ភ្នំពេញ: កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មការស្ដីពី សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដឹកនាំដោយលោក កៅ គឹម ហួន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រី នៃបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមជាមួយលេខាធិការដ្ឋានអាស៊ាន។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលចែកផ្សាយដល់អ្នកកាសែត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញថា កិច្ចប្រជុំបានពិភាក្សា រិះរកធ្វើយ៉ាងណាឲ្យបណ្ដាប្រទេសអាស៊ាន ដែលជារដ្ឋភាគីនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ អាចឯកភាពជាឯកច្ឆន្ទ លើអត្ថបទស្ដីពីខបម្រុង ដែលស្នើដោយប្រទេសបារាំង សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស ជាមួយនឹងទស្សនៈក្នុងការធ្វើឲ្យឈានដល់ការចុះហត្ថលេខា របស់រដ្ឋមានអាវុធនុយក្លេអ៊ែរ លើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា ដើម្បីជាការអនុវត្តន៍បន្តពីកិច្ចប្រជុំរបស់គណៈកម្មាធិការ នៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ កន្លងមកនេះ រដ្ឋភាគី នៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបន្តធ្វើការជិតស្និទ្ធជាមួយរដ្ឋមានអាវុធនុយក្លេអ៊ែរ ដើម្បីឈានដល់ជំហានចុងក្រោយ សម្រាប់ការរៀបចំចុះហត្ថលេខាលើពិធីសារ និងលិខិតូបករណ៍ ដែលពាក់ព័ន្ធនឹងសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ឲ្យបានឆាប់៕