Monday, October 15, 2012

បរិយាយ​៖ ជនកម្ពុជា​គ្រប់រូប​សូម​ថ្វាយបង្គំ​លា​សម្តេចឪ​ដោយ​សោកសៅ​បំផុត

ភ្នំពេញ: ​ការ​សោយ​ទីវ​ង្គ​ត់របស់​សម្តេចឪ​នៅក្នុង​ព្រះជន្ម​៩០​ព្រះវស្សា​ជា​ដំណឹង​យ៉ាង​ក្រៀមក្រំ​បំផុត​សម្រាប់ ប្រជាជន​កម្ពុជា​នៅក្នុង​ប្រវត្តិសាស្ត្រ​កន្លះ​សតវត្សរ៍​មកនេះ​។​ ជា​អតីតព្រះមហាក្សត្រ​ដែល​ធ្វើអោយ​ប្រទេស កម្ពុជា​មានការ​រីកចម្រើន​នៅក្នុង​សង្គមរាស្ត្រនិយម ជា​បិតា​ឯករាជ្យ សម្តេចឪ​បានទទួល​ការគោរព​បំផុត​ពី​ប្រជារាស្ត្រ​កម្ពុ​ជាជាង​១៤​លាន​នាក់​។​

​ភ្លាមៗ​បន្ទាប់ពី​ដំណឹង​នៃ​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះអង្គ​បាន​ផ្សព្វផ្សាយ​ចេញពី​ក្រុង​ប៉េកាំង​តាំងពីព្រឹកព្រលឹម​នោះ ប្រជាជន​កម្ពុជា​បាននាំគ្នា​បញ្ចេញ​ទឹកចិត្ត​ស្រឡាញ់ សោកស្តាយ និង​ក្រៀមក្រំ​ក្នុង​បេះដូង​យ៉ាង​លឿន​បំផុត​តាម​សារព័ត៌មាន​សង្គម​ដូចជា​Facebook​ជាដើម​។ នេះ​ដោយសារតែ​ការ​រ​ន្ធត់​ចិត្តខ្លាំង​ដោយសារតែ​កម្ពុជា​បាត់បង់​ព្រះ​វរ​ក្សត្រ​និង​បិតា​ឯករាជ្យ​ជាតិ​។​

​ព្រះមហាក្សត្រ​និង​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​យាង​និង​ចាក​ចេញទៅ​ទទួល​ព្រះរាជ​សព​សម្តេចឪ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ខណៈ​គណរដ្ឋមន្ត្រី​បានប្រកាស​អំពី​ការរៀបចំ​រាជពិធី​បុណ្យ​ព្រះរាជ​សព​។ ចំណែក​ទង់ជាតិ​ប្រទេស​កម្ពុជា​ក៏បាន​បង្ហូត​ពាក់កណ្តាល​ដង​ភ្លាមៗ​ដើម្បី​ជាការ​កាន់ទុក្ខ​។ ​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា​សុ​ទ្ធ​តែ​ខ្វល់ខ្វាយ​និង​ឈឺចាប់​បំផុត​ដោយសារតែ​ការបាត់បង់​គ្មាន​វិល​វិញ​នូវ​ក្សត្រ​មួយអង្គ​ដែល​ពួកគេ​តែងតែ​គោរព​និង​ស្រឡាញ់​បំផុត​។​

​សម្តេចឪ​បានទទួល​ការគោរព​ខ្លាំង​ដោយសារតែ​សម័យ​សង្គមរាស្ត្រនិយម ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរអោយកត់សម្គាល់​ហើយ​ព្រះអង្គ​បាន​ដណ្តើម​ឯករាជ្យភាព​ពី​ប្រទេស​បារាំង​។ បន្ថែម​លើ​នេះ ព្រះមហាវរក្សត្រ​របស់​យើង​និង​សម្តេច​ ហ៊ុន សែន​បានរួម​គ្នា​កសាង​សន្តិភាព​ដែល​នាំមក​នូវ​ភាព​រីកចម្រើន​និង​ការអភិវឌ្ឍ​ប្រទេស​ដូច​សព្វថ្ងៃ​។ គុណបំណាច់​របស់​ព្រះអង្គ​និង​សម្តេច ហ៊ុន សែន ក្នុង​ការកសាង​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​ពីរ​នេះ​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយ​យើងទាំងអស់គ្នា​មាន​អារម្មណ៍​ជំពាក់​គុណ​របស់​ព្រះអង្គ​ក៏ដូចជា​សម្តេច​ហ៊ុន សែន ​ផងដែរ​។​

​យើង​គិត​ថាបើ​គ្មាន​ការខិតខំ​អស់ពី​កម្លាំង​កាយពល​និង​ព្រះរាជ​បញ្ញាញាណ​របស់​ស​ម្តេច​ឪ ​និង​សម្តេច ហ៊ុន សែន នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ទេ កម្ពុជា​នឹងមិន​អាចមាន​សន្តិភាព​ព្រមទាំង​ការរីកចម្រើន​ដល់​សព្វថ្ងៃ​ឡើយ​។​

​ទោះបីជា​ព្រះអង្គ​បាន​លាចាក​យើងទាំងអស់គ្នា​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ក្តី ប៉ុន្តែ​ព្រះរាជ​កិត្តិនាម​របស់​ព្រះអង្គ​និង​ស្នាដៃ​របស់​ព្រះអង្គ​ដែល​បានសម្រេច​ជូន​ជាតិ​នៅតែ​ក្រអូប​និង​ដិត​ជាប់​បេះដូង​យើងទាំងអស់គ្នា​។ ព្រះអង្គ​នឹងត្រូវ​បាន​ចងចាំ​ថា​ជា​ព្រះមហាវរក្សត្រ​និង​បិតា​ឯករាជ្យ​ដែល​បាន​កម្ពុជា​បាន ទទួល​ពី​បារាំង​នៅក្នុង​ឆ្នាំ​១៩៥៣​។​

​យើងទាំងអស់គ្នា​នៅតែ​ចងចាំ​នូវ​អ្វីៗ​ដែល​ព្រះអង្គ​បាន​កសាង​ចំពោះ​ជាតិ​។​ ព្រះរាជ​កិត្តិនាម​របស់​ព្រះអង្គ នឹងត្រូវ​បាន​ចារិក​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ហើយ​ជនកម្ពុជា​គ្រប់​ជំនាន់​នឹង​នៅតែ​សម្តែង​ការគោរព​ចំពោះ​ព្រះអង្គ​។​

​សូម​ព្រះមហាវរក្សត្រ​យាង​ទៅកាន់​សុខគ​តិភព​ជា​រៀងរហូត​៕​