Monday, October 15, 2012

សារព័ត៌មាន​ពិភពលោក​ ផ្តោតទៅលើ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ

ភ្នំពេញ: ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ​ កាលពី​ម៉ោង ​១​ និង ​២០ ​នាទី ​ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ​មិន​ត្រឹមតែ​បានធ្វើអោយ​ប្រេះស្រាំ​ដល់​បេះដូង​ប្រជាជន​កម្ពុជា ​ដែល​គោរព​ និង​ស្រឡាញ់​ព្រះអង្គ​នោះទេ ប៉ុន្តែ​សារព័ត៌មាន​ពិភពលោក ​ក៏បាន​ចាត់ទុកថា ​នេះ​ជា​ដំណឹង​ដ៏​សំខាន់បំផុត​មួយ ​ហើយ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។​

​ទាំង​នៅ​ប្រទេស​ចិន វៀតណាម ជប៉ុន បារាំង​ អង់គ្លេ​ស  និង​អាមេរិក ​ជាដើម សារព័ត៌មាន​​ល្បីៗ​ និង​ធំៗ​ បានធ្វើ​ការផ្សាយ​ព័ត៌មាន​អំពី​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ​ នរោត្តម សីហនុ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ធំៗ​ ដូចជា ​ស៊ីន​ហួរ​របស់​ចិន អា​អេ​ហ្វ​ប៉េ​របស់​បារាំង អាសូ​សី​អេ​ធី​ត របស់​អាមេរិក ក្យូ​ដូ​របស់​ជប៉ុន និង​សារព័ត៌មាន ប៊ី​ប៊ី​ស៊ី របស់​អង់គ្លេស​ សុទ្ធតែ បាន​ប្រណាំង​​គ្នា​ធ្វើសេចក្តីរាយការណ៍​ព័ត៌មាន អំពី​ការ​សោយ​ទិវ​ង្គ​ត របស់​សម្តេចឪ ដែល​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល ទូទាំង​ពិភពលោក​។​

​សារព័ត៌មាន​ទាំងនោះ​ បានធ្វើ​ការផ្សាយនៅ​លើទំព័រមុខ​របស់​ពួកគេ​ផងដែរ​។ សេចក្តី​រាយការណ៍​ កើតមាន​ចាប់ពី​ការ​ផ្តល់ដំណឹង​អំពី​ការចូលទិវង្គត ការនិយាយ​អំពី​ប្រវត្តិ​របស់​ព្រះអង្គ ​និង​ឈានដល់​ការវិភាគ​ទៅលើ​ភាព​ពាក់ព័ន្ធ​នៃ​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​អាច​កើតមាន​ពី​ការ​សោយ​ទិវ​ង្គ​តរបស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ របស់កម្ពុជា។

ចំណែកប្រព័ន្ធផ្សព្វផ្សាយជាតិ ពិសេសទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ បានចាក់ផ្សាយ​នូវឯកសារវិដេអូ អមដោយបទភ្លៀង ដោយ​បង្ហាញ​ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យឧស្សាហកម្ម ក្នុងសម័យ​សង្គមរាស្ត្រ​និយម ពិសេសលើការផលិតស៊ីម៉ង់ត៍ និងរោងចក្រកែច្នៃ ជ័រកៅស៊ូ ជាដើម៕