Saturday, October 13, 2012

សម្តេច​តេ​ជោ​ដក​ឋានៈ​ទាំងអស់​របស់​ឧត្តម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ​ដែល​បំពាន​អំណាច

កំពង់ចាម ៖ ​សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​​ប្រកាស​កាលពី​​​ព្រឹក​ថ្ងៃទី​ ១៣ តុលា ថា លោក​បាន​ដាក់​លិខិត​ទៅកាន់​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី ១២ តុលា ដើម្បី​ដក​តំណែង​មន្ត្រី​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅលើ​បញ្ហា​ដីធ្លី ដែល​បាន និង​កំពុងតែ​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ក្រោម​នយោបាយ​ចាស់​សកម្មភាព​ថ្មី​នោះ។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ ស្រុក​ស្ទឹងត្រង់ ខេត្ត​​កំពង់ចាម​ថា ខ្ញុំ​ត្រូវតែ​ប្រកាស​ចេញពី​ខេត្ត​កំពង់ចាម  បើ​មិន​ប្រកាស​ទេវា​នឹង​មាន​គ្រោះថ្នាក់ បើ​វា​កើតមានឡើង​នូវ​រឿងរ៉ាវ​ដូច​គ្នា​នេះ​​នៅ​ពេល​ក្រោយ ហើយក៏​សូម​​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​មន្ត្រីរាជការ​កុំ​ធ្វើអំពើ​ខុស​ច្បាស់។ សម្តេច​តេជោ​​ថ្លែង​ថា ខ្ញុំ​សូម​ជំរាប​ថា កាលពី​ម្សិល​មិ​ញ (១២.១០.២០១២) ខ្ញុំ​បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ដក​តំណែង​ទាំងអស់​របស់​ឧត្តម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ព្រមទាំង​បណ្តេញ​ចេញពី​នគរបាល​​ជាតិ​ផង​ដែរ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា បើ​ទោះ​បីជា​ព្រះមហាក្សត្រ​មិនទាន់​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជក្រឹត្យ​ដក​តំណែង ក៏​យើង​មាន​សិទ្ធិ​ចាប់ខ្លួន​ដែរ ព្រោះ​រឿង​នេះ​មិន​តូចតាច​នោះ​ទេ។
សម្តេច​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​សុំ​ផ្តាំ​ទៅ​ទូទាំង​ប្រទេស​មិន​ថា​អ្នកណា​ទេ ការវាស់វែង​ដីធ្លី លើក​នេះ​ត្រូវ​មាន​នីតិវិធី​ច្បាស់លាស់​អត់​មាន​អ្នកណា​មក​តម្រូវ​បានទេ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ដើម​បណ្តឹង​គឺ​ចេញពី​រដ្ឋ ដែល​បាន​ប្តឹង​លោក​ផ្កាយ ៣ ដែល​ថ្លើមពាសមេឃ។ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា កុំថាឡើយ​លោក​ឯង​ពាក់​ផ្កាយ ទោះជា​ពាក់​លោក​ខែ​ក៏​ត្រូវតែ​ចាប់​ដែរ ហើយ​នគរបាល​ត្រូវ​ដាក់​ការ​តាម​ដាន​បើ​វា​ហ៊ាន​រត់​ចាប់​ភ្លាម។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​​ថា ជំហាន​ដំបូង រាជរដ្ឋាភិបាល​ប្រកាន់យក​វិធានការ​រដ្ឋបាល​ដក​សក្តិ​ចោល​ទាំងអស់ បន្ទាប់​ទៅ​ប្រគល់​ឲ្យ ឯកឧត្តម អ៊ឹម ឈុនលឹម ដំណើរការ​ផ្នែក​ច្បាប់​ទៅ​តុលាការ​ទៀត។ តាម​ការ​ស៊ើបអង្កេត​ឲ្យ​ដឹង​ថា ឌឿ​ន សុវណ្ណ ជំនា​ញ​រកស៊ី​ខាង​គួក​ជេរ​ដី ហើយ​មិន​ដឹង​ថា​​តើ​គេ​ធ្លាប់​ធ្វើ​លិខិត​ធុន​នេះ​ប៉ុន្មាន​ហើយ​ទៅ​តំបន់​មួយ​ចំនួន​នោះ។
ដោយ​បាន​អាន​លិខិត​របស់ ឈ្មោះ ឌឿ​ន សុវណ្ណ ទាំងស្រុង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី នោះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា លិខិត​នោះ​បាន​គំរាមកំហែង ២ តង់​គឺ​ទី ១ «បើ​សិន​មិន​ធ្វើ​ឲ្យ​ទេ​ប្តឹង​​តែម្តង ហើយ​ទី(២)ដើម្បី​ចៀសវាង​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​រវាង​គ្រួសារ​ខ្ញុំ​ជា មួយ​ប្រជាពលរដ្ឋ​ទាំង ៩ គ្រួសារ​នោះ ខ្ញុំបាទ​សុំ​លោក​ប្រធាន​មេត្តា​ជួយ​សំរួល​ដោះស្រាយ​ករណី​ខាង​លើ​នេះ»
ដោយ​ប្រៀបធៀប​ទៅ​នឹង​រឿង​តុលាការ​មុខ​ដែក ដែល​ជា​ខ្សែភាពយន្ត​ភាគ​ចិន​ដ៏​ពេញ​និយម នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា  នៅ​ក្នុង​សម័យកាល​នោះ​ករណី​របស់ ឌឿ​ន សុវណ្ណ ត្រូវ​ចាត់ទុកថា​បាន​ក្លែងបន្លំ​ព្រះរាជសារ ដែល​រាស្ត្រ​នឹង​ត្រូវ​កាត់​​ទោស​ដោយ​កាំបិត​ក្បាល​ឆ្កែ មន្ត្រី ត្រូវ​កាត់ទោស​ដោយ​កាំបិត​ក្បាល​ខ្លា ហើយ​រាជវង្ស​ត្រូវ​កាត់ទោស​ដោយ​កាំបិត​ក្បាល​នាគ។ យោង​តាម​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ករណី ឌឿ​ន សុវណ្ណ ត្រូវ​ដក​តំណែង​រួចហើយ​ត្រូវ​កាត់ទោស​ដោយ​កាំបិត​ក្បាល​ខ្លា។
សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា លោក​បាន​ចារ​ចំណារ​ក្រហម​ទៅលើ​លិខិត​របស់ ឌឿ​ន សុវណ្ណ ដែល​មាន​ចរិត​ជា​ការ​ចាប់​បង្ខំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រើប្រាស់​វីរៈ​យុវ​និស្សិត​ស្ម័គ្រ​ចិត្ត ទៅ​វាស់​វែង​ដី​របស់​ខ្លួន ដែល​នៅ​លើ​ផែនទី​បង្ហាញ​ថា ស្ថិត​នៅ​ក្នុង​តំបន់​ស​ក្នុងស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ជាប់​ជាមួយ​ព្រំដែន​កម្ពុជា ថៃ ហើយ​សង្ស័យ​ជា​តំបន់​ដែល​មាន​គ្រាប់មីន​ទៀត​ផង។ សម្តេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​បាន​ផ្តាំផ្ញើ​ដាច់ខាត​ថា មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ដែល​សង្ស័យ​ថា​មាន​គ្រាប់មីន​នោះ​ទេ។
ចំពោះ​នីតិ​វិធី​​សម្រាប់​ការវាស់វែង​ត្រូវ​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ ចាប់​ផ្តើម​បំពេញ​សាលា​ក​ប័ត្រ​ដំណើរ​ការ​នីតិវិធី​រហូតដល់​ការប្រកាស​ផ្សាយ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ហេតុអ្វី​បានជា ឧត្តម​សេនីយ៍​ឯក​ម្នាក់​នេះ​បែរជា​មាន​សិទ្ធិ​មក​បញ្ជា​ឲ្យ​និស្សិត​ទៅ​វាស់វែង​ដី​​របស់​ខ្លួន​ទៅវិញ។ សម្តេច​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា សូម្បីតែ​លោក​ក៏​អត់​មាន​សិទ្ធិ​បញ្ជា​ទៅលើ​និស្សិត​ក្នុង​ករណី​ដែល​លោក រាន​ដី​នៅ​កន្លែង​ណាមួយ​ក្នុង​តំបន់​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ​ដែរ​។ ខ្ញុំ​អត់​មាន​សិទ្ធិ​នឹង​បញ្ជា​និស្សិត​ទៅ​វាស់​វែង​ដី​ឲ្យ​ខ្ញុំ​ទេ ត្រូវ​ធ្វើតាម​សម្រួល​ដូច​គេ ដូច​ឯង ហើយ​កាន់តែ​គ្មាន​សិទ្ធិ​ទៅទៀត បើ​តំបន់​នោះ​មិនមែន ជា​តំបន់​ដែល​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ​នោះ ។
ពាក់ព័ន្ធ​ជាមួយ​ការចោទប្រកាន់​របស់​ក្រុម​ប្រឆាំង​​ដែល​ថា នាយករដ្ឋមន្ត្រី​ជា​អ្នកជំទាស់​ការ តម្លើង​ប្រាក់ខែ​នោះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​មិនបាន​ជំទាស់​នឹង​ការ​តម្លើង ប្រាក់ខែ​ទេ ប៉ុន្តែ​ខ្ញុំ​ជំទាស់​ការ​តម្លើង​ប្រាក់ខែ​ដូច​ពួក​លោក ដែល​ឡើង​ប្រៀប​បាន​នឹង​ឧទ្ធម្ភាគចក្រ។ សម្តេច​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​មាន​របៀប​ឡើង​របស់​ខ្លួន ហើយ​ចាប់​តាំង​ពី ២០០៨ បាន​តម្លើង ២០% ជា​រៀងរាល់​ឆ្នាំ ជាពិសេស គណបក្ស​ប្រជាជន​កម្ពុជា​បាន និង​កំពុងតែ រៀបចំ​គោលនយោបាយ​សំរាប់​បៀវត្ស ២០១៣-២០១៨ ទៀត​ផង។
សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថា ទឹកដី​ស្ទឹងត្រង់​ដែល​ជា​ស្រុកកំណើត​របស់​លោក នោះ​មាន​នាយករដ្ឋមន្ត្រី​ចំនួន ៣ រូប​មក​ហើយ ដែល​ទី ១ គឺ​លោក ហង្ស ធុន​ហាក់ ទី២ លោក អ៊ិន តាំ និង​ទី៣ គឺ​សម្តេច​​តេ​ជោ ហ៊ុន សែន​នេះឯង។ សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា អតីត នាយករដ្ឋមន្ត្រី​ទាំង ២ នាក់​នោះ​ម្នាក់​ត្រូវ​បាន​ពួក ប៉ុល ពត សម្លាប់ និង​ម្នាក់ទៀត​បាន​ស្លាប់​នៅ​សហ រដ្ឋ​អាមេរិក ប៉ុន្តែ​គឺ ២ នាក់​នោះ​ហើយ​ជា​អ្នក​បញ្ឆេះ​សង្គ្រាម​នៅ​កម្ពុជា ហើយ​គាំទ្រ​រដ្ឋប្រហារ​ទំលាក់ សម្តេច​ព្រះ​នរោត្តម សីហនុ ឯ​ចំណែក​រូបលោក​ជា​អ្នក​ដង្ហែ​​តាម​ការ​អំពាវនាវ​របស់​​សម្តេច​ព្រះ នរោត្តម សីហនុ ដើម្បី​តស៊ូ​ប្រឆាំង​ការឈ្លានពាន​របស់​ប្រទេស ដែល​ជា​​ការ​ផ្ទុយ​គ្នា​ស្រឡះ។
នៅ​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១០៥៧ គ្រួសារ​ស្មើនឹង ១២៩៧ ប័ណ្ណ​ក្បាលដី​មាន​ផ្ទៃដី​ទំហំ​ជាង ១៩៧ ហិកតា រស់នៅ​ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម សម្តេច​​តេ​ជោ​បាន​សុំទោស​ពី​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទីនោះ​អំពី​ភាព​ខ្វះ​ចន្លោះ ដែល​បាន​បង្កើត​ឡើង នូវ​ការ​ភ័យ​ព្រួយ​របស់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា លោក​មិន​នឹក​ស្មាន​ថា រឿង​នេះ​​បាន​កើត​ឡើង​រហូត​អាច​ថា ផ្នូរ​ខ្មោច​របស់​ដូនតា​ឬក៏​សាច់ញាតិ របស់​លោក​​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ដេញថ្លៃ​នោះ ហើយ​ខ្ញុំ​មិន​នឹក​ថា​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។
សម្តេច​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហា​នៅ​ត្រង់​ថា ខ្ញុំ​ជឿ​ទុក​ចិត្ត​សេនាធិការ​របស់ខ្ញុំ​ខ្លាំង​ជ្រុល ដែល​នោះ​នៅ​ត្រង់​ថា ​នេះ​គឺជា​លើក​ទី ៧ ហើយ​ដែល​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ចុះ​សំ​ណា​ល​សាកសួរ សុខទុក្ខ និង​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​រាជធានី​ខេត្ត​មួយ​ចំនួន​ក្នុង ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​លើក​ទី ១ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចែក​ជូន​​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៦០ គ្រួសារ​ស្មើនឹង ៨៩០ ប័ណ្ណ​រស់នៅ​ឃុំ ស្រែ​ចារ និង​ឃុំ ២ ធ្នូ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី ២១ កញ្ញា លើក​ទី ២ ចែក​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន ៥៩៤ គ្រួសារ​ស្មើនឹង​ប័ណ្ណ​កម្មសិទ្ធិ ៩៧២ ប័ណ្ណ​រស់នៅ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ថ្ងៃទី ៣០ កញ្ញា​ឆ្នាំ ២០១២  លើក​ទី ៣ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦៨៥ គ្រូ​សារ​ស្មើនឹង​ប័ណ្ណ​កម្ម​សិទ្ធិ​ចំនួន ១០៨៦ ប័ណ្ណ​រស់នៅ​ឃុំ​ព្រ​ងិល និង​ឃុំ​លាច​ស្រុក​ភ្នំក្រវាញ​ខេត្ត ពោធិ៍សាត់ ថ្ងៃទី ១ តុលា លើក​ទី ៤ ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥១០ ក្បាលដី​មាន​ផ្ទៃដី​ទំហំ​ជាង ៤៣៦ ហិកតា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ ២៩៨ គ្រូ​សារ​រស់នៅ​ឃុំ​ត្រស់ និង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ ថ្ងៃទី ៥ តុលា លើក​ទី ៥ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៤៤ គ្រូ​សារ​ប័ណ្ណ​ក្បាលដី ១១០៨ ក្បាលដី​ស្មើនឹង ២៨៨៦ ហិកតា​រស់នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្ងៃទី ៧ តុលា​ឆ្នាំ ២០១២ និង​លើក​ទី ៦ ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៣២ គ្រួសារ ដែល​មាន​​ប័ណ្ណ​ក្បាលដី​ចំនួន ១ ០៥៣ ក្បាលដី​មាន​ផ្ទៃដី ទំហំ ១ ៣៨០ ហិកតា កាលពី​ថ្ងៃទី ៧ ខែ​តុលា ​ឆ្នាំ ២០១២។
លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម​ឲ្យ​ដឹង​ថា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​កំណែ​ទំរង់​ដីធ្លី ជាពិសេស​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល និង​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន រដ្ឋបាល​ខេត្ត​​បាន​រៀបចំ​បង្កើត​គណៈ កម្ម​ការ​ចុះ​វាស់​វែង​​ដី ដើម្បី​ផ្តល់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​គោលដៅ​ដែល​បាន​កំណត់។ ជាក់ ស្តែង​តំបន់​ដែល​ត្រូវ​ប្រតិបត្តិការ​មាន៨ស្រុក​ស្មើនឹង​ផ្ទៃដី​ទំហំ ១៣៨៨១៣ ហិកតា​ពាក់​ព័ន្ធ​នឹង​ប្រជា ពលរដ្ឋ​ចំនួន ២៥៦៧៤ គ្រួសារ។ លោក​អភិបាលខេត្ត​មានប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​យើង​កំពុង​ដំណើរ កា​រលើ​គោលដៅ ៥ ស្រុក​គឺ​ស្រុក​អូ​រាំង​ឪ​ស្ទឹង​ត្រង់​តំបែរ​ត្បូងឃ្មុំ​និង​ស្រុក​មេមត់ ដែល​មាន​ក្រុមការងារ វាស់វែង​សរុប ១៨ ក្រុម​ស្មើនឹង ២២៨ នាក់​ក្នុង​នោះ​​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​​តេ​ជោ​មាន ៩ ក្រុម​ស្មើនឹង ១០៨ នាក់​មន្ត្រី​បច្ចេកទេស៩ក្រុម​ស្មើនឹង ៩០ នាក់​គ្រូពេទ្យ ១៦ នាក់ និង​អ្នកបើកបរ រថយន្ត ១៤ នាក់។ ឯកឧត្តម​​គណៈ​អភិបាលខេត្ត​បន្ត​ថា​លទ្ធផល​អនុវត្ត​គិត​ត្រឹម​ថ្ងៃទី ៩ តុលាការ​វាស់ វែង​នឹង​បំពេញ​ទំរង់​បែបបទ​ប្រមូល​ទិន្នន័យ​សំ​រេច​បាន​ចំនួន ១៥០៤០ ក្បាលដី​ស្មើនឹង ១២៧០៥ គ្រួសារ​ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ២៤៨០១ ហិកតា​ប្រៀបធៀប​និង​ផែនការ​រួម​ទាំង ៨ ស្រុក​គឺ​សំរេច​បាន ១៧,៨៦%។ ដោយឡែក​នៅ​ស្រុក​ស្ទឹងត្រង់​ផ្ទៃដី​ផែនការ​រួម​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទំហំ៣៧៨៥២ហិកតា​ស្មើនឹង ៦ ពាន់​គ្រួសារ​កំពុង​អនុវត្ត​នៅ​ឃុំ​អូរ​ម្លូរ​ ឃុំ​អារក្ស​ត្នោត ​ឃុំ​ទួល​សំបួរ និង​ឃុំ​ព្រែកកក់ ក្នុង​នោះ លទ្ធផល​វាស់វែង​និង​បំពេញបែបបទ​ប្រមូល​ទិន្នន័យ​សំរេច​បាន​ចំនួន ៤ ៤២៨ ក្បាលដី​មាន ៣៥៧៧ គ្រួសារ​លើ​ផ្ទៃដី​ទំហំ​ជាង ៨៥១២ ហិកតា​ស្មើនឹង ២២,៤៩% ប្រៀប​ធៀប​​ទៅ​និង​ផែន​ការ​រួម​ទូទាំងស្រុក៕
ស្នាយ​ពល