲ្យមើលឃើញថា តុលាការ គឺជាកន្លែងអាចរកយុត្តិធម៌បាន។

ជាមួយគ្នានេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមស្ដាប់សវនាការដែរនោះ បាននិយាយថា មកដល់ថ្ងៃនេះ ទាំងសាក្សី និងទាំងភស្ដុតាង គ្មានអ្វីទាំងអស់ ដែលភ្ជាប់លោក ម៉ម សូណង់ដូ ទៅនឹងព្រឹត្តិការណ៍ជម្លោះដីធ្លី នៅខេត្តក្រចេះឡើយ។

សកម្មជនសិទ្ធិមនុស្ស លោក អ៊ូ វីរៈ បានសម្ដែងនូវការសោកស្ដាយយ៉ាងដូច្នេះថា “ការលើកឡើងដោយព្រះរាជអាជ្ញា ជារឿងមួយ ដែលសោកស្ដាយមែនទែន ព្រោះអី លោកព្រះរាជអាជ្ញា បានលើកឡើងអ្វី ដែលមិនមានជាភស្ដុតាង ដែលអាចប្រើប្រាស់ក្នុងប្រព័ន្ធតុលាការបាន ជាផ្លូវច្បាប់បានទេ។ ដូច្នេះយើងមើល។ ចំពោះខ្ញុំ គឺលោក ម៉ម សូណង់ដូ ត្រូវតែ ត្រូវបានដោះលែង ត្រូវបានរួចទោស។ ខ្ញុំមើលទៅ អត់មានភស្ដុតាងអីទាំងអស់”។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានលើកឡើងថា ក្នុងរយៈពេល ៤ថ្ងៃនេះ លោកបានសង្កេតមើលតុលាការថា បានប្រព្រឹត្តទៅដោយដំណើរការល្អ។ 

លោក អ៊ូ វីរៈ បានកោតសរសើរចំពោះដំណើរការរបស់តុលាការ ដោយមើលឃើញថា បានផ្ដល់ឱកាសដល់សាក្សី ជនជាប់ចោទ និងព្រះរាជអាជ្ញា នៃភាគីទាំងសងខាង ក្នុងការសួរដេញដោលទៅវិញទៅមក។ លោកសង្ឃឹមថា ការសម្រេចរបស់តុលាការ នឹងពឹងផ្អែកទៅលើភស្ដុតាង និងដើមហេតុច្បាប់ ដោយមិនពឹងផ្អែកលើការសម្រេចចិត្ត នយោបាយទេ។

ចំណែកលោកស្រី ឌិន សុផាណារ៉ា ភរិយាលោក ម៉ម សូណង់ដូ ដោយច្រានចោលនូវរាល់ការចោទប្រកាន់ ក៏បានសង្ឃឹមថា តុលាការ នៅថ្ងៃទី១ ខែតុលា ខាងមុខ នឹងផ្ដល់យុត្តិធម៌ ជូនស្វាមីរបស់លោកស្រី។

សូមរម្លឹកថា សវនាការ​កាត់ទោស​លោ​ក ម៉ម សូណង់ដូ បានបញ្ចប់ នៅវេលា​ម៉ោង ១២ ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ រីឯ​សាលក្រម នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២​។ 

ក្នុងចេញពីបន្ទប់សវនាការ ឆ្មាំពន្ធនាគារព្រៃស បានរារាំងអ្នកកាសែត មិនឲ្យសួរនាំលោក ម៉ម សូណង់ដូ ដែលដៃម្ខាងជាប់ខ្នោះ ជាមួយនឹងជនជាប់ចោទម្នាក់ផ្សេងទៀតទេ។ រីឯក្រុមគ្រួសារជនជាប់ចោទដទៃទៀត ដែលរង់ចាំនៅកន្លែងរបាំងប៉ូលិសបិទផ្លូវ ក៏បានច្រានចោលការចោទប្រកាន់ និងស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ ព្រមទាំងជនជាប់ចោទសរុបចំនួន ១៤នាក់ រាប់ទាំងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១២ បាន​បន្ត​សវនាការលើ​សំណុំរឿង​ក្តីលោក ម៉ម សូណង់ដូ និង​ជនជាប់​ចោទ​ ដែលមានវត្តមានក្នុងតុលាការ ចំនួន ១០នាក់ ក្នុង​បញ្ហា​ជម្លោះ​ដី បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​។ សវនាការ​នៅ​ព្រឹក​នេះ ឈាន​ចូល​ដល់​ការធ្វើ​សន្និដ្ឋាន​បិទ​សវនាការ​ របស់​ភាគី​មេធាវី និង​ភាគី​ព្រះរាជអាជ្ញា ជាតំណាង​អយ្យការ​។​

​ចាប់តាំងពី​សវនាការកាត់ទោស​លោក ​ម៉ម​ សូណង់ដូ និង​ជនជាប់ចោទ​ដទៃទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​មាន​ជនជាប់ចោទ ១០នាក់ រាប់​ទាំង​លោក​ ម៉ម ​សូណង់ដូ ត្រូវបាន​តុលាការសួរដេញដោល​។ ក្នុងនោះ មាន​សាក្សី ដែល​មាន​ចំនួន​សរុប ២៣នាក់ ក៏​ត្រូវ​បាន​សួរនាំ​។​

​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤នាក់ រាប់​ទាំង​លោក​ ម៉ម​ សូណង់ដូ និង​ឈ្មោះ ប៊ុន ​រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

​ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ សាក្សី​ដែល​ជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ បានបង្ហាញ​ឯកសារ​ភស្តុតាង នៃ​ទំនាក់ទំនង​របស់​លោក ​ម៉ម​ សូណង់ដូ និង​លោក ​សួន​ សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​។ 

ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក​ ម៉ម​ សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​លោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕