Saturday, October 13, 2012

យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​​ធ្វើ​ដំណើរ​និវត្ត​ន៍​ពី​ខេត្ត​កែប​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

កែប ៖ នៅ​ព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២នេះ ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប នឹង​ត្រូវ​សំរាក​មួយ​រយៈ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន បន្ទាប់ពី​គេ​បាន​បំពេញ​បេសកកម្ម​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​នោះ។
ក្នុង​ពេល​ជូន​ដំណើរ​ឡើង​រថយន្ត​នា​ឱកាស​នោះ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសា​ស​ន៍​ផ្តាំផ្ញើ​​និង​កោតសរសើរ ព្រមទាំង​ថ្លែងអំណរគុណ​របស់​វីរ​ភាព​ដ៏​ឧត្តុង្គឧត្តម​របស់​ក្មួយៗ​យុវជន​ទាំង២ក្រុម​គឺ​ក្រុមទី៩៥និង៩៦ដែលមាន​ចំនួន៣២នាក់​ហើយ​បាន​លះបង់​ពេលវេលា​សិក្សា ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ បងប្អូន ញាតិសន្តាន​ ពិសេស​ឪពុក ម្តាយ​ជាទី​ស្រឡាញ់ ដើម្បី​មក​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អនុវត្ត​ន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថី្ម ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​ទឹកដី​ខេត្ត​កែប ដែល​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ។
ទន្ទឹម​នេះ​ដែរ លោក​ក៏​សូម​ឲ្យ​ក្មួយៗ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់
តាម​បទបញ្ជា​លេខ០១ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​កុំ​ទោ​ទន់ ឬ​លំអៀង​ទៅ​តាម​មហិច្ឆតា លោភលន់​ហួសប្រមាណ របស់​បុគ្គល​មួយ​ក្តាប់​តូច ដែល​បាន​វាតទី​យក​ដីព្រៃ​​ភ្នំ​​នោះ​។
ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប ក៏បាន​ជូន​ថវិកា​ដល់​យុវជន​ស្ម័គ្រចិត្ត​ទាំង២ក្រុម​ដែល​មាន​ចំនួន៣២នាក់ នូវ​ថវិកា​ម្នាក់ៗ​ចំនួន​១០០.០០០រៀល(ដប់​ម៉ឺន​រៀល)​សំរាប់​ជា​សោហ៊ុយ​ធ្វើដំណើរ​ទៅកាន់​លំនៅដ្ឋាន នា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ តាម​ទំនៀម​ទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា​ដ៏​រុងរឿង៕