Monday, October 15, 2012

រម្លឹក​ពី​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ឪ ចំពោះ​ព្រះរាជ​សព​របស់​ព្រះអង្គ​

ភ្នំពេញ: ​កាលពីដើមឆ្នាំ​នេះ អតីតព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ព្រះរាជ​សំណេរ នៅក្នុង​ព្រះរាជសារ ដើម្បី​ផ្តាំផ្ញើ​អោយ​រៀបចំ​ព្រះរាជ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​សោយ​ទិវង្គត​។ ព្រះរាជ​បណ្តាំ​នេះ ត្រូវបាន​ព្រះអង្គ​សរសេរ​ជា​ភាសា​បារាំង ហើយ​ព្រះរាជ​ខុទ្ទកាល័យ​របស់​ព្រះអង្គ បាន​ផ្ញើមក​អ្នកកាសែត កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១២​។​

​ព្រះរាជសារ​នោះ មាន ៣ ចំណុច ដែល​សម្តេចឪ នរោត្តម សីហនុ មាន​ព្រះរាជ​សំណេរ​ខ្លីៗ​។ ទី​១ គឺ​ព្រះអង្គ​បញ្ជាក់​ពី​ការលុបចោល​ព្រះរាជ​បណ្តាំ​មុនៗ ដែល​ព្រះអង្គ​ធ្លាប់​ប្រកាសថា មិន​អោយ​គេ​បូជាព្រះសព​របស់​ព្រះអង្គ​។ ទី​២ នៅពេលដែល​ព្រះអង្គ សោយ​ទិវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ នៅលើ​វាល​មេន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ និង​ទី​៣ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បូជាព្រះសព ព្រះអង្គ​បាន​ផ្តាំផ្ញើ​ថា អដ្ឋិធាតុ​របស់​ព្រះអង្គ នឹង​ត្រូវ​លាង​សំអាត ហើយ​ដាក់​នៅក្នុង​កោដ្ឋមួយ ជា​កោដ្ឋធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ្ឋ​ធម្មតា​ក៏​បាន​។​

​ព្រះរាជសារ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ កាលណោះ បាន​បន្តថា កោដ្ឋ​នោះ ត្រូវ​យក​ទៅ​តំកល់​នៅក្នុងចេ​តិយគ​ន្ធ​បុប្ជា នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរមរាជវាំង​។​

​សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​បញ្ជាក់​ក្នុង​ព្រះរាជសារ​ដដែល​ថា នៅពេល​ដែល​សម្តេចម៉ែ សោយ​ទិវង្គត ព្រះអង្គ​ក៏​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូច​ករណី​របស់​ព្រះអង្គ​ដែរ​។​
 
​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន បាន​រៀបចំ​ព្រះរាជ​ពិធី​ដ៏​វិសេសវិសាល ថ្វាយ​សម្តេច​ឪ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១១ នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​ពិធី​រម្លឹក​ខួប ២០ ឆ្នាំ នៃ​ការយាង​មាតុភូមិ​និវត្ត​មក​កម្ពុជា និង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់ ៨៩ យាង​ចូល ៩០ ព្រះវស្សា​៕​