Saturday, October 13, 2012

ថ្នាក់​ដឹកនាំ​អគ្គលេខាធិការ​ព្រឹទ្ធសភា​អញ្ជើញ​រាប់បាត្រ​នៅ​វត្ត​សូរិយា​ពោធិមាស​ចំ​ថ្ងៃ​ឆ្លង​ចូល​វេន​ទី​១៣​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែ​តុលា​ឆ្នាំ​២០១២​លោក​អ៊ុំ សារិទ្ធ​អគ្គលេខាធិការ​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ឫស្សីកែវ​និង​សហការី​បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បាំង​បង្សុកូល​រាប់បាត្រ​ចំ​វេន​ទី​១៣​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​សូរិយា​ពោធិ​មាស​ហៅ​វត្ត​ក្តី​ចាស់​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ឫស្សីកែវ​រាជធានី​ ​ដែល​ពិធីបុណ្យ​នេះ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៅ​អគ្គលេខាធិការ​ព្រឹទ្ធសភា​និង ​មន្ត្រី​រាជការ​ទាំងអស់​ព្រមទាំង​អាជ្ញាធរ​ដែនដី​ផង​ដែរ។
 ក្នុងឱកាស​នោះ​លោក​អ៊ុំ ​សារិទ្ធ​បាន​នាំ​បច្ច័យ​បុណ្យ​ប្រគេន​ដល់​ព្រះ​សង្ឃ​ចំនួន​២១អង្គ​ ក្នុង​មួយ​អង្គ​២​ម៉ឺន​រៀល​ អង្គ​ធំ​៤ម៉ឺន​រៀល​ យាយជី​តាជី​៥០​នាក់​ម្នាក់ៗ​ថវិកា​​១ម៉ឺន​រៀល​ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ​ភេសជ្ជះ​មួយ​ចំនួន​ទៀត​។​ បច្ច័យ​បុណ្យ​ទាំងអស់​មាន​២​លាន​រៀល​និង​៧៣០​ដុល្លា​ត្រូវ​បាន​លោក អ៊ុំ ​សារិទ្ធ​ប្រគល់​ជូន​ទៅ​គណៈកម្មការ​ពិធីបុណ្យ​ចាត់ចែង​ក្នុង​ពិធីបុណ្យ​និង​ការ​កសាង។
 ជាមួយគ្នា​នោះ​លោក អ៊ុំ សារិទ្ធ​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​បុគ្គលិក​មន្ត្រី​រាជការ​ទាំងអស់​ក្នុង​ព្រឹទ្ធសភា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ចំណាយ​ថវិកា​និង​ កំលាំងកាយ​ចិត្ត​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នៃ​រដូវ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​យើង​និង​សូម​ជូនពរ​ឲ្យ​ប្រាថ្នា​អ្វីៗ​បាន​ដូច​បំណង។
លោក​អគ្គលេខាធិការ​ព្រឹទ្ធសភា​និង​សហការី​តែងតែ​អញ្ជើញ​មក​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​រាប់បាត្រ​នៅ​វត្ត​ខា​ងលើនេះ​រាល់​ឆ្នាំ​និង​វត្ត​ដទៃទៀត​ផ​ងដែរ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​យើង។
 លោក អ៊ុំ ​សារិទ្ធ​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ឋ​អ្នកមានគុណ​ទាំង​អស់​ក៏​ដូច​យុទ្ធជន​អង់អាច​ក្លាហាន​ដែល​ពលី​ជីវិត​ដោយសារ​ការពារ​ទឹកដី​មាតុភូមិ​និង​ឧទ្ទិស​កុសល​បុណ្យ​នេះ​ដល់​វិញ្ញាណក្ខន្ឋ​ប្រជាជន​ខ្មែរ​ស្លូតត្រង់​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​ទាំង​អយុត្តិធម៌​ក្រោម​អំពើ​សាហាវ​យង់ឃ្នង​បំផុត​របស់ប៉ុលពត​តែម្តង​តាំងពី​ឆ្នាំ​១៩៧៥-១៩៧៩។
 ជាមួយគ្នា​នោះ​លោកអ៊ុំ សារិទ្ធ​បាន​បួងសួង​សូម​ឲ្យ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​សម្តេច​ទាំង​៣​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេស​បីបាច់​ថែរក្សា​សម្តេច​តេ​ជោ​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ​ទាំងអស់​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជួប​តែ​សុខ​សន្តិភាព​និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អ​គ្គម​ហា​សេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ជា​រៀង​រហូត៕