Saturday, October 13, 2012

សម្តេចតេជោហ៊ុន សែន ៖​​​​ គណបក្សប្រជាជនកម្ពុជា ក៏កំពុងរៀបចំគោលនយោបាយ “ស្តីអំពី បៀវត្សសម្រាប់អាណត្តិ២០១៣ ដល់ ២០១៨”

កំពង់ចាម: ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​វិទ្យាល័យ​ហ៊ុន សែន ស្ទឹងត្រង់ ភូមិ​/​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ១.០៥៧ គ្រួសារ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២​។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ ក្នុង មួយឆ្នាំ​ចំនួន ២០% ចាប់តាំងពី​ឆ្នាំ​២០០៨ ជា​បន្ត​បន្ទាប់មក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​យ៉ាងនេះ គឺជា​ការឆ្លើយតប​ទៅនឹង​កណ​បក្សប្រឆាំង​ដែល​បាន​លើកឡើងថា រាជរដ្ឋាភិបាល​ពុំបាន​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ថា "​រាជរដ្ឋាភិបាល​សព្វថ្ងៃ​តម្លើង ២០% ក្នុង​មួយឆ្នាំ​ស្តាប់​ឲ្យ​បាន​អីចឹង​ចាប់​តាំ​ាំ​ង​ពី​ឆ្នាំ​២០០៨ មក​ឡើង​រហូត ២០% ៗ​រហូតមក​ដល់ពេលនេះ​ប៉ុន្មាន ១០០ ភាគរយ​ទៅហើយ​ឡើង​បៀវត្ស​នោះ​ប៉ុន្តែ​ឮ​គេ​និយាយ​គ្នា​ថា លោក​ហ៊ុន សែន មិន​ព្រម​ឡើង​ប្រាក់ខែ​ទេ គេ​ឡើង​តើ​តែ​គេ​ឡើង​មាន​របៀប វា​មិនដែល​អាណា​ជណ្តើរ ៩ កាំ​ហើយ​ឡើងទៅ​ដល់​កាំ​ទី ៩ តែម្តង​នោះទេ​វា មាន​អា កាំ​ទី​១ កាំ​ទី​២ កាំ​ទី​៣ ទំរាំ​ឡើងដល់​កាំ​ទី​៩"​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តថា នៅ​ឆ្នាំក្រោយ គឺ​ឆ្នាំ​២០១៣ ប្រាក់ខែ​មន្ត្រីរាជការ​ឡើង​បាន ២០% ទៀតហើយ​។​

​សម្តេច​តា​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ក៏​កំពុង​រៀបចំ​អំពី​ដែល​គេ​ហៅថា "​គោលនយោបាយ​ស្តីអំពី​បៀវត្ស​សម្រាប់​អាណត្តិ​២០១៣ ដល់ ២០១៨"​។​

​សូមបញ្ជាក់ថា លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ ទិវា​គ្រូបង្រៀន​ពិភពលោក​បានធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​នាំ​គ្នាំ​ធ្វើការ​ទាមទារ​ទៅ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា តម្លើង​ប្រាក់បៀវត្ស​ដល់​គ្រូបង្រៀន​ឲ្យ​ទទួលបាន​ប្រាក់​ទាប​បំផុត​នូវ​ប្រាក់ខែ​ចំនួន ១ លាន​រៀល​ក្នុង​១​ខែ​។ ចំពោះ​ការ​ទាមទារ​នៅ​ដែរ​គណបក្សប្រឆាំង ក៏បាន​ធ្វើការ​ទាមទារ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​មានការ​តម្លើង​ប្រាក់ខែ មន្ត្រីរាជការ​បាន ១ លាន​រៀល​ផងដែរ​៕​