Saturday, October 13, 2012

សម្តេចតេជោ នឹងទៅចូលរួមកិច្ចប្រជុំកំពូល CLV លើកទី៧ នៅប្រទេសវៀតណាម

ភ្នំពេញ: ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​រយៈពេល ២ ថ្ងៃ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះបាន​បញ្ជាក់ថា គណៈប្រតិភូ​ដែល​នឹង​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ នៅ​ទីក្រុង​ហូជីមិញ​នោះ​រួមមាន​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សមាជិក​នៃ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ដទៃទៀត​។ 

​សេចក្តី​ព័ត៌មាន​បាន​បញ្ជាក់ថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​ទាំងបី ប្រទេស (​កម្ពុជា វៀតណាម និង​ឡាវ​) បានបញ្ជាក់​ស្តីពី​តួនាទី​សភា​ក្នុងការ​គាំទ្រ និង​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ បានរៀបចំ​សន្និសីទ​លើក​ទី​៤ នៅ​ខេត្ត​ង៉េ អាន (NGHE AN) ប្រទេស​វៀតណាម ដែល​សន្និសីទ​នោះ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១២ ហើយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឈាង វុន ប្រធាន គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន នៃ​រដ្ឋសភា កម្ពុជា​។ ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​បណ្ឌិត ត្រឹ​ន វ៉ាន់​ហាំង ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម និង​ភាគី​ឡាវ ដឹកនាំ​ដោយ​លោក គូ​កែវ អាកា​មន្ត្រី ជា​ប្រធាន​គណៈកម្មការ​បរទេស នៃ​រដ្ឋសភា​ឡាវ ហើយ​សន្និសីទ​នោះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក អ៊ុង ឈុ​លីវ (Uong Chuluu) អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​អាជ្ញាធរ​ដែនដី​ខេត្ត ង៉េ​អាន​ផងដែរ​។​

​លោក អ៊ុង ឈុ​លីវ មានប្រសាសន៍ថា អង្គ​សន្និសីទ​លើក​ទី​៤​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១២ គឺជា​ខួប​លើក​ទី​៤ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា វៀតណាម និង​ក៏​ជា​ឆ្នាំ​មិត្តភាព​វៀតណាម ឡាវ ផងដែរ ហើយ​ដែល​កិច្ចប្រជុំ​មាន​សារសំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ ដែលជា​កម្លាំងចលករ​មិនអាច​ខ្វះ​បាន​ក្នុង​ការជំរុញ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ពី​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង ការអភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ត្រីកោណ នៃ​ប្រទេស​ទាំងបី ជាពិសេស ការ​ប្រឈម ទាំងឡាយ​ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​ចំណែក​លោក​ឈាង វុន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពេល​ត្រឡប់​មកដល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១២ ថា សន្និសីទ​នោះបាន​ចេញ​សេចក្តីប្រកាស​រួមមួយ ក្នុងនោះ​មាន​ចំណុច​សំខាន់ៗ​ចំនួន​៣ គឺ​ទី​១ សន្និសីទ​បាន​ឯកភាព​ស្តីពី​តួនាទី​របស់​រដ្ឋសភា ក្នុងការ​តាមដាន​ត្រួតពិនិត្យ​នូវ​គម្រោង​ទាំងឡាយ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានសម្រេច​រួចមកហើយ ព្រមទាំង​ជំរុញ​គម្រោង​ទាំងអស់នេះ​ឲ្យ​ដំណើរ​ការល្អ​។ ទី​២ រដ្ឋសភា​នៃ​ប្រទេស​ទាំងបី​នៅ​ពីក្រោយ​រដ្ឋាភិបាល​ប្រទេស​ទាំងបី ដើម្បី​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ដឹងថា ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​នេះ ជាមួយ​ការគាំទ្រ​គម្រោង​រដ្ឋសភា​ត្រូវ​ជំរុញ​ដល់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងបី​ក្នុងការ​ព​ន្លឿ​ន​ការ​រៀបរៀង​សេចក្តីព្រាងច្បាប់ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ច្បាប់​ស្តីពី វិនិយោគ ធុរៈកិច្ច​បណ្តា​គោលនយោបាយ​ទាក់ទង​ដល់​សកម្មភាព​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ធុរៈកិច្ច ហើយ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ធានា​នូវ​តម្លាភាព​ព្រមៗ​គ្នា និង​ឯកភាពគ្នា​តាំងពី​ថ្នាក់ជាតិ​រហូតដល់​មូលដ្ឋាន សំដៅ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​របស់​អ្នកវិនិយោគ ដើម្បី​លើក​កំពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ និង​ទី​៣ ស្នើ​ឲ្យ​ភាគី​ទាំង​៣​ប្រទេស​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ទាំង​៣ ពិសេស​បញ្ហា​ជនអន្តោប្រវេសន៍​ធ្វើយ៉ាងណា​ឲ្យ​មានការ​យោគយល់​គ្នា​។​

​លោក ឈាង វុន បាន​ឲ្យ​ដឹង​ដែរ​ថា អស់​រយៈ​កាលបី​ឆ្នាំ​កន្លងមកនេះ គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ បានរៀបចំ​ឡើង​នូវ​សន្និសីទ ចំនួន​បី​លើក​រួចមកហើយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា វៀតណាម និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែលមាន​ស្រាប់​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស ទាំងបី ដោយ​ចាត់ទុកជា​កត្តា​ដ៏​សំខាន់​ចំពោះ​ស្ថិរភាព និង​ការអភិវឌ្ឍ នៃ​ប្រទេស​ទាំងបី​។​

​តាម​ឯកសារ​មួយចំនួន​ឲ្យ​ដឹងថា តំបន់ត្រីកោណ​កម្ពុជា ឡាវ វៀតណាម ត្រូវបាន​បង្កើតឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម កាលពី​ឆ្នាំ​១៩៩៩ នៅក្នុង​កិច្ចប្រជុំ​កំពូល​នាទី​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះ ដើមឡើយ​គ្របដណ្តប់​លើ​ខេត្ត​ចំនួន​១០ គឺ​ខេត្តស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី (​កម្ពុជា​) ព្រមទាំង​ខេត្ត​អាតាពី ខេត្ត​សា​រ៉ា​វ៉ាន់ ខេត្ត​សេកុង (​ឡាវ​) និង​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង ខេត្ត​កុន​ទុំ ខេត្ត​យ៉ា​ឡាក់ (​វៀតណាម​)​។ ក៏ប៉ុន្តែ​បន្ទាប់មក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី បាន​ឯកភាពគ្នា​ដាក់បញ្ចូល​ខេត្ត​ចំនួន​បី​ទៀត រួមមាន ខេត្តក្រចេះ (​កម្ពុជា​) ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​) និង​ខេត្ត​បិ​ញ​ភៀក (​វៀតណាម​)​។​

​ឯកសារ​គោល​ដែល​ប្រើប្រាស់​ការអភិវឌ្ឍន៍​រួមគ្នា​រវាង​ប្រទេស​ទាំងបី គឺ​ផែនការមេ ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម បានអនុម័ត​ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី កាលពី​ឆ្នាំ​២០០៤ នា​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ផែនការមេ ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម ធនធាន សក្តានុពល ព្រមទាំង​រចនាសម្ព័ន្ធ និង​យន្តការ​សម្រាប់​សម្របសម្រួល​ការអភិវឌ្ឍន៍​រួម និង​ដោយឡែកៗ​របស់​ប្រទេស​ទាំងបី​។ ឯកសារ​នោះបាន​បង្ហាញថា ការអភិវឌ្ឍន៍​តំបន់ត្រីកោណ ត្រូវបាន​ប្រទេស​ជប៉ុន​សម្រេច​ផ្តល់ជំនួយ​ក្នុង​ទឹកប្រាក់​ចំនួន ២០ លាន​ដុល្លារ​។ ក្នុងនោះ​ប្រទេស​កម្ពុជា​ទទួលបាន​ចំនួន ៧,៥ លាន​ដុល្លារ ប្រទេស​ឡាវ​ទទួលបាន​ចំនួន ៧,៥ លាន​ដុល្លារ និង​ប្រទេស​វៀតណាម ទទួលបាន​ចំនួន ៣,៥ លាន​ដុល្លារ​។ រីឯ​ទឹកប្រាក់​ចំនួន ១,៥ លាន​ដុល្លារ សម្រាប់​សិក្សា​ស្រាវជ្រាវ​រួមទាំង​បី​ប្រទេស ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ​គមនាគមន៍ ក្នុង​តំបន់ត្រីកោណ​។​

​ក្នុងពេល​កន្លងមក ប្រទេស​កម្ពុជា​បាន​អនុវត្តន៍​គម្រោង​ចំនួន ៤ រួចហើយ គឺ​ទី​១-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម និង​ស្ពាន​ពី​អូ​តា​ឡាស់ ទៅ​សុ​ភ័​ក្រ​មិត្ត ក្នុង​ឃុំ​រំកិល ខេត្តស្ទឹងត្រែង​។ គម្រោង​នោះ​អនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ទី​២-​គម្រោង​សាងសង់​អន្តេវាសិកដ្ឋាន សម្រាប់​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន អនុវត្តន៍​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​ទី​៣-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម ពី​ទីក្រុង​បាន​លុង ទៅ​ស្រុក​លំផាត់​ប្រវែង​១៩ គីឡូម៉ែត្រ ទទឹង​៦​ម៉ែត្រ អនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ទី​៤-​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សាលាបឋមសិក្សា​ក្នុង​ខេត្ត​ទាំងបី នៃ​តំបន់ត្រីកោណ មាន​៥​សាលា សាងសង់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕