Friday, September 14, 2012

ឧត្តម​មន្ត្រី​អាស៊ាន​-​ចិន នឹង​ជួប​គ្នា​ម្តងទៀត និយាយ​ពី COC នៅ​បាងកក នា​ខែ​តុលា​

ភ្នំពេញ: ឧត្តម​មន្ត្រី​អាស៊ាន​-​ចិន បាន​សម្រេច​ថា នឹង​ជួប​ប្រជុំ​ពិភាក្សាគ្នា​ម្តងទៀត នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ខែ​តុលា​ខាងមុខ ជុំវិញ​ការតាក់តែង​ក្រម​ប្រតិបត្តិ COC សម្រាប់​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​លោក Sihasak Phuangketkeow អគ្គលេខាធិការ​អចិន្ត្រៃយ៍​ របស់​ក្រសួងការបរទេស ដែល​ជា​ឧត្តម​មន្ត្រី​របស់​ប្រទេស​ថៃ​។​

​ឧត្តម​មន្ត្រី​អាស៊ាន ដែល​កម្ពុជា​ ជាម្ចាស់ផ្ទះ បាន​ជួបប្រជុំ​ក្រៅផ្លូវការ​ជាមួយ​នឹង​ឧត្តម​មន្ត្រី​ចិន នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​លើក​ឡើង​ពី​ការតាក់តែង​​ពង្រាង​​ក្រម​ប្រតិបត្តិ COC នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក Sihasak Phuangketkeow បានឲ្យដឹងថា ក្នុងនាម​ប្រទេស​ថៃ ជា​អ្នក​សម្រប​សម្រួល​​នៃ​កិច្ច​ពិភាក្សារវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន គឺ​ប្រទេស​ថៃ បាន​ស្នើ​ឲ្យមាន​ការ​រៀប​ចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន ដើម្បី​ពិភាក្សា​​លើ​ចំណុច​ពាក់ព័ន្ធ​នានា ទៅនឹង DOC និង COC នៅក្នុង​ខែ​តុលា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
 
​លោក Sihasak Phuangketkeow បាន​បន្ថែមថា កិច្ចប្រជុំ​នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ប្រកបដោយ​ផ្លែផ្កា ដែល​ភាគី​ទាំងអស់បាន​ឈានទៅរក​ការឯកភាព ​ឲ្យ​មាន​​ការអនុវត្ត​ន៍ពេញលេញ​នូវ DOC​។ នេះ​ជា​សញ្ញា​ល្អ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ចិន ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ នៅ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា កិច្ចប្រជុំ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន​-ចិន នៅ​រសៀល​ថ្ងៃ​នេះ គឺ​មិន​បាន​ចូល​ដល់​កិច្ច​ពិភាក្សា​លម្អិត​លើ COC ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ យើង​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន​។ ក្នុងនោះ គឺ​យើង​ត្រូវធ្វើ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ដោយ​ស្ថិរភាព​ លើ​បញ្ហា​នៅ​សមុទ្រ​ខាងត្បូង ដែល​ជា​ជម្លោះ​រវាង​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន ជា​សមាជិក​អាស៊ាន រួមមាន​៖ ហ្វីលីពីន វៀតណាម ព្រុយណេ និង​ម៉ាឡេស៊ី​។​
   
​តាម​លោក Sihasak Phuangketkeow កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន ជា​ផ្លូវការ នឹង​អាច​ធ្វើឡើង​នៅក្នុង​ឆ្នាំ​ក្រោយ ដើម្បី​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ COC សម្រាប់​ដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
  
​សូម​រម្លឹកថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន ស្តីពី ក្រម​ប្រតិបត្តិ (COC) នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ធ្វើឡើង នៅ​សណ្ឋាគារ ​អាំងទែ​កុង​ទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២​។ 

​សេចក្តី​ជូន​ព័ត៌មាន​ របស់​ក្រសួងការបរទេស​កម្ពុ​ជា បានបង្ហាញ​ថា តាម​សំណើរបស់​កម្ពុជា និង​មាន​ការឯកភាព​ពី​សមាជិក​អាស៊ាន​ទាំង​អស់ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន ស្តីពី ក្រម​ប្រតិបត្តិ​ (COC) នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​លើក​ទី​៣ ដែល​កម្ពុជាបាន​ផ្តួចផ្តើម​ឲ្យមាន​កិច្ចប្រជុំ​ ស្តី​ពី​ក្រមប្រតិបត្តិ​នេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើ​ការងារ​ឆ្ពោះទៅរក​ការតាក់តែង​ក្រម​ប្រតិបត្តិ ​(COC)៕​