Friday, September 14, 2012

កម្ពុជា​គាំទ្រ​ចិន ចូលរួម​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​-​ចិន ក្រៅផ្លូវការ នៅ​ថៃ នា​ខែតុលា​

ភ្នំពេញ: កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង មានការ​ចូលរួម​ពី​សំណាក់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក ឆួ​យ ធាន​ខាយ (CUI TIAN KAI) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ជាមួយ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​។ កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន បាន​ប្រកាន់​ជំហរ​អព្យាក្រឹត ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា មានការ​ពិគ្រោះ​យោបល់​រលូន​ល្អ​ណាស់​។ នៅក្នុង​កិច្ចប្រជុំ​នោះ ប្រទេស​នៅក្នុង​អាស៊ាន​បាន​ឯកភាព ដោយបាន​សង្កត់ធ្ងន់​នូវ​សារៈសំខាន់ នៃ​ការអនុវត្តន៍​សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៃ​សមុទ្រ​ចិន​ខាងត្បូង DOC ឲ្យ​មាន​ប្រសិទ្ធភាព និង​ឲ្យ​បាន​ពេញលេញ ដើម្បី​ឈានទៅ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង COC​។ 

​លោកស្រី​បាន​ឲ្យ​ដឹង​បន្តទៀតថា នៅក្នុង​កិច្ច​ប្រ​នោះដែរ ភាគី​ថៃ​ក៏បាន​លើកសំណើ​ឲ្យ​មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​-​ចិន ក្រៅផ្លូវការ​មួយ នៅ​ប្រទេស​ថៃ នៅក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១២ ខាងមុខ ហើយ​កម្ពុជា​បាន​គាំទ្រ​ឲ្យ​មាន​កិច្ចប្រជុំ​នោះដែរ​។

​លោកស្រី​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នោះ​មិនមែន​មានន័យថា សម្រាប់តែ​ជជែក​លើ COC នោះទេ កិច្ចប្រជុំ​នោះ​នឹង​ពិនិត្យមើល​ជារួម ជាពិសេស​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន យ៉ាង​ទូលំទូលាយ ហើយ​ក្នុងនោះដែរ នឹងមាន​កិច្ចពិភាក្សា​អំពី​ការអនុវត្តន៍ DOC ឈានទៅដល់​ការតាក់តែង COC​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បានបញ្ជាក់​ផងដែរ​ថា “​ចិន​គាត់​បានបង្ហាញ​ឆន្ទៈ ក្នុងការ​ខិតខំ​ធ្វើយ៉ាងណា​ពង្រឹង​ទំនុកចិត្ត​រវាង​គ្នា និង​គ្នា ឲ្យ​បាន​ស៊ីជម្រៅ បើកាលណា​យើង​អត់​មាន​ទំនុកចិត្ត​ជាមួយគ្នា ឬ​មិនសូវមាន​កិច្ចសហប្រតិបត្តិការ​នេះ ការ​ឈានទៅ​សម្រេច COC មានការ​លំបាក ដូច្នេះ​ទាល់តែ​យើង​ពង្រឹង​ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ ឲ្យ​បាន​ខ្លាំង ដើម្បី​ជំរុញ​ការអនុវត្តន៍ DOC ឲ្យ​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​ពេញលេញ សម្រាប់​ឈានទៅ​ការបង្កើត COC”​។​

​គួរ​រម្លឹក​ដែរ​ថា ក្នុងពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​អរគុណ​ប្រទេស​កម្ពុជា ចំពោះ​ការគាំទ្រ​របស់ខ្លួន នៅក្នុង​ប្លុក​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បណ្តា​ប្រទេស​មួយចំនួន អំពី​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕